ខេត្តបាត់ដំបង ៖ នារីបម្រើការក្នុងហាងខារ៉ាអូខេមួយកន្លែងបានព្យាយាមលេបថ្នាំសម្លាប់ខ្លួនជាបន្តបន្ទាប់ តែមិនបានសម្រេចទេ ដែលការប៉ងសម្លាប់ខ្លួននេះ ដោយសារតែមានវិវាទជាមួយប្រុសស្នេហ៍ និងបន្ថែមពីលើនេះដោយសារនាងក្តៅក្រហាយនឹងប្រុសស្នេហ៍ហេងស៊យនេះថ្លើមធំហ៊ានវាយដំនាងគ្មានប្រណី ហើយដោះយកគ្រឿងអលង្ការពីខ្លួននាងអស់ទៀត ។ តាមការបំភ្លឺពីសន្តិសុខថា នាងបានព្យាយាមលេបថ្នាំប៉ងសម្លាប់ខ្លួនលើកចុងក្រោយនេះនៅម៉ោងប្រហែលជាង៨យប់ថ្ងៃទី២៥ សីហា ខណៈដែលនាងចេញទៅជួបប្រុសស្នេហ៍នៅខាងក្រៅ រួចត្រឡប់មកដេកប្រកាច់នៅបន្ទប់ក្នុងហាងខារ៉ាអូខេវិញ ។
សន្តិសុខនិយាយថា នារីដែលប៉ងសម្លាប់ខ្លួននេះឈ្មោះចិន អាយុ២៧ឆ្នាំ ។ នាងធ្វើការក្នុងហាងខារ៉ាអូខេមួយកន្លែងនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង និងស្នាក់នៅក្នុងហាងតែម្តង ។ នាងបានលេបថ្នាំដែលគេមិនស្គាល់ឈ្មោះប៉ុនប៉ងសម្លាប់ខ្លួននោះ ក្នុងគ្រាដែលនាងចេញទៅជួបសង្សាររបស់នាងនៅខាងក្រៅ រួចត្រឡប់មកដេកប្រកាច់ម្នាក់ឯងក្នុងបន្ទប់ ។ មិត្តភក្តិរបស់នាងនិយាយថា នាងបានខ្ទាស់ទ្វារជាប់ពីខាងក្នុង ដោយមិនបាននិយាយអ្វីទាំងអស់ លុះបន្តិចក្រោយទើបសង្សាររបស់នាងទូរស័ព្ទមកប្រាប់អ្នកស្គាល់ក្នុងហាងថា នាងបានលេបថ្នាំសម្លាប់ខ្លួន ។ គ្រានោះក៏មានការភ្ញាក់ផ្អើលទៅមើល តែត្រូវនាងដាក់គន្លឹះជាប់ ពី ខាងក្នុងធ្វើឱ្យថៅកែនិងបុគ្គលិកបម្រើការទាំងអស់ផ្អើលនាំគ្នាឆោឡោកាន់តែខ្លាំង រហូតថៅកែទូរស័ព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ។
មន្ត្រីសមត្ថកិច្ចនិយាយថា នាងចិន បានបើកទ្វារបន្ទប់នៅពេលសមត្ថកិច្ច និងនារីមេការម្នាក់ទៅលួងលោមនាង ពេលនោះនាងនៅមានស្មារតីអាចនិយាយបានខ្លះ តែស្ថិតក្នុងស្ថានភាពរវើរវាយ និងទន់ខ្លួន ដែលមិនអាចដើរបាន ។ នាងចិន ត្រូវសន្តិសុខបីចេញពីក្នុងហាងបញ្ចូលក្នុងរថយន្តរបស់សមត្ថកិច្ច រួចនាំទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយ ។ សមត្ថកិច្ចប្រាប់ថា គេនៅមិនទាន់ដឹងថា តើបុរសដែលជាគូសង្សាររបស់នាងចិននោះឈ្មោះអ្វីទេ ព្រោះទាំងសន្តិសុខ ទាំងមិត្តភក្តិរបស់នាងនៅមិនទាន់បានបំភ្លឺលម្អិតនៅឡើយ ។
ក្នុងគ្រាដែលបញ្ជូនដល់គ្លីនិក នាងចិន និយាយទាំងរវើរវាយថា នាងលេបថ្នាំងងុយដេកអស់៨គ្រាប់ ហើយនាងបានលេបថ្នាំនេះរយៈពេល២ថ្ងៃហើយ តែមិនស្លាប់ ។ នាងប្រាប់ទៀតថា មូលហេតុដែលនាងចង់សម្លាប់ខ្លួននេះគឺដោយសារមានជម្លោះជាមួយសង្សាររបស់នាង ។ មិនតែប៉ុណ្ណោះនាងបញ្ជាក់ថា ប្រុសស្នេហ៍ហេងស៊យម្នាក់នេះបានវាយធ្វើបាបនាងគ្មានប្រណី ហើយដោះយកកងដៃនាងអស់ជាង២០កងទៀត គ្មានអ្នកណាជួយនាងបានទេ ។ ដោយសារតែនាងមិនអាចស្វែងរកអ្នកជួយអន្តរាគមន៍បាន ទើបនាងចង់ស្លាប់ដើម្បីឱ្យចប់រឿង ។
ទោះជាបែបណា ការព្យាយាមធ្វើអត្តឃាតរបស់នាងជាបន្តបន្ទាប់នេះ មិនបានសម្រេចទេ ដោយសារនាងលេបថ្នាំមិនទាន់ដល់កម្រិត ។ រីឯប្រុសស្នេហ៍របស់នាងដែលពាក់ព័ន្ធក្នុងរឿង«ស្នេហាហេងស៊យ»នេះក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ កាលពីព្រឹកថ្ងៃទី២៦ សីហា ។ សមត្ថកិច្ចប្រាប់ថា នាងចិន មិនស្លាប់ទេ ព្រោះស្ថានភាពរបស់នាងគ្រូពេទ្យនៅអាចសង្គ្រោះបាន ។ គេមិនដឹងថា តើបញ្ហានេះត្រូវសមត្ថកិច្ចចាត់ការ ឬមិនចាត់ការនោះទេ ចំពោះចម្លើយនាងចិនដែលថា នាងត្រូវប្រុសស្នេហ៍វាយដំ ហើយដោះយកគ្រឿងអលង្ការថែមទៀតនោះ ៕


ចែករំលែកព័តមាននេះ