កីឡាករប្រដាល់អាល្លឺម៉ង់ Arthur Abrahamបានក្លាយខ្លួនទៅជាជើងឯកពិភពលោកថ្មីរបស់ស្ថាប័ន WBOបន្ទាប់ពីបានយកឈ្នះកីឡាករមិត្តរួមជាតិរបស់ខ្លួន Robert Stieglitzដោយពិន្ទុជាឯកច្ឆ័ន្ទក្នុងការប្រកួតមួយដែលរៀបចំធ្វើនៅសង្វៀន O2World Arena ស្ថិតក្នុងទីក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីរាត្រីថ្ងៃសៅរ៍ទី២៥សីហា ។
Abrahamវ័យ៣២ឆ្នាំដែលធ្លាប់ប្រកួតការពារខ្សែក្រវាត់ IBFក្នុងប្រភេទទម្ងន់៧២,៦៤គីឡូក្រាមចំនួន១០លើកចន្លោះឆ្នាំ២០០៥និង២០០៩បានក្លាយជាម្ចាស់ខ្សែក្រវាត់ WBOក្នុងទម្ងន់ ៧៦,២គីឡូក្រាមថ្មីជាមួយនឹងលទ្ធផលពិន្ទុ ១១៦-១១២, ១១៦-១១២ និង១១៥-១១៣ ។ សូមបញ្ជាក់ថា ការប្រកួតរបស់កីឡាករទាំង២មើលទៅប្រដំប្រសងគ្នា បើទោះណា២-៣ទឹកដំបូង Stieglitzបានវាយសម្រុកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែគេនៅតែមិនអាចបំបាក់ស្មារតីគូប្រកួតបាន ។
ជំនួសមកវិញ រូបគេទទួលរងនូវកណ្តាប់ដៃធ្ងន់ៗរបស់ Abraham ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺក្នុងទឹកទី១០ដែលក្នុងទឹកនេះ ផ្ទៃមុខរបស់ Stieglitz ហើមពោរនិងគ្របដណ្តប់ដោយឈាមត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតជាបណ្តោះអាសន្នដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យ ។ ភ្នែកទាំងសងខាងរបស់ Stieglitz បានដាច់រយះនិងហើមស្ទើរមើលអ្វីមិនឃើញ ។ ក្នុងរយៈពេល៣ឆ្នាំនៃការគ្រងខ្សែក្រវាត់ WBO នេះគឺជាលើកទី១ហើយដែលរូបគេ(Stieglitz )បរាជ័យនិងដាច់រយះមានឈាមពេញមុខ ។ថ្លែងបន្ទាប់ពីឈ្នះខ្សែក្រវាត់ Abrahamបានបញ្ជាក់ថា៖«នេះជាឱកាសដ៏រំភើបរីករាយសម្រាប់ខ្ញុំ ។ វាពិតជាមិនអាចរកពាក្យអ្វីមកថ្លាថ្លែងបាន ។ ពីមុនមក ខ្ញុំតែងតែចង់ក្លាយខ្លួនជាម្ចាស់ជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ ៧២,៦៤គីឡូក្រាមហើយខ្ញុំក៏ធ្វើបានសម្រេច ។ ប៉ុន្តែក្នុងពេលនេះ ខ្ញុំបានក្លាយទៅជាម្ចាស់ជើងឯកក្នុងទម្ងន់ ៧៦,២គីឡូក្រាមផងដែរ ។ ខ្ញុំបានហ្វឹកហាត់យ៉ាងសកម្មបំផុតសម្រាប់ការប្រកួតនេះ »។
ចំណែក Felix Sturmដែលកំពុងគ្រងខ្សែក្រវាត់ស្ថាប័ន WBAក្នុងទម្ងន់ ៧៦,២គីឡូក្រាមនេះបានអះអាងថា ខ្លួនចង់សាកកណ្តាប់ដៃជាមួយ Arthur Abrahamនៅពេលក្រោយ ៕



ចែករំលែកព័តមាននេះ