កីឡាករបារាំងសេបាស្ទៀន ឡូអែបកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការឈ្នះពានជើងឯកនៃការប្រណាំងរថយន្តកម្មវិធី WRC Rally Germanyបន្ទាប់ពីការនាំមុខរបស់គេបានចូលដល់ដំណាក់កាលទី២បន្តទៀតកាលពីថ្ងៃសៅរ៍ទី២៥ខែសីហាកន្លងមកនេះ ។ ការប្រណាំងក្នុងថ្ងៃទី២នេះត្រូវបានបញ្ចប់នៅទីក្រុង Trier ប្រទេសអាល្លឺម៉ង់ ។
ឡូអែបបានបើករថយន្ត Citroenរបស់ខ្លួនចូលដល់ទីព្រ័ត្រក្នុងថិរវេលា២ម៉ោង៥៨នាទីនិង៥១.៨វិនាទីយកឈ្នះកីឡាករសញ្ជាតិហ្វាំងឡង់ Jari-Matti Latvalaដែលប្រើពេលអស់៣ម៉ោង០នាទីនិង៣៤.៧វិនាទីច្រើនជាងឡូអែប ១នាទីនិង៤២.៩វិនាទី។
កីឡាករហ្វាំងឡង់ម្នាក់ទៀតគឺMikko Hirvonenបើកបរឱ្យក្រុមCitroenបានបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លេខ៣ក្រោយពីបានប្រើពេលអស់៣ម៉ោង១នាទីនិង៤.៥វិនាទីច្រើនជាងឡូអែប២នាទីនិង១២.៧វិនាទី។
ចំណែកកីឡាករ Mads Ostbergបើកបរឱ្យក្រុម Adapta Fordបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤បន្ទាប់ពីបានប្រើពេលអស់៣ម៉ោង១នាទីនិង៥៩.៦វិនាទីខណៈកីឡាករស៊ុយអែត ភីធ័រ សូលបឺកបញ្ចប់ការប្រណាំងក្នុងលំដាប់ទី១៣ក្រោយពីបានប្រើពេលច្រើនជាងឡូអែប ២០នាទីនិង៣៦វិនាទី។ ឡូអែបបាននិយាយថា៖«ការប្រណាំងក្នុងថ្ងៃនេះ វាមិនសូវជាពិបាកដូចជាថ្ងៃម្សិលមិញទេ។ ការទស្សន៍ទាយដែលថាមានកំណកព្រឹលនៅលើផ្លូវប្រណាំងនោះពិតជាមានមែន ប៉ុន្តែវាមិនរំខានខ្លាំងទេដ្បិតវារលាយបាត់បន្តិចម្តងៗ »។
កីឡាករជើងខ្លាំងបារាំងម្នាក់ទៀត សេបាស្ទៀន អូហ្ស៊ីយ៉េបញ្ចប់ការប្រណាំងនៅថ្ងៃទី២នេះក្នុងលំដាប់ទី៦។ កីឡាកររូបនេះបញ្ជាក់ថា គូប្រជែងដ៏ខ្លាំងរបស់គេគឺកីឡាករសេបាស្ទៀន ឡូអែប។ អូហ្ស៊ីយ៉េបានបន្តថា៖«មានកីឡាករតែម្នាក់ប៉ុណ្ណោះដែលស្ថិតនៅក្នុងភ្នែករបស់ខ្ញុំគឺសេបាស្ទៀន ឡូអែប។ គេជាគូប្រជែងតំណែងជើងឯក ។ គោលដៅរបស់ខ្ញុំគឺផ្តួលកីឡាករមិត្តរួមជាតិខ្ញុំម្នាក់នេះឱ្យខាងតែបាន»។ អូហ្ស៊ីយ៉េប្រើពេលច្រើនជាងកីឡាករមិត្តរួមជាតិរបស់ខ្លួន ឡូអែប ៨នាទីនិង១០.៦វិនាទី ។
សូមបញ្ជាក់ថា ការប្រណាំងរថយន្តប្រភេទរែលលីសម្រាប់ឆ្នាំ២០១២នេះមាន១៣ដំណាក់កាល។ ដំណាក់ទី១ចាប់ផ្តើមកាលពីថ្ងៃទី១៧ខែមករាដើមឆ្នាំនៅប្រទេសបារាំង និងដំណាក់ចុងក្រោយបំផុតនឹងធ្វើនៅថ្ងៃទី៨ដល់ទី១១ខែវិច្ឆិកាខាងមុខនៅប្រទេសអេស្ប៉ាញ ។ ដោយឡែកការប្រណាំងនៅប្រទេសអាល្លឺម៉ង់នេះគឺស្ថិតនៅក្នុងដំណាក់ទី៩ ៕


ចែករំលែកព័តមាននេះ