ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​​២​នាក់​ចុះ​លាង​ដៃ​ជើង​ក្នុង​រណ្តៅ​​លង់​ស្លាប់​

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ​នារី​វ័យ​​ក្មេង​​២​នាក់​ដែល​គេ​ស្គាល់​ថា ​​ជា​កម្ម​ករ​ចំការ​ដូង​ប្រេង​​បាន​លង់​ទឹក​ស្លាប់​ ខណៈ​​ពេល​ដែល​​ពួកនាង​ចុះ​​ទៅ​លាង​ដៃ​​លាង​​ជើង​​នៅ​នឹង​រណ្តៅ​​​​​មួយ​កន្លែង​បន្ទាប់​ពី​សម្រាក​ពី​ការ​ងារ​ ដើម្បី​​ទៅ​ហូប​បាយ​ថ្ងៃត្រង់ កាល​ពីថ្ងៃទី ២៥ សីហា ២០១២ ​វេលា​ម៉ោង​​១២​ថ្ងៃត្រង់ នៅ​ចំណុច​វាល​​ត្រាក (ប្លុក C4) ស្ថិត​ក្នុង​ភូមិ​អន្លង់​ក្រពើ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ។

តាម​​ព័ត៌​មាន​​ពី​ក្រុម​គ្រួសារ​​​សព​ឱ្យ​ដឹង​ថា នារី​រងគ្រោះ២​នាក់​ ១-ឈ្មោះ​សឿន នីន អាយុ​​២២​ឆ្នាំ ជា​កម្ម​ករ​កាប់​ព្រៃ​​ក្នុង​ចំកា​រ​ដូង​​ប្រេង​ មាន​ទី​លំនៅ​​ក្រុម​៩​ ភូមិ​ត្រពាំង​​គារ ឃុំ​ជើងគោ ​ស្រុក​ព្រៃនប់ ​និង​២-ឈ្មោះ​​អូច សាត ​អាយុ​២២​ឆ្នាំ ជា​កម្ម​ករ​ដូចគ្នា​​មាន​ទី​លំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។ តាម​លោក​ហ៊ូ សឿន អាយុ​​៥៦ឆ្នាំ ជា​ឪពុក​​បង្កើត​របស់​សព​នារី​រងគ្រោះ​​ឈ្មោះសឿន នីន បាន​រៀប​​រាប់​​ថា កូន​ស្រីគាត់​​បាន​ចូល​បម្រើ​ការ​ងារ​​ជា​កម្ម​ករចំការ​ដូង​ប្រេង​ប្រមាណ​ជាង​​២​ឆ្នាំ​មក​ហើយ ​គ្រាន់​នឹង​បាន​កម្រៃ​ខ្លះៗ​​មក​ជួយ​ផ្គត់​ផ្គង់​​គ្រួសារ ។ ​មុន​ពេល​កើត​ហេតុ​​ក្រោយ​ពី​​ឈប់​សម្រាក​ពី ការងារ​ម៉ោង​១១​ព្រឹក ​កូន​របស់​គាត់ និង​​នារី​រងគ្រោះ​ម្នាក់​ទៀត​បាន​ជិះ​គោ​យន្ត​​សម្រាប់​ដឹក​​កម្ម​ករ​ទៅ​សម្រាក​​ហូប​បាយ ។ ​លុះពេល​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​ស្រាប់​តែ​​គោ​យន្ត​ដែល​កូន​គាត់​ជិះ​​នោះ​បាន​ជាប់​ផុង ធ្វើ​ឱ្យ​កម្ម​ករ​មួយ​ចំនួន​នាំ​គ្នា​ទៅ​​មុន និង​លាង​ដៃ​លាង​ជើង​​នៅ​ចំណុច​នោះ​ ហើយ​នាំគ្នា​​ទៅ​​ហូប​បាយ​អស់​ នៅ​សល់​តែ​កូន​គាត់ និងនារី​រងគ្រោះ​ម្នាក់​ទៀត​ ។ ​​មួយ​សន្ទុះ​ក្រោយនារី​រងគ្រោះ​​ទាំង​២​នាក់​បាន​ចុះ​ទៅ​លាង​ដៃ​​លាង​ជើង​នៅ​ចំណុច​​កើតហេតុ​ខាងលើ ក៏​ត្រូវ​លង់​ទឹក​ស្លាប់​​ទាំង​ពីរនាក់​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕