ខេត្តកោះកុង ៖ ចាប់ពីម៉ោង១០ព្រឹកថ្ងៃទី២៥ សីហា រហូតដល់ម៉ោង៩ព្រឹកថ្ងៃទី២៦ សីហា សត្វដំរីព្រៃឈ្មោលមួយក្បាលដុះភ្លុកស្អាតមួយគូផង បានបង្ហាញខ្លួននៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាស្ត្រ ភូមិជីមៀល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរដែលទីនោះជាតំបន់ព្រៃក្រាស់ ។
ការចេញបង្ហាញខ្លួនអស់រយៈមួយថ្ងៃមួយយប់នេះ គឺជាលើកទី៣ហើយ ប៉ុន្តែពុំមែនជាសត្វដំរីដដែលនោះឡើយ ព្រោះសត្វដំរីមុនៗកាច និងតែងតែធ្វើសកម្មភាពអុកឡុក ដូចជាចេញមករារាំងការធ្វើចរាចររបស់រថយន្តលើទ្រូងផ្លូវ និងយកប្រមោយវាយបំបែកកញ្ចក់រថយន្តជាដើម ។ ប៉ុន្តែដំរីព្រៃឈ្មោលមួយក្បាលនេះមិនកាចដូចដំរីមុនៗទេ គឺគ្រាន់តែនៅឈរប្របនឹងដងផ្លូវ ហើយអ្នកធ្វើចរាចរអាចឈប់មួយភ្លែតថតរូបវាបាន ប៉ុន្តែបើឃើញរថយន្តវាក៏សម្លក់សម្លឹងដើរសំដៅរកដែរ ។
ប្រភពពីអ្នករត់តាក់ស៊ីជាច្រើននាក់បានអះអាងថា ចាប់ពីថ្ងៃទី២៥ សីហា រហូតមកដល់ថ្ងៃទី២៦ សីហា គឺអំឡុងពេលពេញ២៤ម៉ោង មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃមួយក្រុមបានទៅឃ្លាំមើលសកម្មភាពរបស់ដំរីព្រៃខាងលើ ព្រោះខ្លាចវាដើរចេញមកលើទ្រូងផ្លូវ អុកឡុកអ្នកធ្វើដំណើរ ប៉ុន្តែមិនមានបញ្ហាអ្វីកើតឡើងធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចររបស់អ្នកដំណើរឡើយ ។
ប្រភពដដែលបញ្ជាក់ថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ សីហា ក្រុមមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានបាញ់ថ្នាំសណ្តំចំពោះសត្វដំរីមួយក្បាលនេះដើម្បីឱ្យវាសន្លប់ និងដឹកយកទៅដាក់នៅក្នុងសួនសត្វដើម្បីអភិរក្ស ។ ទោះជាយ៉ាងណាការប៉ុនប៉ងចាប់ដំរីព្រៃមួយក្បាលខាងលើនេះត្រូវប្រើពេលច្រើនម៉ោង ព្រោះពេលនេះសត្វដំរីបានដួលសន្លប់នៅក្នុងព្រៃឆ្ងាយពីផ្លូវជាតិ ដោយថ្នាំសណ្តំដែលតម្រូវឱ្យមានការឈូសឆាយផ្លូវដើម្បីយករថយន្តចូលទៅស្ទូចដាក់លើរថយន្តដឹកចេញ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា គេនៅពុំទាន់ដឹងថា សត្វដំរីមួយក្បាលនេះ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃគ្រោងនឹងយកទៅចិញ្ចឹមក្នុងសួនសត្វណាមួយនៅឡើយទេ ឬក៏ចាប់យកទៅដាក់ក្នុងព្រៃធម្មជាតិជ្រៅពីទីនេះ ដែលឆ្ងាយពីផ្លូវជាតិក៏មិនដឹង ព្រោះមន្ត្រីអង្គការខាងលើមិនអាចទំនាក់ទំនងបាន ៕


ចែករំលែកព័តមាននេះ