រាជធានីភ្នំពេញ ៖ អ្នកវិនិយោគសេដ្ឋកិច្ចវ័យក្មេងលោកគួយ វ៉ាត អគ្គនាយកក្រុមហ៊ុន V Trust និង Park Café ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យវិនិយោគអចលនវត្ថុ និងអាហារដ្ឋាន មានប្រសាសន៍ថា ក្រៅពីការជួបជុំគ្នាដើម្បីភាក្សាការងារជាបណ្តាញអ្នកវិនិយោគរៀងរាល់១ខែម្តង ឃើញថាសុខភាពហិរញ្ញវត្ថុមានសារសំខាន់ តែសុខភាពរបស់អ្នកវិនិយោគកាន់តែសំខាន់ និងមានតម្លៃ ហើយក្រុមអ្នកវិនិយោគវ័យក្មេងមួយចំនួនធំមានការចាប់អារម្មណ៍លើការចូលរួមហ្វឹកហាត់ក្បាច់គុន និងកីឡានានាជាមួយម៉ាស៊ីនទំនើបដើម្បីធានាបានសុវត្ថិភាពផ្នែកសុខភាពរាងកាយ ជាជាងគិតតែពីការស្វែងរកចំណូល ការសន្សំថវិកា និងហិរញ្ញវត្ថុដើម្បីជំរុញការវិនិយោគរបស់ខ្លួនទទួលបានជោគជ័យតាមបំណងប្រាថ្នា ។
លោកអឹុង វឌ្ឍនៈ អ្នកគ្រប់គ្រងក្លិបសុខៈផាកវេ បានបញ្ជាក់ថា ការធានាសុខភាពហិរញ្ញវត្ថុជាកត្តាកំណត់មួយសំខាន់ណាស់នៅក្នុងមុខរបរនៃអ្នកប្រកបអាជីវកម្ម និងការដាក់វិនិយោគធំៗ ទាមទារឱ្យអ្នកជំនួញ និងវិនិយោគិនរក្សាបាននូវសុខភាពល្អបរិបូរណ៍ ពីព្រោះតែវាមានតម្លៃដ៏មហាសាល ពោលគឺថ្លៃជាងហិរញ្ញវត្ថុដែលអ្នកវិនិយោគយកមកប្រើប្រាស់ដើម្បីការចាប់ផ្តើមជំនួញដ៏មានសង្ឃឹមរបស់ពួកគេ ។ លោកបានពន្យល់ថា ការបន្តហាត់ពត់រាងកាយឱ្យទទួលបានភាពរឹងមាំវាមានសារសំខាន់ជាង ព្រោះបើសុខភាពទ្រុឌទ្រោមអ្នកវិនិយោគប្រឈមនឹងហានិភ័យខ្ពស់ ។
ការហាត់ប្រាណមិនមែនទីណាក៏អាចធ្វើបាននោះទេ តែការជ្រើសរើសទីតាំងសមស្រប ដែលមានអ្នកវិនិយោគរៀបចំជាបណ្តាញជួបជុំ និង ពិគ្រោះគ្នាពីមុខជំនួញនៅកម្ពុជា ជាមួយបណ្តាញអ្នកវិនិយោគមួយចំនួនជាកត្តាជួយជំរុញប្រកបមុខរបរ និងការវិនិយោគឈានទៅរកការពង្រឹងបណ្តាញមួយដ៏រឹងមាំ និងអាចទាញយកសេចក្តីសង្ឃឹមក្នុងជោគជ័យនៃអាជីពរបស់ពួកគេបាន ។ លោកថា ជាទូទៅអ្នកវិនិយោគជាច្រើនបានមកទីនេះ ដើម្បីទទួលយកសេវាកម្មពីក្រុមហ៊ុនរបស់លោកនិងចូលរួមហាត់ប្រាណទៅតាមការណែនាំពីគ្រូខ្មែរកម្រិតពិភពលោក និងគ្រូបង្វឹកបរទេស ៕
ចែករំលែកព័តមាននេះ