អតីតម្ចាស់ជើងឯកក្របខណ្ឌធំ Wimbledonនាង ប៉េត្រា គ្វីតូវ៉ាដណ្តើមបានពានជាលើកទី២ប្រចាំរដូវកាលបន្ទាប់ពីបានបំបាក់នាងម៉ារីយ៉ា គីរីឡឹនកូក្នុងវគ្គផ្តាច់ព្រ័ត្រកម្មវិធី New Haven Open នៅទីក្រុង New Haven រដ្ឋ Connecticutសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី ២៥សីហា ។
គ្វីតូវ៉ាវ័យ២២ឆ្នាំដណ្តើមបានពានជើងឯកជាលើកទី៩ក្នុងអាជីពបន្ទាប់ពីយកឈ្នះនាងគីរីឡឹនកូក្នុងលទ្ធផល ៧-៦និង៧-៥ ។ នៅក្នុងការប្រកួតដែលប្រើពេលអស់២ម៉ោងនិង៧នាទី គ្វីតូវ៉ាប្រើសឺវីសខ្លាំងចំនួន៧លើកនាំឱ្យនាងយកឈ្នះពិន្ទុសឺវីសទី១ចំនួន៥៦ភាគរយ ។ កាលពីប្រកួតក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងឡុងឆ្នាំ២០១២ គ្វីតូវ៉ាធ្លាប់បានជួបជាមួយគីរីឡឹនកូម្តងរួចមកហើយ ប៉ុន្តែកាលនោះនាងពុំទទួលបានជោគជ័យឡើយ។ សម្រាប់ការប្រកួតលើកនេះ គីរីឡឹនកូធ្វើមិនបានល្អឡើយដោយនាងបានយកឈ្នះពិន្ទុសឺវីសទី២របស់ខ្លួន ២៤ភាគរយប៉ុណ្ណោះ ។
សូមបញ្ជាក់ថា New Haven Openគឺជាកម្មវិធីប្រកួតកំដៅសាច់ដុំត្រៀមក្របខណ្ឌធំ US Open ។ ការឈ្នះពាននេះបានផ្តល់កន្លែងមួយដល់នាងគ្វីតូវ៉ាក្នុងក្របខណ្ឌ US Openផងដែរ ។ កីឡាការិនីឆែករូបនេះនឹងមានឱកាសទទួលបានទឹកប្រាក់បន្ថែម១លានដុល្លារអាមេរិកប្រសិនជានាងអាចយកឈ្នះពាន US Openឆ្នាំនេះ ។
ដោយឡែកការប្រកួតក្នុងកម្មវិធីមួយផ្សេងទៀតក្នុងថ្ងៃជាមួយគ្នានោះដែរ កីឡាករអាមេរិកចន អុីសន័របានយកឈ្នះពានកម្មវិធី Winston-Salem។ ក្នុងនាមជាកីឡាករការពារជើងឯក អុីសន័របានបំបាក់កីឡាករឆែកតូម៉ាស់ បឺឌីក្នុងលទ្ធផល ៣-៦,៦-៤និង៧-៦ ។ សម្រាប់អុីសន័រ នេះគឺជាការត្រៀមខ្លួនយ៉ាងល្អមួយក្នុងការចូលរួមក្របខណ្ឌធំ US Openដែលនឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ។ សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ហើយដែលអុីសន័រឈ្នះពានជើងឯកWinston-Salem៕
ចែករំលែកព័តមាននេះ