ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ ហ៊ុន សែន ​នឹងអញ្ជើញ​​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​​សេដ្ឋកិច្ចអាស៊ាន ​និង​ធុរកិច្ច​កំពូល​អាស៊ាន-​អាមេរិក

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅថ្ងៃទី២៧ សីហា ២០១២ ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ានលើកទី៤៤ នៅក្រុងសៀមរាប ។កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ានលើកទី៤៤ ដែលមានប្រទេសទំាង១០ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមឧត្តមមន្រ្តីនៃក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន​កាល​ពីថ្ងៃទី២៥ សីហា ២០១២ បានធ្វើការពិភាក្សារួមគ្នាអំពីតំបន់វិនិយោគ និងធ្វើការពិនិត្យ​ទៅលើរបាយការណ៍​មួយចំនួនស្ដីពី​តំបន់​សេរីអាស៊ាន និងស្វែងរកផលចំណេញខាងផ្នែកពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក មុននឹងដាក់ជូន​រដ្ឋមន្រ្តីសេដ្ឋ​កិច្ចអាស៊ាន​ពិនិត្យសម្រេចបន្ត ។

គួរបញ្ជាក់ថា ក្រៅពីដំណើរការនៃកិច្ចប្រជុំក្រុមរដ្ឋមន្ត្រី​សេដ្ឋ​កិច្ចអាស៊ានដែលមានរយៈពេល៧ថ្ងៃ នៅក្នុងខេត្តសៀមរាប ក៏នឹងមាន​ការជួប ពិភាក្សារវាងក្រុមរដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានជាមួយនឹងបណ្តាប្រទេសនៅក្រៅតំបន់ចំនួន៨ផ្សេងទៀតចូលរួមផងដែរ រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ី ចិន និងជប៉ុន ។ ជាមួយគ្នានេះដែរ យោងតាម​សេចក្តី​ប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា សហរដ្ឋអាមេរិកមាន​គម្រោង នឹង​បញ្ជូនលោករ៉ន ខឺក ដែល​ជាទីប្រឹក្សាសេដ្ឋ​កិច្ចជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា ចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី​ពាណិជ្ជ​កម្មអាស៊ាន និងជួបប្រជុំផ្នែកធុរកិច្ចកំពូលរវាងសហរដ្ឋអាមេរិក អាស៊ាន ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕