ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​អតីត​ផ្កាយ​២ ចាប់​ខ្លួន​​២​នាក់​ប្តី​ប្រពន្ធ​ជា​បក្ស​ពួក​ និង​នាំ​ឡើង​សាលា​ដំបូង​រាជ​ធានី​ថ្ងៃនេះ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​នេះ​ទី​​​​២៧​ សីហា អតី​ត​ផ្កាយ​​២​ឈ្មោះ ចាន់ ឫទ្ធីឌី និង​ត្រូវ​បាន​​​នាំ​ខ្លួន​ឡើង​សាលា​ដំបូងរាជ​ធានី​​​ ។ នេះ​ជា​ការ​​​ឱ្យ​ដឹង​​​ពីលោក​ឧត្តម​សេនីយ៍​​ទោ ខៀវ សាម៉ន ​នាយក​​​​មន្ទីរ​​​ប្រឆាំង​គ្រឿង​​ញៀន​​​ក្រសួង​មហា​ផ្ទៃ ។ លោក​ឧត្តម​សេនីយ៍​​​ទោ​មាន​​ប្រសាសន៍​ឱ្យ​ដឹង​​ទៀត​ថា គ្រឿង​ញៀន​​ដែល​ត្រូវ​​បានរឹប​អូស​​​មាន​ថ្នាំ​ មេតំហ្វេតាមីន និង​ម៉ាទឹក​កក​​​(ICE)​សរុប​​​រួ​ម​គ្នា​​មាន​ទម្ងន់​​ប្រមាណ​​​៤,៧​​គីឡូក្រាម ។ លោក​នាយ​ក​​​មន្ទីរ​​ប្រឆាំងគ្រឿង​ញៀន​​​បាន​​​ឱ្យដឹង​​ទៀត​ថា ​ដោយសារ​​តែមាន​ការ​​​​​តាម​ចាប់​​​បក្ស​​ពួកទើប​ត្រូវ​​បាន​ពន្យារ​​ពេល​បញ្ជូន​​​​ជន​ត្រូវ​ចោទ​​​​ ។

​​​​​​​នគ​របាល​​​មន្ទីរ​​​ប្រឆាំង​គ្រឿង​​​ញៀន​បាន​​នាំ​ខ្លួន​​​​អតី​ត​​ផ្កាយ​​​​ពីរ​​ ចាន់ ​​​​ប្ញទ្ធី​​​​ឌី​​ មេ​​ឧ​ក្រិដ្ឋ​​​​​ជន​គ្រឿង​​ញៀន​​​ទៅ​ចង្អុល​​​បង្ហាញ​​​​បក្ស​ពួក​​​​​​ជា​ឈ្មួញ​ដែលនាំ​គ្រឿង​ញៀន​​​ពី​ប្រទេស​​ឡាវ​មក​​​ចែក​ចាយ​​​ និង​ធ្វើ​​ការ​ឆែក​ឆេរ​​លំនៅ​ឋាន​​​មួយ​កន្លែង​ទៀត​​​​​ កាល​ពី​វេលា​​​​ម៉ោង​​​៤​និង​​២០​​​នាទី​​​​រសៀល​​ថ្ងៃ​ទី​​​២៦ ​​សីហា ​​ឆ្នាំ ​២០១២​ ​ដែលមាន​​​យីហោ​​​រត​នា​​​​​​​ពេជ្រ​​​​​សំអាង​ការ​​ ស្ថិត​ក្នុង​​​ក្រុម​ទី​​៦​​ ភូមិ​ត្រពាំង​​​​ល្វា​​​​ សង្កាត់​កាកាប​​ ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ ។

​ការ​ចុះ​​​ឆែក​ឆេរ​​​​នោះ​មាន​​​ការ​សហ​ការ​​​​ពី​កម្លាំង​សមត្ថ​កិច្ច​​​​​មូល​ដ្ឋាន​​​ ​និង​មាន​ការ​​​ចូល​រួម​ពី​​​សំណាក់​​​​ព្រះ​រា​ជ​អាជ្ញា​​​រង​សាលា​ដំ​បូង​​រាជ​ធានី​​​​ ដោយ​​​​បាន​នាំ​យក​​​អតី​ត​ផ្កា​យ​ពី​​រ​​ទៅ​ធ្វើ​ការ​​ចង្អុល​បង្ហាញ​​​ ។ ​​លំនៅ​ឋាន​​ខាង​​លើ​នោះ​ មាន​ស្លាក​យី​ហោ​រតនា​​ពេជ្រ​សំអាង​ការ​​ ស្ថិត​ក្នុង​ភូមិ​ខាង​លើ​ ហើយ​នៅក្នុង​ប្រតិ​បត្តិ​ការ​​ឆែក​ឆេរ​នោះ​​ កម្លាំង​​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​​​ពី​រនាក់​​ដែល​ជា​​ម្ចាស់​ផ្ទះ​​ គឺ​ប្តី​ឈ្មោះ​ ឌៀប ស៊ុន​ឡាយ​​ អាយុ​​៥១​ឆ្នាំ ​និង​​ប្រពន្ធ​​ ញ៉ម សុខា​ អាយុ​​៤៩ឆ្នាំ​​​​​ ។ ក្នុង​ការ​ចាប់​ខ្លួន​នេះ​​​ ​​សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​​​​មេ​​តំ​ហ្វេតាមីន​​​ WY ​ចំនួន​​ ៣.៧១៩,៥​ក្រាម​ ​ថ្នាំ​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​​ ៩៨៩,៩​ក្រាម​ រថយន្ត​ម៉ាក​កាមរី​​​បាឡែន​​ ពណ៌​ទឹក​ប្រាក់​​មួយ​គ្រឿង​ និង​​ជញ្ជីង​​ថ្លឹង​គ្រឿង​ញៀន​មួយ​គ្រឿង​ ។

​មន្ត្រី​សមត្ថ​កិច្ច​​និយាយ​ថា សម្ភា​រ​ដែល​ត្រូវ​ដក​ហូត​បានខាង​លើ​នោះ ​គឺ​រក​ឃើញ​​នៅ​ក្នុង​ផ្ទះ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ ។ ​តាម​ការ​​សាក​សួរ​​​ គឺ​ពួក​គេ​បាន​លក់​គ្រឿង​​ញៀនឱ្យ​ឈ្មោះ ចាន់ ប្ញទ្ធីឌី​ ​ក្នុង​មួយ​​​​​​គីឡូ​ក្រាម​​តម្លៃ​​៣៥.០០០​ដុល្លារ​​ ហើយ​​គ្រឿង​​ញឿ​​ន​​ទាំង​នោះ​នាំ​ចូលមក​ពី​ប្រទេស​ឡាវ ក្នុង​មួយ​​គី​​ឡូ​ក្រាម​​​តម្លៃ​​​៣២.០០០ដុល្លារ​​ ។​​ ដោយ​ឡែក​ឈ្មោះ ចាន់ ប្ញទ្ធី​ឌី លក់​ចេញ​បន្ត​ក្នុង​មួយ​​គីឡូក្រាម​​​៤២.០០០​ដុល្លារ​ ។

​ស្រប​ពេល​​​ដែល​មាន​ព័ត៌​មាន​ពី​ការ​ចាប់​ខ្លួន​អតីត​​ឧត្តមសេនីយ៍​​ទោរូប​នេះ​ ​តា​​ម​ប្រភព​ពី​ខេត្ត​ព្រះវិហារ​បាន​ឱ្យដឹងថា ​ចាន់ ​ឫទ្ធី​ឌី  ធ្លាប់​បាន​ទៅ​កាន់​តំបន់​កំពង់​ស្រឡៅ​​ដែល​​ស្ថិត​​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប ខេត្តព្រះវិហារ​ជាប់​ព្រំ​ប្រទល់​ស្រុក​មឿង​ខូង ​ប្រទេស​ឡាវ ​។ ​តំបន់​​នោះ​​ជា​ច្រក​នាំ​ចូល​​ដ៏សំខាន់​ថ្នំាញៀន​ចេញពី​តំបន់​ត្រីកោណ​​មាស​ ​ជាព្រំ​​ប្រទល់​​រវាង​ប្រទេស​ភូមា ថៃ​​និង​ឡាវ ​។ គេមិនដឹង​ថា​ឈ្មោះ​នេះ​ទៅ​កាន់​​តំបន់​នោះ​​ដោយ​មូលហេតុ​​អ្វី​នោះ​ទេ ​លុះ​ដល់​មាន​ការ​បែក​ធ្លាយ​ពីមុខ​របរជួយ​ដូរថ្នាំ​ញៀន​ដ៏ធំសម្បើម​មួយ​​ ​ទើប​​មានការ​ភ្ញាក់​ផ្អើល​​គ្រប់គ្នា ​។ អ្វី​ដែល​​​ធ្វើឱ្យ​មានការ​​​ចាប់​អារម្មណ៍​​ផង​ដែរ​​នោះ​ ​គឺ​​​​លំនៅ​ឋានន​​របស់​អតីត​​​ផ្កាយ​​​២​រូប​នេះ​​​គឺ​ជា​​ភូមិ​គ្រឹះ​​ដ៏​ស្តុក​ស្តម្ភ​មួយ​ដែល​មាន​​​តម្លៃ​រាប់​លាន​​​ដុល្លារ ។ កាល​ពី​ថ្ងៃ​ទី​២៥ សីហា​ កន្លង​មក​​​នេះ​កំណាត់​​ឈើ​ប្រណីត​ជាច្រើន​​​​​ដែល​ដឹក​​​ប្រមាណ​​​​៧​រថយន្ត​​​ត្រូវ​បាន​រឹប​អូស​​​ពីក្នុង​បរិវេណ​​​ផ្ទះ​អតី​ត​​ផ្កាយ​​​​២​នេះ​​ដែរ​​ ហើយ​​​សុទ្ធសឹង​​ជា​​​ឈើ​ពាក់​កណ្តាល​​កែ​ច្នៃ ។ អតីត​ផ្កាយ​​​​២​រូប​នេះ​​​មាន​អាយុ​​​៤៥​ឆ្នាំ និង​ប្រពន្ធ​​ជា​អ្នក​លក់​គ្រឿង​​សំណង់​​​នៅ​ព្រែក​ប្រា ។ ចំពោះ​​​សំណួរ​ថា ​ប្រសិន​បើ​មានការ​ចាប់​ខ្លួន​​បែប​នេះ​តើ​លំនៅ​ឋាន​​ដ៏​ស្គឹម​​ស្គៃ​​របស់​ជន​រូប​​នេះ​​នឹង​ត្រូវ​​​រឹប​អូស​ ឬ​បែប​ណា ? ត្រូវ​បាន​​​​មន្ត្រី​​ប្រឆាំងគ្រឿង​​ញៀន​និយាយ​ថា នោះ​ជា​ការ​​សម្រេច​​របស់​តុលាការ​​។ ​ចំណែក​​សមត្ថកិច្ច​​​គ្រាន់​តែ​​កសាង​​សំណុំ​រឿង​​​បញ្ជូន​មក​​​តុលាការ​តែ​ប៉ុណ្ណោះ ។ ការ​ចាប់​ខ្លួន​​​អតី​ត​ផ្កាយ​​២​ដែល​ជា​ថៅ​កែ​​បៀរ​ហ្គាដិន​​រស្មី​បឹង​កេង​កង​​​ផង​ នោះ​ បាន​ធ្វើ​ឱ្យ​មានការ​​​ចាប់​អារម្មណ៍​​ពី​សាធា​រណ​ជន​ ។

គួរ​​រំលឹក​ថា ​តាម​​ប្រភព​ព័ត៌​មាន​​​ពីមន្ត្រី​​សមត្ថ​កិច្ច​​​ចម្រុះ​​ក្នុង​​ប្រតិបត្តិការ​​ខាងលើ ​បាន​​ឱ្យ​ដឹង​​ជា​ជំហាន​ដំបូង​​ថា​ មុន​​​ពេល​ឈាន​​ដល់ការ​​​ឃាត់​ខ្លួន​​​ឈ្មោះ ​​ចាន់​ ឫទ្ធីឌី ​ គឺ​​នគរបាល​​​ជំនាញ​​​បាន​ធ្វើ​ការ​​​​ស្រាវ​ជ្រាវ​អស់​រយៈ​ពេល​ជាង​​មួយ​ខែ​កន្លង​មក​ហើយ​ ​ទើប​កំណត់​​បាន​មុខ​សញ្ញា​​ដ៏​ធំ​ម្នាក់នេះ ។​​

មុន​ការ​ចាប់​ខ្លួន​​នា​​រសៀល​​​​ថ្ងៃទី​​២៤ សីហា ​​នេះ គឺ​សមត្ថកិច្ច​​បាន​ប្រើ​ប្រាស់​​កម្លាំង​​ជំនាញ​​​អន្ទង​ទិញ​​ថ្នាំ​​ញៀន​​ពីឈ្មោះ ​ចាន់ ឫទ្ធីឌី ​​​ចំនួន​​​​ពីរ​ខាំ​ ។ ​​ពេលនោះ​​ឈ្មោះ​ ចាន់ ឫទ្ធីឌី  ​ក៏​បាន​​យក​ថ្នាំ​​ញៀន​​ប្រភេទ​​​ម្សៅ​​មក​លក់ឱ្យ​​​​ម៉ូយ​​តាម​​ទី​តាំង​ដែល​បានណាត់​ជួប​គ្នា ​។ ពេល​គាត់​​យក​ថ្នាំ​ញៀន​មក​ដល់​ក៏ត្រូវ​​ក្រុម​​​សមត្ថកិច្ច​​​ព័ទ្ធ​​​​ចាប់​​​​តាម​​​ដង​ផ្លូវ ​ប៉ុន្តែ​​ត្រូវ​​ឈ្មោះ​ចាន់ ឫទ្ធីឌី  ​​ជិះ​​​​​រថយន្ត​​​ម៉ាក​​ធុន​ដ្រា​​​ មួយ​គ្រឿង​ ​បើក​រត់​សំដៅទៅ​​ចូល​​ភូមិគ្រឹះ​​របស់​ខ្លួន​​​ ជា​ហេតុ​ធ្វើ​ឱ្យ​​​​សមត្ថកិច្ច​​​ជំនាញ​​បង្ខំ​ចិត្ត​​​​ធ្វើ​ការ​ឡោម​ព័ទ្ធ​​​ចាប់​ខ្លួន​​​​ឈ្មោះ​ចាន់ ឫទ្ធីឌី ​បាន​និង​ធ្វើ​ការ​​ឆែក​ឆេរ​​​លំនៅ​ឋាន​​ភ្លាមៗបាន​​រក​ឃើញ​ ថ្នាំ​ញៀន​​​​គ្រាប់​​ប្រមាណ​​២​ម៉ឺន​គ្រាប់​ និង​ប្រភេទ​​​ម្សៅ​​​ប្រមាណ​​ជាង​​២០កញ្ចប់​​ធំ ។ ​

ក្រោយ​​ពេល​​ចូល​ឆែក​ឆេរ​​​ដល់​ក្នុង​លំនៅ​ឋាន​​​ដ៏ស្កឹម​ស្កៃ​​​របស់​​ឈ្មោះចាន់ ឫទ្ធីឌី  ​សមត្ថ​កិច្ច​​​ក៏​បាន​​​​ឱ្យ​ដឹង​ថា ​​ឈ្មោះ​ចាន់ ឫទ្ធីឌី គឺ​ជា​មុខ​សញ្ញា​រក​ស៊ី​ជួញ​ដូរ​​ថ្នាំ​ញៀន​​ដ៏​ធំ​មួយ​អស់​រយៈ​ពេល​ជា​យូរ​​មក​ហើយ និង​ពុំ​ធ្លាប់​ត្រូវ​​បាន​ចាប់​ខ្លួន​​ឡើយ ដោយ​​សារ​​ឈ្មោះ​​ចាន់ ឫទ្ធីឌី ប្រកប​​មុខ​របរ​រក​ស៊ី​​បើក​ហាង​​​បៀរ​ហ្គាឌិន ​​ផឹក​ស៊ី​​មួយ​កន្លែង​​យី​ហោ​​រស្មី​​បឹង​កេង​កង បន្លំ​ភ្នែក​​អ្នក​​ដទៃ​​ដើម្បី​​បិទ​បាំង​​មុខ​របរ​​ជួញ​ដូរ​​ថ្នាំញៀន​​របស់​ខ្លួន ។

ចំពោះ​ហាង​​រស្មី​បឹង​កេង​កង​​នៅ​វេលា​ល្ងាច​ថ្ងៃ​​ដដែល ​ក្រុម​សមត្ថ​កិច្ច​​បាន​ចុះ​ឆែក​ឆេរ​​រុក​រក​ថ្នាំ​ញៀន​​បន្ត​ ប៉ុន្តែ​ពុំ​ទាន់​ដឹង​លទ្ធ​ផល​​នៅ​ឡើយ​​ទេ ។ ដោយ​ឡែក​ប្រតិ​បត្តិ​ការ​​ឆែក​ឆេរ​ក្នុង​ភូមិ​គ្រឹះ​ខាង​លើ​ សមត្ថ​កិច្ច​​សម្រេច​​ដក​ហូតបាន​រថយន្ត​​ចំនួន​៤​គ្រឿង មាន​ម៉ាកធុន​ដ្រា មួយ​គ្រឿង ​ឡិច​ស៊ីស៤៧០ ​មួយ​គ្រឿង មែរសឺដេស មួយ​គ្រឿង ​និង​រថយន្ត​ប្រភេទ​​ទួរីស​មួ​យគ្រឿង។

នៅ​ក្នុង​ភូមិ​គ្រឹះ​​ដ៏​ស្កឹម​ស្កៃ​​នេះ​​មិន​មែន​ជា​ភូមិ​គ្រឹះ​ធម្ម​តា​​ឡើយ ដែល​ខាង​​ក្នុង​ភូមិ​គ្រឹះ​​នេះ​បំពាក់​​ដោយ​គ្រឿ​ងសង្ហារឹម​យ៉ាង​ប្រណីត​​បំផុតគ្មាន​ពីរ ​៕