ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​រុក​រក​បក្សពួក​គ្រឿង​ញៀន​ឃាត់​ខ្លួន​បាន​២​នាក់​ និង​ថ្នាំ​ញៀន​ជា​ច្រើន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​​ចម្លើយ​សារ​ភាព​របស់​លោក​ឧត្តម​សេនីយ៍​​ទោ ចាន់ ឫទ្ធី​ឌី ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​​ការ​ជួញ​ដូរ​គ្រឿង​​ញៀន​នោះ​​ នៅវេលា​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃទី​២៦ សីហា ២០១២ ​ប៉ូលិស​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​​បាន​បន្ត​ទៅ​ឆែក​ឆេរ​​នៅ​ហាង​សំអាង​ការ​​មួយ​កន្លែង​​ឈ្មោះ​ រតនា​ពេជ្រ​សំអាង​ការ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​ជ័យ ​ដែល​ជាបក្ស​ពួក​ទទួល​យក​គ្រឿង​ញៀន​​ទៅ​ចែកចាយ​បន្ត ។

ជា​មួយ​នឹង​ការ​ឆែកឆេរ​​កន្លែង​ថ្មី​នេះ ប៉ូលិស​​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស-​ស្រី​២​នាក់​ប្តី​-ប្រពន្ធ​​បន្ថែម​ទៀត​ ដែល​បុរស​​​ជា​ប្តី​ឈ្មោះ​ឌៀប ស៊ុនឡាយ អាយុ​៥១​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ញ៉ម សុខា អាយុ​​៤៩ឆ្នាំ ។ ប៉ូលិស​​នៅ​បាន​ដក​ហូត​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​​មួយ​គ្រឿង, ថ្នាំ​ញៀន​​ម៉ា​ទឹកកក​៩៨៩,៩​ក្រាម​, យ៉ាម៉ា​​៣.៧១៩,៥​ក្រាម និង​រថយន្ត​កាមរី​​ស៊េរី​បាឡែន​ពណ៌ទឹក​ប្រាក់ ១​គ្រឿង ។

​តាម​ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹងថា បន្ទាប់​ពី​​ឆែកឆេរ​​កន្លែង​ថ្មី​នេះ​ហើយ ​ប៉ូលិស​បាន​បន្ត​ទៅ​ឆែកឆេរ​​ផ្ទះ​បក្ស​​ពួក​ជួញ​ដូរ​គ្រឿងញៀន​​នៅ​ក្នុង​​ភូមិ​សាស្ត្រ ខណ្ឌ​ទួលគោក ជា​បន្ត​ទៀត… ប៉ុន្តែ​​មិន​ទាន់​មាន​លទ្ធ​ផល​នៅឡើយ​ទេ ។

លោក​ខៀវ ​សាម៉ន ​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​​ក្រសួងមហាផ្ទៃ​ដែល​ដឹក​នាំ​កម្លាំង​​ចុះ​បង្ក្រាប​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏ធំ​នេះ ​បាន​មាន​ប្រសាសន៍​​ថា សមត្ថ​កិច្ច​​នៅ​តែ​បន្ត​រុ​ករក​បក្ស​ពួក និង​កន្លែង​ផលិត​-ចែកចាយ​​គ្រឿង​ញៀន​​នេះជា​បន្ត​ទៀត ​រហូត​​មាន​ភស្តុ​តាង និង​ឯក​សារ​គ្រប់​គ្រាន់ ទើប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​កាន់តុលាការ​ ។

គួរ​រំលឹក​ថា ប៉ូលិសនៃ​មន្ទីរ​​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហាផ្ទៃ​​សហ​ការ​ជា​មួយ​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​មាន​ជ័យ ​បាន​ចុះ​​ឆែក​ឆេរ​​លំនៅ​ឋាន​របស់​លោក​ឧត្តម​សេនីយ៍​​ទោ ចាន់ រិទ្ធី​ឌី ពាក់​ព័ន្ធ​ករណី​​ជួញដូរ​គ្រឿងញៀន​កាល​ពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៤ សីហា ​២០១២ ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ​ខណ្ឌមានជ័យ ។
​ប្រតិ​បត្តិ​ការ​នេះ​​ ​សមត្ថ​កិច្ច​រក​ឃើញ​ថ្នាំ​ញៀន​​ប្រហែល​​៤​ម៉ឺន​គ្រាប់, ​​ម៉ា​ទឹក​​កក​១គីឡូ​​ក្រាម ​និង​ឃាត់​ខ្លួន​​លោកផ្កាយពីរ​​ទៅ​កាន់​មន្ទីរ​​ប្រឆាំង​គ្រឿងញៀន​​ដើម្បី​សួរ​នាំ​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕