ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​​វគ្គ​​​បណ្តុះ​បណ្តាល​​គ្រូ​បង្វឹក​​បាល់​ទាត់​​កម្រិត​ខ្ពស់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​​វគ្គ​​បណ្តុះ​បណ្តាល​​​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​​ខ្ពស់​​បង្រៀន​​ដោយ​គ្រូ​មក​​ពី​​ FIFA ដែល​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី​​២០ សីហា នៅ​ក្នុង​មជ្ឈ​មណ្ឌល​​បាល់​ទាត់​ជាតិ​រាជ​ធានី​ភ្នំពេញ​ ​មក​​ដល់​ថ្ងៃ​ទី​​២៤ សីហា ​កន្លង​ទៅ​​បាន​​បញ្ចប់​​​ហើយ​ ដោយ​មាន​​កា​រអញ្ជើញ​​ចូល​រួម​​​បិទ​វគ្គ​​​ពី​លោក​​គល់ សុផាណា អគ្គ​លេខាធិការ​​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​កម្ពុជា និង​​សិក្ខា​កាម​​ចូល​រៀន​​ក្នុង​វគ្គ​​នេះ​ដែល​​សុទ្ធ​តែ​​ជា​គ្រូ​បង្វឹក​​ គ្រូ​​ជំនួយ​​តាម​​ក្លិប​​ធំៗ​​លេង​​នៅ​ក្នុង​ League គ្រូ​​ និង​គ្រូ​​ជំនួយ​ជម្រើស​​ជាតិ​ គ្រូ​​កំពុង​​បង្ហាត់​​ក្រុម​​ជម្រើស​​​តា​ម​ប្រភេទ​​អាយុ​​នានា​សរុប​​​៣០​នាក់ ។

លោក​ Kelly Cross ជា​គ្រូ​បង្វឹក​​ដែល​ FIFA បញ្ជូន​​មក​​បង្ហាត់​​បង្រៀន​​មាន​ប្រសាសន៍​​ថា​ ​​វគ្គ​បណ្តុះ​បណ្តាល​​នេះ​មាន​​លក្ខណៈ​​ពិសេស​​ដោយ​សារ​​ការ​សិក្សា​​​មាន​ការ​​អនុវត្ត​​ផ្ទាល់​​លើ​ទី​លាន​​រួម​​ជាមួយ​នឹង​​ការ​សិក្សា​​ទៅ​លើ​​ទ្រឹស្តី​​ មិន​តែ​ប៉ុណ្ណោះ​​យុទ្ធ​វិធី​​នៃ​ការ​​កសាង​​ក្រុម​មួយ​​ឱ្យ​​ខ្លាំង​ កា​រ​ធ្វើ​​ឱ្យ​កីឡា​​ករ​ប្រកប​ដោយ​​ថាម​ពល​ និង​ពោរ​ពេញ​​ដោយ​​កល​ល្បិច​​ក៏​ត្រូវ​បាន​​លោក​លើក​​យក​មក​​បង្រៀន​​ផង​ដែរ ។​

​មាន​ប្រសាសន៍​​ក្នុង​​ឱកាស​នោះ​​ លោក​គល់ ​សុផាណា​ អគ្គ​លេខា​ធិការ​​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​​កម្ពុជា​​បាន​​ថ្លែង​​អំណរ​គុណ​​ចំពោះ​​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​​អន្តរ​ជាតិ​ ដែល​បាន​​អនុញ្ញាត​​ឱ្យ​សហព័ន្ធ​​កីឡា​​បាល់​​ទាត់​​រៀប​ចំ​​វគ្គ​សិក្សា​​នេះ​ ដើម្បី​​អភិវឌ្ឍន៍​​ធន​ធាន​មនុស្ស​​​ក្នុង​វិស័យ​​កីឡា​​ដ៏​មាន​ប្រជា​ប្រិយ​​ភាព​​ក្នុង​ពិ​ភព​​លោក​​នេះ ។ ​

លោក​​ក៏​បាន​​ផ្តាំ​​​ផ្ញើ​ដល់​សិក្ខា​កាម​​ទាំង​អស់​ដែល​​បាន​ចូលរួម​វគ្គ​​សិក្សា​​ថ្ងៃដំបូង​​រហូត​ដល់​ថ្ងៃ​បញ្ចប់​​នេះ​ ត្រូវ​​យក​ចំណេះ​​ដឹង​ដែល​ខ្លួន​​ទទួល​បាន​​ពី​លោក​​​គ្រូ​បង្វឹក​​ទៅ​បម្រើ​​កា​រងារ​​តាម​អង្គ​ភាព​​រៀង​ៗ​ខ្លួន​​ឱ្យ​មាន​ប្រសិទ្ធ​ភាព​​សម្រាប់​​វិស័យ​បាល់​ទាត់​​នា​ពេល​បច្ចុ​ប្បន្ន​​ និង​​ទៅ​អនា​គត​ ។ ​សូម​បញ្ជាក់​​ថា សិក្ខា​កាម​​ទាំង​អស់​​ដែល​បាន​​ចូល​រួម​​ក្នុង​វគ្គ​នេះ​សុទ្ធ​តែ​​បាន​ទទួល​​វិញ្ញា​​បន​ប័ត្រ​​បញ្ជាក់​​ការ​សិក្សា​​គ្រប់​ៗ​គ្នា ៕