Alejandro Valverdeទទួលបានការអបអរសាទរពីបណ្តាអ្នកគាំទ្រក្នុងប្រទេសរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះដំណាក់ទី៨នៃការប្រណាំងកង់កម្មវិធី Tour of Spainនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃសៅរ៍ទី២៥ខែសីហាកន្លងមកនេះ។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីក្រុង Andorra។
Valverdeដែលជាអ្នកជិះកង់ឱ្យក្រុមMovistar Teamបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៧៤,៧គីឡូម៉ែត្រដោយការប្រណាំងចេញដំណើរពីទីក្រុង Lleidaឆ្ពោះទៅកាន់ទីក្រុង Andorraប្រទេសអេស្ប៉ាញ ។ Valverdeបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៤ម៉ោង៦នាទីនិង៣៩វិនាទីយកឈ្នះកីឡាករមិត្តរួមជាតិ Joaquim Rodriguez ជិះកង់ឱ្យក្រុម Katusha Team និងបានយកឈ្នះកីឡាករមិត្តរួមជាតិម្នាក់ទៀតគឺ Alberto Contadorជិះកង់ឱ្យក្រុម Saxo Bank – Tinkoff Bankដែលទាំង២នាក់ប្រើថិរវេលាស្មើៗគ្នា។
Valverde វ័យ៣២ឆ្នាំបានថ្លែងក្នុងក្តីរីករាយថា៖«ខ្ញុំចាប់វាយប្រហារនៅចំណោតផ្លូវចុងក្រោយ ។ ខ្ញុំបានដឹងថា ដៃគូប្រជែងរបស់ខ្ញុំ Joaquim Rodriguezពិតជាដឹងច្បាស់ពីស្ថានភាពផ្លូវឡើងចំណោតនេះ ។ ជ័យជម្នះលើកនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់រូបខ្ញុំ »។
បើទោះជារូបគេបានយកឈ្នះការប្រណាំងក្នុងដំណាក់នេះក៏ពិតមែន ប៉ុន្តែនៅលើតារាងថិរវេលាសរុប រូបគេនៅតែពុំទាន់អាចដណ្តើមបានការនាំមុខជាដដែល ដ្បិតកីឡាករមិត្តរួមជាតិរបស់គេ Joaquim Rodriguezដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី២នោះ នៅតែសន្សំពេលវេលាបានយ៉ាងល្អបំផុតគ្រងអាវកាក់ពណ៌ក្រហមក្នុងនាមជាអ្នកនាំមុខគេសម្រាប់ការប្រណាំងទាំងមូលដដែល ។
ឆ្លងកាត់ការប្រណាំងចំនួន៨ដំណាក់មកនេះ Joaquim Rodriguez ដែលជិះកង់ឱ្យក្រុម Katusha Teamបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ២៩ម៉ោង៥៩នាទីនិង៣៥វិនាទីនាំមុខកីឡាករអង់គ្លេស Christopher Froomeដែលប្រើថិរវេលាច្រើនជាង៣៣វិនាទី។ ចំណែកកីឡាករអេស្ប៉ាញម្នាក់ទៀតអាល់បឺតូ កុងតាឌ័រស្ថិតនៅលំដាប់ទី៣បន្ទាប់ពីបានប្រើថិរវេលាច្រើនជាងកីឡាករ Rodriguez ៤០វិនាទី ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣.៣៦០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៩ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៩៦,៣គីឡូម៉ែត្រដោយការប្រណាំងចាប់ចេញដំណើរពីទីក្រុង Andorra ឆ្ពោះទៅកាន់ទីក្រុង Barcelonaប្រទេសអេស្ប៉ាញ ៕
ចែករំលែកព័តមាននេះ