រាជធានីភ្នំពេញ ៖ ម្ចាស់ផលិតកម្មKH លោក គីម ហេង ជាថ្មីម្តងទៀតទាមទារឱ្យតារាចម្រៀងលោកសូណូ ទូទាត់សងប្រាក់ដែលជំពាក់ក្រុមហ៊ុនចំនួន២.០០០ដុល្លារទៅតាមការបង្គាប់របស់តុលាការកាលពីលោកស្ថិតនៅក្នុងក្រុមហ៊ុនKH ។ ពាក្យបណ្តឹងនេះកើតមានជាយូរមកហើយចាប់តាំងពីតារាចម្រៀងលោកសូណូ នៅផលិតកម្មKH ដោយម្ចាស់ផលិតកម្មប្តឹងថាលោកពាក់ព័ន្ធការរំលោភកិច្ចសន្យា ដែលតម្រូវឱ្យបង់ប្រាក់សងជំងឺចិត្តចំនួន២.០០០ដុល្លារ ។
យោងតាមប្រភពនៅតុលាការឱ្យដឹងថា លិខិតរបស់លោក គីម ហេង ចាងហ្វាងផលិតកម្មKH បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១២ តាមរយៈមេធាវីលោក នាង ហៃ ដោយស្នើឱ្យតុលាការអនុវត្តសាលក្រមឡើងវិញលើរឿងតារាចម្រៀងលោកសូណូ ជំពាក់ប្រាក់២.០០០ដុល្លារ ។
ថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទ កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០១២ លោក គីម ហេង អះអាងថា តាមពិតរឿងនេះបានកើតឡើងនៅឆ្នាំ២០០៩ ដែលគិតរហូតមកដល់ពេលនេះជាង៣ឆ្នាំហើយ ដោយតុលាការបានកាត់ឱ្យរូបលោកឈ្នះក្តី និងបានចេញដីកាបង្គាប់ឱ្យលោក សូណូ បង់ប្រាក់សំណងចំនួន២.០០០ដុល្លារ ។ រហូតមកដល់បច្ចុប្បន្ននេះលោកមិនដែលបានទទួលប្រាក់មួយរៀលពីលោក សូណូ ឡើយ ហើយលោកចេះតែអូសបន្លាយពេលរហូតមកដល់ពេលនេះដោយសារយល់ថា កន្លងមកលោកសូណូ មិនបានច្រៀងក្នុងផលិតកម្មណាមួយឱ្យពិតប្រាកដនៅឡើយ ហើយម្យ៉ាងទៀតជីវភាពរបស់លោកហាក់មិនទាន់រឹងមាំ ។
ប្រភពដដែលបន្តថា ពេលនេះលោកដាក់លិខិតសុំឱ្យតុលាការអនុវត្តសាលក្រមសាជាថ្មីបន្ទាប់ពីលោកឃើញលោកសូណូ ចូលច្រៀងក្នុងផលិតកម្មហង្សមាសដែលល្បី ហេតុនេះលោកយល់ថា លោកសូណូអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់មកលោក ។
លោក គីម ហេង និយាយថា«កាលពីមុនខ្ញុំមិនថាទេ ព្រោះយល់ ថាលោកសូណូ រកប្រាក់មិនបានច្រើន និងខ្វះខាតគ្រប់បែបយ៉ាង តែពេលនេះគេបានចូលច្រៀងឱ្យផលិតកម្មធំក្នុងប្រទេសកម្ពុជា ហើយរកលុយបានច្រើន ហេតុនេះដល់ពេលដែលសូណូ ត្រូវទូទាត់ថ្លៃជំពាក់នេះហើយ ។ខ្ញុំគិតថា ប្រាក់់ប៉ុណឹ្ណងវាមិនច្រើនទេ បើសិនជាសូណូចង់សងនោះគឺគ្រាន់តែមួយថ្ងៃគាត់សន្សំតែ១០ដុល្លាររហូតមកដល់ថ្ងៃនេះប្រហែលជាអាចសងរួចបាត់ទៅហើយ មិនចាំបាច់មានរឿងវែងឆ្ងាយទេ»។
ម្ចាស់ផលិតកម្មKHទាមទារឱ្យលោកសូណូ ប្រញាប់ដោះស្រាយបញ្ហានេះជាបន្ទាន់ ។ លោកនិយាយមឺុងម៉ាត់ថា«សូមកុំមើលស្រាលលើពាក្យបណ្តឹងនេះឱ្យសោះ ព្រោះមានសាលក្រមបង្គាប់របស់តុលាការ ហើយសូមកុំគិតថា ក្រុមហ៊ុនKH បញ្ចប់រឿងត្រឹមនេះ គឺនៅតែបន្តធ្វើរហូត» ។ ទាក់ទិននឹងការប្តឹងប្តល់គ្នារវាងម្ចាស់ផលិតកម្មនិងតារាចម្រៀងដូចជាករណីរបស់លោក គីម ហេង និងលោកសូណូ នេះមិនមែនជាករណីទីមួយទេ គឺកន្លងមកក៏ធ្លាប់កើតមាននៅផលិតកម្ម និងតារាចម្រៀងផ្សេងដែរ ។
លោក គីម ហេង បញ្ជាក់ថា បច្ចុប្បន្នរឿងក្តីនេះលោកបានប្រគល់ឱ្យមេធាវីរបស់លោកជាអ្នកដោះស្រាយ ព្រោះលោកមិនមានពេលដោះស្រាយរឿងនេះទេ ដោយលោកជាប់រវល់ខ្លាំងក្នុងការពង្រឹងផលិតកម្មរបស់លោកឡើងវិញ ។ ទាក់ទងបញ្ហានេះកោះសន្តិភាពមិនហា៊នសន្និដ្ឋានថា ត្រឹមត្រូវក្នុងកំរិតណាឡើយព្រោះគ្រាន់តែជាការចោទប្រកាន់របស់លោកគីម ហេង ម្ខាងប៉ុណ្ណោះ ។ កោះសន្តិភាពព្យាយាមទាក់ទងសុំការបកស្រាយពីតារាចម្រៀងសូណូដែរ តែមិនបានសម្រេចទេដោយសារទូរស័ព្ទទៅលោកតែលោកមិនលើក ៕



ចែករំលែកព័តមាននេះ