រាជធានីភ្នំពេញ ៖ នៅទីបំផុតកីឡាករជើងខ្លាំង ឈាង ហុង បានបំផ្លាញក្តីសង្ឃឹមរបស់កីឡាករ ឃឹម ពេជ្រចិន្តា ទាំងស្រុងក្នុងការប្រកួតសងសឹក ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី២៤ សីហា នៅសង្វៀនបាយ័នបឹងស្នោ ។ មិនត្រឹមតែធ្វើឱ្យឃឹម ពេជ្រចិន្តា មិនអាចប៉ះប៉ូវចំពោះការបរាជ័យក្នុងជំនួបលើកទី១ កាលពីគ្រាមុនប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លាចាស់ម្នាក់នេះចាញ់យ៉ាងអាម៉ាស់ដោយត្រូវសន្លប់ក្នុងទឹកទី២ ស្ទើរមិនគួរឱ្យជឿទៀតផង ។
ការប្រកួតរវាងកីឡាករល្បីឈ្មោះមកពីក្លិបបុរីនាគរាជ ឃឹម ពេជ្រចិន្តា និងកីឡាករឈាង ហុង មកពីក្លិបមជ្ឈមណ្ឌលអាវុធគីមី បានធ្វើឱ្យកើតមានសំឡេងហ៊ោកញ្ជ្រៀវមិនចាញ់ការប្រកួតសងសឹករវាងកីឡាករល្បីឈ្មោះកាលពីថ្ងៃអាទិត្យកន្លងទៅឡើយ បន្ទាប់ពីគូប្រកួតស៊ីសាច់ហុតឈាមទាំង២នេះចាប់ផ្តើមវាយលុកដាក់គ្នាទៅវិញទៅមកតាំងពីទឹកទី១តែម្តង ។ ការប្រកួតរវាងគូសងសឹក១គូនេះបានបង្ហាញកាន់តែច្បាស់ថា សិស្សប្អូនឈាង ហុង គឺជាអ្នកមានប្រៀបជាងមុនទ្វេដងលើកីឡាករវ័យ២៣ឆ្នាំ ឃឹម ពេជ្រចិន្តា ក្នុងជំនួបគ្នាលើកនេះ ។
កាលពួកគេប្រកួតគ្នាលើកទី១ កីឡាករទាំង២ត្រូវគេមើលឃើញថាមានកម្លាំងប្រហាក់ប្រហែលគ្នានៅឡើយទេ ហើយបើទោះជាកីឡាករឈាង ហុង បានឈ្នះឃឹម ពេជ្រចិន្តា មែន តែនោះជាជ័យជម្នះដោយពិន្ទុទាំងប្រផិតប្រផើយបំផុត ។ ប៉ុន្តែខកខានការប្រកួតគ្នាតែជាង៣ខែសោះ ឈាង ហុង បានបង្ហាញពីសមត្ថភាពស្ទើរនឹកស្មានមិនដល់ ។ បើទោះជាអ្នកខ្លះថាឃឹម ពេជ្រចិន្តា ត្រូវសន្លប់ក្រោមដៃឈាង ហុង ព្រោះតែភ្លាត់ស្នៀត ប៉ុន្តែបើឈាង ហុង មិនរហ័សដៃ និងពូកែវាយកែងដោយប្រើបច្ចេកទេសខ្ពស់ទេ គឺមិនអាចធ្វើឱ្យឃឹម ពេជ្រចិន្តា បែកប្រអប់មាត់រហូតដល់កំណត់ឱ្យចាញ់ដោយស្វ័យប្រវត្តិបែបនេះកើតដែរ ។ អាជ្ញាកណ្តាល និងគណៈកម្មការបានសម្រេចបញ្ឈប់ការប្រកួតភ្លាមៗក្នុងទឹកទី២ បន្ទាប់ពីឃើញឃឹម ពេជ្រចិន្តា មានសភាពហូរឈាមចេញពីប្រអប់មាត់ ដែលអាចបណ្តាលមកពីលោកបែកអញ្ចាញខាងក្នុងមានកម្រិតធ្ងន់ធ្ងរ ។
តាមរយៈការបរាជ័យយ៉ាងអាម៉ាស់ជាងមុននេះបញ្ជាក់ថា ខ្លាចាស់ ឃឹម ពេជ្រចិន្តា ដែលប្រឡូកការប្រកួតដល់ទៅ៧៦ដងនៅតែមិនអាចស្តារមុខមាត់ក្នុងជំនួបសងសឹកឈាង ហុង ដែលទើបឡើងរេញបាន៦៤ដងតិចជាងខ្លួន ។ លទ្ធផលនេះបញ្ជាក់ពីការថយក្រោយរបស់កីឡាករឃឹម ពេជ្រចិន្តា ខណៈដែលកីឡាករវ័យ១៨ឆ្នាំ ឈាង ហុង បែរជាត្រូវមើលឃើញថាមានការរីកចម្រើនផ្នែកសមត្ថភាពប្រកួតល្អពីមួយប្រកួតទៅមួយប្រកួត ជាមួយនឹងការប្រកួតឈ្នះជាប់សូរគ្នា នាពេលចុងក្រោយនេះ ។ ទោះជាយ៉ាងណា លោកឯម ចាន់សុផល គ្រូបង្វឹករបស់កីឡាករ ឃឹម ពេជ្រចិន្តា នៅតែមានបំណងឱ្យកូនសិស្សរបស់ខ្លួនជួបប្រកួតលើកទី៣ជាមួយកីឡាករឈាង ហុង ដោយលោកមានជំនឿថា ការប្រកួតសងសឹកសាជាថ្មីនោះលទ្ធផល គឺពិតជាប្រែប្រួលមិនខាន ។
ចំពោះកីឡាករឈាង ហុង បើទោះជាមានសំណាងផ្តួលសិស្សច្បងឃឹម ពេជ្រចិន្តា ឱ្យសន្លប់ក្នុងទឹកទី២ តែលោកក៏នៅប្រុងប្រយ័ត្នបើខាងគណៈកម្មការតម្រូវឱ្យលោកជួបប្រកួតជាលើកទី៣ជាមួយឃឹម ពេជ្រចិន្តា ។ លោកថ្លែងថាមិនអាចមើលស្រាលឃឹម ពេជ្រចិន្តា បានទេ បើទោះជាម្តងនេះលោកអាចឈ្នះគេដោយផ្តួលគេឱ្យសន្លប់មុនចប់ទឹកទី២ក៏ដោយ ។
ដោយឡែកចំពោះលទ្ធផលគូផ្សេងទៀតនាថ្ងៃសុក្រលើសង្វៀនដដែលនោះ កីឡាករស៊ឹង សុភ័ក្ត្រ មកពីក្លិបមិត្តប៉ូលិសបានចាញ់ក្រោមដៃកីឡាករវង្ស ចាន់នី មកពីក្លិបនាគមានជ័យ ដោយពិន្ទុ ។ កីឡាករមួក សាវឌី មកពីក្លិបកុមារកំព្រា ឈ្នះពិន្ទុកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបខេមរិន្ទ ។ កីឡាករ នៅ ស៊ីថា មកពីក្លិបរតនគិរី ធ្វើឱ្យកីឡាករចាន់ ឆាយម៉ៅ ចាញ់ដោយពិន្ទុ និងកីឡាករឆាយ មាស មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនប្រចាំខេត្តក្រចេះ បានឈ្នះកីឡាករ ផាន់ សារ៉ុន មកពីក្លិបព្រះខ័នរាជដោយពិន្ទុ ។ គូពិសេសទី៤នេះ ត្រូវគេកត់សម្គាល់ថា បានធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវឡើងកក្រើកសង្វៀនបឹងស្នោមិនចាញ់គូឯកឡើយ ដោយសារតែអ្នកទាំង២មានសកម្មភាពវាយលុយគ្នាទៅវិញទៅមក ដោយមិនសំចៃដៃតាំងពីឆ្លងផុតទឹកទី២ ។
វង្ស ណយ ឈ្នះ ឯម ខ្លឹមខ្មៅ ក្នុងជំនួបឥតព្រាងទុកនៅបាយ័នបឹងស្នោ កាលពីថ្ងៃសៅរ៍កីឡាករចិត្តធំ ឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យ បានមកកាន់សង្វៀនបាយ័នបឹងស្នោ ដើម្បីប្រកួតសងសឹកជាមួយកីឡាករ ហឹុម សារ៉ាន់ មកពីក្លិបក្រសួងការពារជាតិ តាមការគ្រោងទុកកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែសភាពការណ៍ស្រាប់តែប្រែប្រួលដូចកាលពីសប្តាហ៍កន្លងទៅដែរ ដោយអ្នករៀបចំកម្មវិធីបានផ្លាស់ប្តូរកីឡាករយ៉ាងតក់ក្រហល់ ធ្វើឱ្យមហាជនស្រឡាំងកាំងគ្រប់គ្នា ដោយសារតែកីឡាករ ឯម ខ្លឹមខ្មៅ ត្រូវគេប្តូរឱ្យមកប្រកួតជាមួយកីឡាករជើងខ្លាំង វង្ស ណយ ដោយឥតព្រាងទុកទៅវិញ។
ជំនួបសងសឹករវាងកីឡាករ ឯម ខ្លឹមខ្មៅ និងកីឡាករ ហឹុម សារ៉ាន់ ត្រូវបានរំសាយ ហើយធ្វើការផ្លាស់ប្តូរភ្លាមៗតែប៉ុន្មានម៉ោងមុនការប្រកួតចាប់ផ្តើម ។ យោងតាមប្រភពពីក្រុមកីឡាករបានបន្លុយពាក្យថា ការអាក់ខានមិនអាចប្រកួតបានរបស់កីឡាករ ហឹុម សារ៉ាន់ នេះដោយសារតែទូរទស្សន៍ប៉ុស្តិ៍លេខ៥ផ្គូផ្គងឱ្យជួបប្រកួតជាមួយកីឡាករ សឹង្ហ សាវន មកពីក្លិបសិង្ហកីឡាមុនទូរទស្សន៍បាយ័នទាក់ទង ។ អីុចឹងហើយទើប ហឹុម សារ៉ាន់ មិនអាចមកបាន ហើយក៏ជូនដំណឹងដល់ខាងបាយ័នដើម្បីសុំការអធ្យាស្រ័យចំពោះការខកខាននេះ។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរអ្នកប្រដាល់នេះមិនបានធ្វើឱ្យអ្នកតាមដានខកបំណងប៉ុន្មានឡើយ ដោយសារតែវត្តមានកីឡាករដែលត្រូវមកជំនួសមានប្រវត្តិប្រកួតគួរឱ្យចាប់អារម្មណ៍ ។
ជាក់ស្តែងជំនួបប្រកួតឥតព្រាងទុករបស់កីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យ ជាមួយកីឡាករ វង្ស ណយ ដែលជាអតីតម្ចាស់េមដាយប្រាក់នៅសីុហ្គេមប្រទេសឡាវកាលពីឆ្នាំ២០១១ មកពីក្លិបកងពលតូចលេខ៣១ បានបង្កឱ្យសង្វៀនទូរទស្សន៍បាយ័នកក្រើកមិនតិចដែរ ដោយសារតែពួកគេមានក្បាច់ប្រដាល់ពិសេសរៀងខ្លួនគួរឱ្យចាប់អារម្មណ៍ និងធ្លាប់ប៉ះគ្នានៅលើរេញបានប៉ុន្មានលើកដែរ ។
មុនពេលចូលប្រកួតជំនួសកីឡាករ ហឹុម សារ៉ាន់ វង្ស ណយបានបញ្ជាក់ប្រាប់ភ្នាក់ងារកោះសន្តិភាពទាំងអារម្មណ៍មិនសូវទុកចិត្តមុនថា លោកមានការបារម្ភដោយសារតែលោកធ្វើការហ្វឹកហាត់បានតិចតួច ធាតុពិតអ្នកប្រដាល់ពេលមានកម្មវិធីប្រកួតគេហ្វឹកហាត់យ៉ាងហោចណាស់ក៏៧ថ្ងៃដែរ បើទោះជាយើងត្រូវគេចាត់ទុកជាជើងខ្លាំងក៏ដោយ ។ ទោះយ៉ាងណាលោកនឹងខិតខំប្រកួតឱ្យបានល្អ ដើម្បីយកជ័យជម្នះមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ។ ចំណែកកីឡាករ ឯម ខ្លឹមខ្មៅ ដែលតែងធ្វើឱ្យគូប្រកួតញាក់សាច់ម្តងៗពេលជួបគ្នានៅលើសង្វៀននោះក៏បានឱ្យដឹងដែរថា សម្រាប់លោកមិនសំខាន់ទេដាក់កីឡាករណាក៏បានដែរស្រេចតែលើអ្នករៀបចំ សំខាន់អ្នកដែលត្រូវមកជួបលោកសុទ្ធតែជាអ្នកមានសមត្ថភាព ទើបគេដាក់ឱ្យប្រកួតជាមួយយើង។ ដូច្នេះលោកក៏ប្តេជ្ញាយកឈ្នះការប្រកួតនេះដែរ ដោយការប្រើបច្ចេកទេសប្រដាល់ឱ្យបានល្អបំផុតសម្រាប់ជាចំណីចក្ខុដល់អ្នកទស្សនា។
ឆ្លងកាត់ការប្រកួតពីរទឹកដំបូង ទាំងវង្ស ណយ និងខ្លឹមខ្មៅ មិនបានបញ្ចេញក្បាច់ពិសេសណាមួយឱ្យមហាជនចាប់អារម្មណ៍ឡើយ រហូតធ្វើឱ្យអ្នកមកមើលផ្ទាល់នៅសង្វៀនចង់ងឿកនាំគ្នាត្រឡប់ទៅផ្ទះវិញទៀតផង ។ តែចាប់ពីទឹកទី៣ទៅពួកគេបានសម្រុកវាយគ្នាទៅវិញទៅមក ហើយខ្លឹមខ្មៅ បានវាយ១កែងចំចិញ្ចើម វង្ស ណយ បែកឈាមធ្វើឱ្យអ្នកទស្សនាដែលចង់ងងុយដេកម្តងៗទៅហើយនោះបានស្វាងគ្រប់គ្នា ហើយទះដៃហ៊ោកញ្ជ្រៀវគាំទ្រការប្រកួតរបស់កីឡាករទាំងពីរ ។ យ៉ាងណាក៏ដោយ កីឡាករឯម ខ្លឹមខ្មៅ ដែលបានប្រើកែងវាយត្រូវវង្ស ណយ ធ្វើឱ្យបុកពោះមិនតិចនោះបែរជាត្រូវចាញ់ ដោយពិន្ទុុទាំងមិនអស់ចិត្តទៅវិញ ។
រីឯលទ្ធផលគូប្រកួតលក្ខណៈមិត្តភាពវិញ កីឡាករ នូ យួក មកពីក្លិបគជសារកីឡា ចាញ់ពិន្ទុកីឡាករ ឯម វណ្ណា មកពីក្លិបគ្រុឌមានជ័យ ។
កីឡាការិនី អេ យ៉ានុត មកពីក្លិបអេភូថងកីឡា ឈ្នះពិន្ទុកីឡាការិនី សូយ គឹមហៀង មកពីក្លិបអូដឹមកីឡា ។ កីឡាករ ពៅ សារ៉ាក់ មកពីក្លិបបាត់ដំបងពាយ័ព្យ ប្រកួតចាញ់ពិន្ទុកីឡាករ ឈិន ធារ៉ាន់ មកពីក្លិបអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងកីឡាករ ណៃ ណន មកពីក្លិបខេមរៈខ្លាហោះ ឈ្នះពិន្ទុកីឡាករបឿត រិទ្ធី មកពីក្លិបនិរោធមានជ័យ ៕


ចែករំលែកព័តមាននេះ