ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lorenzo​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​ម៉ូតូ ​Grand ​Prix​នៅ​ប្រទេស​ឆែក

13 ឆ្នាំ មុន

កីឡា​ករ​អេ​ស្ប៉ាញ​​ចច ឡូ​​រេន​​ហ្សូ​​​​​(Jorge Lorenzo)បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​​​បាន​យក​ឈ្នះ​ការ​នាំមុខ​បណ្តោះ​អាសន្ន​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Czech Republic Grand Prixនៅទីលាន​ប្រណាំង​ Brno សាធារណរដ្ឋ​ ​ឆែក​​​​​​​​កាល​ពី​ថ្ងៃ​​សៅរ៍​​ទី២៥​​​ ខែ​សី​ហា​ ​កន្លង​មកនេះ​។

ឡូ​រេន​ហ្សូ​ ​ដែល​ជា​អ្នក​បើក​បរ​ឱ្យ​ក្រុម​​យ៉ា​ម៉ា​ហា​​ ​បាន​យក​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ជា​លើក​ទី​៣​​ក្នុង​រដូវ​កាល​ ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រណាំង​ក្នុងថិ​​​រ​វេលា១នាទី​និង​៥៥.៧៩៩​​​​​​​វិនាទី​ប្រជែង​យក​ឈ្នះ​កីឡាករអង់​គ្លេស Cal Crutchlow​​​​​​​របស់​ក្រុម​ប្រណាំង ​Tech 3 Yamaha​​​​ដែល​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ចំណាត់​ថ្នាក់​ទី២​។ Crutchlow​​​​​​ ប្រើ​អស់​​ថិរវេលា​​១នាទី​និង៥៥.៩៩៥​​​វិនាទីគឺ​​០.១៩៦​​​​វិនាទី​យឺត​ជាង​កីឡាករ​ឡូ​រេន​ហ្សូ​ ​។​ ឯ​ចំណាត់​ថ្នាក់​ទី​៣​បាន​​ទៅ​លើ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​អេស្ប៉ាញ​ដដែល​គឺ​ដា​នី ប៉េដ្រូ​ហ្សា​ ។  ប៉េដ្រូ​ហ្សា ​ដែល​បើក​បរ​ឱ្យ​ក្រុមហុង​ដា​​បាន​បញ្ចប់​ការ​ប្រណាំង​ក្នុង​ថិរ​វេលា​១នាទី​និង​៥៦.៣២៧​​​វិនាទី​។

កីឡាករ​​អា​មេរិក​ ​បេន ស្ប៉ាយ​​​​​​​​​​ ​ដែល​ជា​អ្នក​បើក​បរឱ្យ​​ក្រុមយ៉ា​ម៉ា​ហា​​ ​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា១​នាទី​និង​៥៦.៣៣១​​​​វិនាទី​គឺ​០.៥២៨​​វិនាទី​យឺតជាង​កីឡាករ​​ឡូ​រេន​ហ្សូ​ និង​តាម​ពី​ក្រោយ​ដោយ​កីឡាករអុី​តា​លី​​ Andrea Dovizioso ​របស់​ក្រុម ​​Tech 3 Yamaha ​ដែល​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៥​។ កីឡាករ​ជើង​ខ្លាំង​របស់​អុីតា​លី​វ៉ា​ឡិន​ទី​ណូ រ៉ូស៊ី​​ ​បាន​ប្រើ​អស់​ថិរវេលា១នាទី​និង​៥៦.៧៣៥​​វិនាទី​ ​ស្ថិត​ក្នុង​លំ​ដាប់​ទី​៦​​ ។ ​ ឯ​កី​ឡា​ករ​​អា​ល្លឺ​ម៉ង់ Stefan Bradl ​បញ្ចប​់​ការ​ប្រណាំង​ស្ថិត​ក្នុង​ចំ​ណាត់​​ថ្នាក់​ទី៧​។​ កីឡា​កររូបនេះ​បាន​ប្រើ​អស់​ថិរ​វេលា១នាទី​និង​៥៦.៨២៧​វិនាទី យឺត​ជាង​កីឡាករឡូ​រេន​ហ្សូ​​​​​១.០២៨​វិនាទី​។​
​បន្ទាប់​ពីទទួល​បាន​ជោគជ័យ​ ឡូ​រេន​ហ្សូ​​បា​នបញ្ជាក់​ថា​៖«​វា​ជា​ចុង​សប្តាហ៍​ដ៏​ស្រស់​ត្រកាល​មួយ​។ ​​ស្អែក​គឺ​ជា​ថ្ងៃ​ប្រកួត​ប្រជែង​យ៉ាង​ស្វិត​ស្វាញ​បំ​ផុត​។

ខ្ញុំ​គិត​ថា វា​ច្បាស់​ជា​មាន​ការ​ប្រដេញ​គ្នា​យ៉ាង​ខ្លាំង​ក្លា​បំ​ផុត​»។  គេ​បាន​បន្ត​ថា​៖«ខ្ញុំ​ពិត​ជា​សប្បាយ​ចំពោះ​លទ្ធផល​ក្នុងពេល​​នេះ​។ ខ្ញុំ​បានចាប់​ផ្តើម​យ៉ាង​ល្អ​ ប៉ុន្តែ​បន្តិច​ក្រោយ​មក​​ ការ​គ្រប់​គ្រង​ម៉ូ​តូ​របស់​ខ្ញុំ​ហាក់​មាន​បញ្ហា » ។សម្រាប់​ឡូ​រេន​ហ្សូ​​ដែល​ជា​ជើង​ឯក​ពិ​ភព​លោក​២​សម័យ​កាល​ នេះ​គឺ​ជា​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​លើក​ទី​៤៧​ហើយ​នៃ​ការ​ប្រ​ណាំង​ចំ​នួន ១៧២​លើក​ក្នុង​អា​ជីព​ ៕