យោងតាមប្រភពព័ត៌មានស៊ីនហួ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៦ សីហា ឆ្នាំ២០១២ ឱ្យដឹងថា នាង Dang Thu Thao និស្សិតផ្នែកហិរញ្ញវត្ថុ និងធនាគារ រស់នៅក្រុង Can Tho បានគ្រងមកុដបវរកញ្ញាវៀតណាមប្រចាំឆ្នាំ២០១២ ក្នុងពិធីធ្វើឡើងនៅសាលមហោស្រពនៃទីក្រុង Da Nang កាលពីរាត្រីថ្ងៃសៅរ៍ ទី២៥ សីហា ឆ្នាំ២០១២ ។
នារីកំពូលសម្រស់ដែនដីសណ្តទន្លេមេគង្គ វៀតណាមវ័យ២១ឆ្នាំរូបនេះ បានយកឈ្នះបេក្ខនារីក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន៤០នាក់ផ្សេងទៀតមកពីបណ្តាខេត្តនានាក្នុងប្រទេសវៀតណាម ។ នាងបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីគណៈវិនិច្ឆ័យប្រកាសឈ្មោះរបស់នាង ជាម្ចាស់មកុដបវរកញ្ញាឆ្នាំ២០១២ ។ ចំណែកឯចំណាត់ថ្នាក់លេខ២បានទៅលើនាង Duong Tu Anh និងចំណាត់ថ្នាក់លេខ៣ បានទៅលើនាង Do Hoang Anh ។
ក្រៅពីទទួលបានជ័យលាភីមកុដបវរកញ្ញា នាង Dang Thu Thao ក៏បទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន៣០០លានដុង ដែលស្មើនឹងជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ចំណែកឯចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់ចំនួន១៥០លានដុង ស្មើនឹងជាង៧ពាន់ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបានទឹកប្រាក់ចំនួន១០០លានដុង ស្មើនឹងជាង៤ពាន់ដុល្លារសហរដ្ឋអាមេរិក។
បវរកញ្ញាកម្ពស់១,៧៣ម៉ែត្ររូបនេះ បច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យ Tay do ៕




ចែករំលែកព័តមាននេះ