ក្នុងរយៈពេល៤ខែកន្លងមកនេះគិតត្រឹមខែកក្កដា តម្លៃទំនិញប្រើប្រាស់របស់ឥណ្ឌាកើនឡើងក្នុងល្បឿនមួយយឺតបំផុតដោយសារតែតម្លៃថាមពលឡើងថ្លៃ ។ សន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់គឺកើន៩,៨៦%ចាប់ពីដើមឆ្នាំមក ។ ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់មិនឱ្យផ្លាស់ប្តូរកាលពីខែមុនដើម្បីទប់ស្កាត់ហានិភ័យអតិផរណាដូចជា ពន្ធលើថាមពល ការធ្លាក់ចុះប្រាក់រូពី និងផលប៉ះពាល់ដោយសារកង្វះខាតទឹកភ្លៀងរដូវវស្សាសម្រាប់ស្រោចស្រពដំណាំជាដើម ។
អាជ្ញាធររូបិយវត្ថុបានប្រឈមមុខនឹងទ្វេគ្រោះនយោបាយចាប់តាំងពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិត១ទសវត្សកន្លងមកនេះ សូម្បីតែសម្ពាធតម្លៃក៏នៅតែមានលក្ខណៈប្រកួតប្រជែង ។ លោកស៊ូចាន់ ហាជ្ជរា សេដ្ឋវិទូជាន់ខ្ពស់ម្នាក់ប្រចាំក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Anand Rathi និយាយថា បើទោះបីជាអតិផរណានៅថេរក៏ដោយ ក៏វាជិតដល់១០% ដែរ ហើយនោះជាតួលេខខ្ពស់ខុសពីអ្វីដែលធនាគារកណ្តាលបានព្យាករ ។ ប្រាក់រូពីដែលបានធ្លាក់ថ្លៃ១៨%បើធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន ពោលគឺ១ដុល្លារស្មើនឹង៥៥,៥៩៥រូពី ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន BSE India Sensitive កើន០,៤% ។
តម្លៃប្រេងឥន្ធនៈកើន៧,៣៦%កាលពីខែមុន ហើយបើតាមរបាយការណ៍បច្ចុប្បន្នបង្ហាញថា បើប្រៀបធៀបនឹងបណ្តាខែមុនតម្លៃម្អូបអាហារ និងភេសជ្ជៈកើន១១,៥៣% ខណៈដែលសម្លៀកបំពាក់ ប្រដាប់ប្រដាលើគ្រែនិងគ្រឿងអលង្ការសម្រាប់ពាក់នឹងជើងកើន១១,០២% ៕
ចែករំលែកព័តមាននេះ