ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្តព្រះ​សីហនុ​ រៀបចំ​​ការប្រឡង​វាស់​ស្ទង់​សមត្ថ​​ភាព​​ដល់​មន្ត្រី​​នគរបាល​

13 ឆ្នាំ មុន

ខេត្ត​​ព្រះ​សីហនុ ៖ ​ស្នងការ​​ដ្ឋាន​នគរបាល​​ខេត្តព្រះ​សីហនុ កាលពី​ព្រឹក​ថ្ងៃទី​​២៥ សីហា ​២០១២ ​មាន​រៀបចំ​​ការ​ប្រឡង​​វាស់​ស្ទង់​​សមត្ថ​ភាព​ដល់​មន្ត្រី​​នគរបាល​ជាតិ ដែល​បម្រើ​ការ​​​ងារ​នៅ​ប៉ុស្តិ៍​​នគរបាល​ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ​​នៃ​ស្នងការ​​​ដ្ឋាន​នគរបាល​​ខេត្ត​ព្រះ​សីហនុ​ចំនួន​៥៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ដើម្បី​​ពង្រឹង​ការ​ងារ ។
លោក​ឧត្តម​សេនីយ៍​​ត្រី ព្រហ្ម ​និមល និង​ឧត្តម​សេនីយ៍​​ត្រី សាន់ ​សុខវិជ្ជា ​អនុ​ប្រធាន​​នាយក​ដ្ឋាន​​អន្តោ​ប្រវេសន៍​​នៃ​អគ្គ​​​ស្នង​ការ​នគរបាល​ជាតិ​​បាន​ឱ្យ​​ដឹង​ដូចគ្នា​ថា ​ដើម្បីពង្រឹង​​ជំនាញ​​​​អន្តោ​ប្រវេសន៍​​ដល់​មន្ត្រី​នគរបាល​​ជាតិ និង​ដើម្បី​ឈាន​ទៅ​រក​និរន្តរ​ភាព​​លើ​ផ្នែក​អន្តោ​ប្រវេសន៍​​​ដល់​ជន​បរទេស ទើប​អគ្គ​ស្នងការ​​នគរបាល​ជាតិ​បាន​​​បង្កើត​នូវ​កម្មវិធី​ប្រឡង​វាស់​​ស្ទង់​​សមត្ថ​ភាព​ដល់​គ្រប់​មន្ត្រី​​​នគរ​បាល​ទទួល​​បន្ទុក​អន្តោ​​ប្រវេសន៍​​ទាំង​អស់​ ជាក់​ស្តែង​​​ថ្ងៃ​នេះ​យើង​បាន​ធ្វើ​​ការប្រឡង​​វាស់​ស្ទង់​​សមត្ថ​ភាព​ដល់​មន្ត្រី​នគរបាល​​​ខេត្ត​ព្រះ​សីហនុ ។

ចំពោះ​វិញ្ញា​សា​ប្រឡង​ថ្ងៃនេះ​រួម​មាន​ជំនាញ​អន្តោ​ប្រវេសន៍​ ចំណេះ​ដឹង​ទូទៅ ភាសា​អង់​គ្លេស (លំហាត់​​និយាយ និង​សរសេរ) ​វាយ​អត្ត​បទ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់​គ្លេស​​ដោយ​​កុំព្យូទ័រ ។ លោក​ឧត្តម​សេនីយ៍​​ត្រី ព្រហ្ម​ និមល ​បាន​​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់​​ថា នៅ​មុន​ពេល​អនុ​វត្តន៍​​កម្មវិធី​​ប្រឡង​វាស់​​ស្ទង់​សមត្ថ​ភាព​ដល់​មន្ត្រី​នគរបាល​ជាតិ​ ក្រុម​ការ​ងារ​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​​បន្ថែម​ និង​រំលឹក​​មេ​រៀន​​ឡើងវិញ​​រយៈ​​ពេល​៣​ម៉ោង​​ទៅ​៤​ម៉ោង​លើ​មុខ​វិជ្ជា​​ចំនួន​៥​រ​ួម​មាន ​អន្តោ​ប្រវេសន៍​​នីតិ​រដ្ឋ​បាល​ទូទៅ​ នីតិ​សមុទ្រ​ ការ​ទំនាក់​ទំនង​អន្តរ​ជាតិ​ និង​ការ​គ្រប់​គ្រង​អង្គ​ភាព​បែប​ទំនើប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕