ខេត្តតាកែវ ៖ ប្រជាពលរដ្ឋរាប់រយនាក់់ទាំងចាស់ទំាងក្មេងដែលផ្អើលឈូឆរនាំគ្នាជីកកាយរកមាសខណៈដែលគ្រឿងចក្រឈូសឆាយធ្វើផ្លូវពីស្ពានផ្សារអង្គរបុរីឆ្ពោះទៅប្រាសាទភ្នំបានស្ងប់ស្ងាត់វិញហើយ ដោយសាររកមិនបានផង និងមានការរារាំងពីអាជ្ញាធរផង ។
បុរសឈ្មោះឃុន នី ដែលជាប្រជា ពលរដ្ឋរស់នៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី បានមានប្រសាសន៍ឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនគឺមានការផ្អើលប្រជាពលរដ្ឋមិនថាត្រឹមតែក្នុងភូមិអង្គរ ប៉ុណ្ណោះទេ ថែមទាំងមានបណ្តាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិផ្សេងទាំងជិតទាំងឆ្ងាយក៏នាំគ្នាមកជីកកកាយរកមាសកណ្តាលផ្លូវដែលជាអាចម៍ដីដែលដឹកមកចាក់ក្នុងការដ្ឋានស្ថាបនាផ្លូវ ។ គាត់ក៏បានបន្ថែមទៀតដែរថា ទីកន្លែងដែលមានបងប្អូនប្រជាពលរដ្ឋនាំគ្នាទៅជីកកាយរើសបានមាសនោះ គឺនៅចំកណ្តាលផ្លូវខាងត្បូងស្ពានអង្គរបុរីត្រើយខាងត្បូងដែលស្ថិតនៅមុខផ្ទះលោកមេឃុំព្រែកផ្ទោលតែម្តង ។
ទោះបីជាបែបណានៅថ្ងៃទី២៦ សីហា មិនមានប្រជាពលរដ្ឋមកធ្វើការជីកកកាយទៀតទេ ។ ស្ត្រីឈ្មោះរស់ ភាង ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្គរក៏បានឱ្យដឹងដែរថា កាលពី២ទៅ៣ថ្ងៃមុនគឺពិតជាមានប្រជាពលរដ្ឋមកជីកកកាយនិងរើសបានមាសមែនហើយ អ្នកខ្លះក៏រើសបានតិច និងអ្នកខ្លះក៏បានច្រើនដែលមាសទាំងនោះជាលក្ខណៈមាសដុះខ្លះនិងមាសបុរាណធ្វើជាគ្រឿងអលង្ការខ្លះ តែពេលនេះ មិនមានបងប្អូនប្រជាពលរដ្ឋមកជីកកកាយរើសមាសខ្លះៗទៀតទេ ដោយសារតែពួកគេរើសមាសលែងបានទៀតហើយ និងម្យ៉ាងទៀតទីតាំងដែលធ្លាប់រើសបាននោះត្រូវបានខាងក្រុមហ៊ុនធ្វើផ្លូវចាក់ថ្មនិងដីលុបពីលើ ថែមទាំងឈូសពង្រាបឱ្យស្មើក្នុងគោលបំណងធ្វើផ្លូវបន្តទៀត ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិកំពង់ពោធិ៍មានប្រសាសន៍ឱ្យដឹងដែរថា គាត់ក៏រើស បានមាសបន្តិចបន្តួចដែរដោយគាត់បានធ្វើការកើបដីប្រហែលជាកន្លះបាវយកទៅរ៉ែង ឃើញមានកម្ទេចមាសខ្លះ ។ ដោយសារប្រជាពលរដ្ឋនាំគ្នាមកធ្វើការជីកកកាយរកមាសនេះបានធ្វើឱ្យអាចម៍ដីធ្វើផ្លូវបែរជាខូងកាន់តែជ្រៅ ៕





ចែករំលែកព័តមាននេះ