ខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៨នាក់រងរបួសធ្ងន់និង១០នាក់ផ្សេងទៀតរងរបួសស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង ដែលបើកបរក្នុងទិសដៅពីទីរួមខេត្តបាត់ដំបងឆ្លងកាត់ខេត្តប៉ៃលិន សុទ្ធសឹងសាច់ញាតិនឹងគ្នា ដើម្បីទៅចូលរួមពិធីមង្គលការបងប្អូននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។ អ្នករងរបួសធ្ងន់ទាំង៨នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង និងអ្នករបួសស្រាលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៥ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចផ្លូវកោងទល់មុខទីបញ្ជាការកងវរសេនាតូចលេខ៥៣៥ ស្ថិតក្នុងភូមិស្រែម្អម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកសាំយ៉ុងពណ៌សមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង ដែលអ្នករួមដំណើរក្នុងរថយន្តមានក្មេងចាស់ប្រុសស្រី ទាំងអស់ជាង២០នាក់ ជាសាច់ញាតិក្រុមគ្រួសារនឹងគ្នា បើកបរដល់កន្លែងកើតហេតុក្នុងល្បឿនមធ្យម ស្រាប់តែរថយន្តមួយគ្រឿងនេះបានរេចង្កូត ម្តងទៅខាងស្តាំ ម្តងទៅឆ្វេង ក៏ក្រឡាប់ទៅខាងឆ្វេងដៃនៅលើចិញ្ចើមផ្លូវតែម្តង បណ្តាលឱ្យរបួសធ្ងន់ចំនួន៨នាក់ និងរបួសស្រាលចំនួន១០នាក់។
ម្ចាស់រថយន្តនេះឈ្មោះតាន់ តុងយ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិបាសែត ឃុំតាពុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឯអ្នករងរបួសធ្ងន់ទាំង៨នាក់១-ឈ្មោះលី រ៉ូនី ភេទប្រុស អាយុ២៦ឆ្នាំ របួសក្បាលផ្នែកខាងក្រោយ ២-ឈ្មោះម៉ាន រ៉ូហាណា ភេទស្រី អាយុ៣៦ឆ្នាំ របួសដៃខាងឆ្វេង ៣-ឈ្មោះអៈ ណា ភេទស្រី អាយុ២៦ឆ្នាំ របួសដៃខាងឆ្វេង ៤-ឈ្មោះឡេវ រ៉ូហ៊ីម៉ាស ភេទស្រី អាយុ១៥ឆ្នាំ របួសដៃ ៥-ឈ្មោះម៉ាន ស៊ីណា ភេទស្រី អាយុ១៣ឆ្នាំ បាក់ជើងឆ្វេង ៦-ឈ្មោះម៉ោះ អាហ្វីនី បែកក្បាល ៧-ឈ្មោះម៉ោះលីម៉ាយៈ ក្មេងប្រុស អាយុ១១ខែបែកក្បាល និងទី៨-ក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះរបួសបាក់ជើង ។ ទាំងអស់គ្នាសុទ្ធតែជាជនជាតិខ្មែរអ៊ិស្លាមរស់នៅភូមិចិន និងភូមិបាសែត ឃុំតាពុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
ម្ចាស់រថយន្តឈ្មោះតាន់ តុងយ៉ាន់ រងរបួសដៃស្រាលបានឲ្យដឹងថា អ្នករួមដំណើរក្នុងរថយន្តរបស់គាត់ទាំងអស់ជាង២០នាក់ទាំងមនុស្សចាស់និងក្មេង ដែលនាំគ្នាធ្វើដំណើរចេញពីបាត់ដំបង ដោយឆ្លងកាត់ខេត្តប៉ៃលិនដើម្បីទៅចូលរួមក្នុងពិធីមង្គលការបងប្អូននៅស្រុកសំពៅលូនជិតផ្សារឡែមស្រាប់តែទៅដល់ចំណុចកើតហេតុគាត់បានឃើញមនុស្សប្រុសមាឌធំម្នាក់ដឹកក្របីធំៗមួយនឹមដើរតាមថ្នល់ ពេលនោះគាត់ក៏បានកាច់ចង្កូតគេចមកឆ្វេង ដោយមិនទាន់ផុតផង ក៏ស្រាប់ឃើញមនុស្សមាឌធំម្នាក់ទៀតដើរនៅខាងមុខរថយន្ត ក៏កាច់ចង្កូតគេចភ្លាម ស្រាប់តែក្រឡាប់នៅចិញ្ចើមផ្លូវតែម្តង ។ ពេលនោះទាហានដែលនៅក្នុងបន្ទាយក៏នាំគ្នាចេញមកជួយយកអ្នករបួសចេញពីក្នុងរថយន្ត ហើយជួយដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្ត និងខ្លះទៀតចូលក្នុងមន្ទីរពេទ្យឯកជន។ ដោយសារអ្នករបួសមួយចំនួនមានសភាពធ្ងន់ធ្ងរទើបគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
បុរសអ្នកបើករថយន្តបានបញ្ជាក់ថា ក្រោយពេលកើតហេតុគាត់មិនបានឃើញមានមនុស្សដឹកក្របី១នឹមដើរតាមថ្នល់នេះទៀតទេ មិនដឹងជាទៅណាបាត់ស្រមោល ហើយក៏គ្មានមនុស្សណាម្នាក់ដើរនៅទីនោះដែរ នេះជារឿងចម្លែកប្រហែលជាគាត់ព្រិលភ្នែកឬក៏ជាជើងកបនៅទីនោះ ។
ចំណែកប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ហេុតការណ៍ក្រឡាប់រថយន្ត នេះមិនមែនជាលើកទី១ទេ ព្រោះចំណុចនេះមានរថយន្តជាច្រើនគ្រឿងមកហើយបានក្រឡាប់ញឹកញយ ដោយមានអ្នកខ្លះរបួសធ្ងន់អ្នកខ្លះទៀតស្លាប់នៅនឹងកន្លែង។ តាមការនិយាយតៗគ្នាថា កន្លែងនេះបានក្លាយជាជើងកបទៅហើយ ។ ទោះបីជាបែបណាស្ថានភាពផ្លូវនៅចំណុចនេះគឺជាផ្លូវកោង ដូច្នេះការក្រឡាប់ភាគច្រើននោះដោយសារតែមានការបើកបរក្នុងល្បឿនលឿន ហើយបត់មិនបានបន្ថយល្បឿនទើបក្រឡាប់ ។ ម្យ៉ាងទៀតកំណាត់ផ្លូវនេះមិនទាន់មានការដាក់ស្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរយានយន្តនោះទេ ។ ចំពោះអ្នកបើកបរដែលមិនធ្លាប់ធ្វើដំណើរលើផ្លូវនេះត្រូវតែមានការប្រុងប្រយ័ត្ន មិនត្រូវបើកលឿនពេកទេ ព្រោះមិនអាចដឹងមុនថា នៅខាងមុខជាផ្លូវបត់ ឬផ្លូវកោង បែបណាទេ ។
ជនរងគ្រោះដែលរងរបួសស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិននៅឡើយ ។ ចំណែករថយន្តដេកស្តូកស្តឹងបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវប៉ូលិសនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកសាលាក្រៅដើម្បីរង់ចាំម្ចាស់ទៅទទួលយកវិញ ៕




ចែករំលែកព័តមាននេះ