រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគមណ្ឌលរាជធានីភ្នំពេញ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៥ សីហា កន្លងមកបានបញ្ចប់ការប្រកួតជាស្ថាពរហើយនាល្ងាចថ្ងៃទី២៤ សីហា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូល
រួមប្រគល់ពានរង្វាន់ពីសំណាក់លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ។
លទ្ធផល និងចំណាត់ថ្នាក់សម្រាប់កីឡាអត្តពលកម្ម លេខ១បានទៅក្រុមកីឡាអត្តពលកម្មក្រសួងមហាផ្ទៃ ដែលទទួលបានមេដាយមាស៥ ប្រាក់៥ និងសំរឹទ្ធិ២ ។ ចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាអត្តពលកម្មសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដោយបានមេដាយមាស៥ ប្រាក់៤ និងសំរឹទ្ធិ២ និងចំណាត់ថ្នាក់លេខ៣បានទៅក្រុមក្រសួងការពារជាតិ ដែលបានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធិ៤ ។
ចំណែកកីឡាបាល់បោះ ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាក្រសួងមហាផ្ទៃ និងចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡារាជធានីភ្នំពេញ ។ កីឡាបាល់ទះ ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡារាជធានីភ្នំពេញ លេខ២បានទៅក្រុមកីឡាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមកីឡាអង្គការដើម្បីភាពញញឹមនៃកុមារ ។ ចំពោះកីឡាបាល់ទាត់វិញ ចំណាត់ថ្នាក់លេខ១បានទៅក្រុមកីឡាសម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិតបញ្ញវន្តកម្ពុជា ចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាCMAC និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសាកលវិទ្យាល័យកម្ពុជា ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស៊ាន បូរ៉ាត បានលើកឡើងថា លទ្ធផលនៃការប្រកួតដែលយើងទទួលបាននាពេលនេះ គឺជាការរួមចំណែកជាវិជ្ជមានមួយក្នុងការធ្វើឱ្យកាន់តែប្រសើរ និងរីកចម្រើនឡើងមួយកម្រិតទៀតលើគ្រប់វិស័យកីឡានៅតាមភូមិភាគ ក៏ដូចជានៅទូទាំងប្រទេស ។ ទោះបីការប្រកួតជាលក្ខណៈអន្តរជាតិក្នុងនិងក្រៅប្រទេសកម្រិតបច្ចេកទេសរបស់យើងនៅឆ្ងាយពីប្រទេសជិតខាងក៏ពិតមែន ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែង ហើយក្នុងន័យនេះយើងជឿជាក់ថាអនាគតកីឡាគ្រប់ប្រភេទក្នុងប្រទេសយើងពិតជាទទួលបានជោគជ័យជាក់ជាមិនខាន ។
សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគមណ្ឌលរាជធានីភ្នំពេញ ដែលចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា មកនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកមាន៤ប្រភេទ កីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ៕
ចែករំលែកព័តមាននេះ