ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ ហ៊ុន សែន កំពុងធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​​សេដ្ឋកិច្ចអាស៊ាន​នៅ​ក្រុង​សៀមរាប

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៧ សីហា ២០១២ នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ានលើកទី៤៤ នៅក្រុងសៀមរាប ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ានលើកទី៤៤ ដែលមានប្រទេសទំាង១០ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ឧត្តមមន្រ្តីនៃក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ានកាលពីថ្ងៃទី២៥ សីហា ២០១២ បានធ្វើការពិភាក្សារួមគ្នាអំពីតំបន់វិនិយោគ និងធ្វើ​ការ​ពិនិត្យ​ទៅលើរបាយការណ៍មួយចំនួនស្ដីពីតំបន់សេរីអាស៊ាន និងស្វែងរកផលចំណេញខាងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងពិភព​លោក មុននឹងដាក់ជូន​រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ានពិនិត្យសម្រេចបន្ត ។

គួរ​បញ្ជាក់​ថា ក្រៅ​ពី​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​ក្រុម​រដ្ឋ​មន្ត្រី​​សេដ្ឋ​​កិច្ច​អាស៊ាន​ដែល​មានរយៈពេល៧ថ្ងៃ នៅក្នុងខេត្តសៀមរាប ក៏នឹងមាន​ការជួប ពិភាក្សារវាង​ក្រុម​រដ្ឋ​ម​ន្ត្រី​បណ្ដា​ប្រទេស​អា​ស៊ាន​ជាមួយ​នឹង​បណ្តា​ប្រទេសនៅក្រៅតំបន់ចំនួន៨ផ្សេងទៀតចូលរួមផងដែរ រួមមាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែល​ហ្សេឡង់ រុស្ស៊ី ចិន និងជប៉ុន ។ ជាមួយ​គ្នា​នេះដែរ យោងតាមសេចក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានឱ្យ​ដឹងថា សហរដ្ឋអាមេរិកមាន​គម្រោង នឹង​បញ្ជូនលោករ៉ន ខឺក ដែល​ជាទីប្រឹក្សាសេដ្ឋ​កិច្ចជាន់ខ្ពស់របស់​លោក​ប្រធានា​ធិបតី​អាមេ​រិក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា ចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី​ពាណិជ្ជ​កម្មអាស៊ាន និងជួបប្រជុំផ្នែកធុរកិច្ចកំពូលរវាងសហរដ្ឋអាមេរិក អាស៊ាន ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕