ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិត្យ​ សុវណ្ណគិរី​ និង ​ឃឹម​​ ឌី​ម៉ា ស្នើ​ពិន្ទុ​​កីឡាករ​​ថៃ ខណៈកីឡាករ នួន​ វិចិត្រ​​ ចាញ់​ពិន្ទុ​​ទាំង​មិនអស់​ចិត្ត​

13 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ កីឡា​​ករ​​​ទិត្យ​ សុវណ្ណ​គិរី​ មក​​ពី​​ក្លិប​​សមា​គម​​កីឡា​ប្រដាល់​​​ក្រសួង​​​កសិ​កម្ម​​​ និង​ឃឹម​ ឌីម៉ា ​​មក​ពី​ក្លិប​​​អប្សរាក្បាច់​គុន​ខ្មែរ​ប្រកួត​​​ស្មើ​ពិន្ទុ​​ជា​មួយ​កីឡាករ​​ថៃ​ រី​ឯ​កីឡាករ​​​​នួន​ វិចិត្រ​ មក​ពី​ក្លិប​​​សមាគម​​កីឡា​​​ប្រដាល់​​​ក្រសួង​​មហា​ផ្ទៃ​ ប្រកួត​​ចាញ់​ពិន្ទុ​​​កីឡាករ​ថៃ​ នៅ​លើ​សង្វៀន​​​ស្តាត​ចាស់​​​​​ដែល​រៀប​ចំ​ឡើង​​ដោយ​ស្ថា​នីយ​​​ទូរទស្សន៍​​អប្សរា​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៥ ​សីហាកន្លង​មក​នេះ​ ។

ទិត្យ​ សុវណ្ណគិរី​​ ប៉ះ​​ជើង​ខ្លាំង​​YUOK KHAV SITPHANTOU ដែល​មាន​​​ប្រវត្តិ​ធ្លាប់​​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​​​រហូត​ដល់​​​ទៅ​៣០​ដង​​ឯណោះ ប៉ុន្តែ​​​គិរី​ បាន​បង្ហាញ​​​​ភាព​ខ្លាំង​​​របស់​ខ្លួន​​ចាប់​ព​ី​​ទឹក​ទី​១រហូត​ដល់​ទឹក​ទី​៣ ខណៈ​ដែល​YUOK KHAV SITPHANTOU បាន​បង្កើន​ការ​វាយ​បក​វិញ​យ៉ាង​​សាហាវ​​​នៅ​ទឹក​ទី​​៤ ​និង​ទី​៥ ។ ស្នៀត​កែង​ និង​ជង្គង់​​របស់​គិរី​​​​បាន​​ធ្វើឱ្យ​កីឡាករ​​​​ថៃ​ ស្ថិត​​នៅ​ក្នុង​ស្ថាន​ភាព​​​លំបាក​​យ៉ាង​ខ្លាំង​​​ ប៉ុន្តែ​​បើ​និយាយ​​​ពី​កម្លាំង​​វិញ​​​គឺ​ចាញ់​YUOK KHAV SITPHANTOU ដូច្នេះការ​ផ្តល់​ពិន្ទុ​​ស្នើគ្នា​នេះ​​គឺ​ជា​​រឿង​ល្អ​បំផុត ។

កីឡាករ​​​ឃឹម​ ឌី​ម៉ា ​ប្រកួត​​ស្មើ​ពិន្ទុ​ជាមួយ​​​កីឡាករ​ថៃ CHHATH CHHAY NOY SITPHANTOU ។ ឌីម៉ា ដែល​មាន​​ស្នៀត​​​កែង​ និង​ជង្គង់​​​ល្អ​នោះ​ទី​បំផុត​​​គេ​នៅ​តែ​ជួប​ការ​លំបាក​​​ ខណៈ​​ដែល​CHHATH CHHAY NOY SITPHANTOU បាន​ប្រើ​​ស្នៀត​​ជង្គង់​​ និង​​​ជើង​​វាយ​​បក​សង​វិញ​​យ៉ាង​រហ័ស​ ប៉ុន្តែ​ឌីម៉ា ​នៅ​តែ​រក្សា​គោល​ជំហរ​​របស់​ខ្លួនក្នុង​​ការ​វាយ​​​​លុក​​មិនដក​ថយ​​ឡើយ​នៅ​​ក្នុង​ទឹក​ទី​​២ និង​ទី​៣ ។ ទោះ​ជា​យ៉ាង​ណា​​​កម្លាំង​​​​របស់​ឌី​ម៉ា​​​រក្សា​បាន​ល្អ​​ត្រឹម​ទឹក​ទី​​៤ប៉ុណ្ណោះ ​ទើប​CHHATH CHHAY NOY SITPHANTOU សម្រុក​​ចូល​ប្រើ​​ស្នៀត​ជើង​​ទាត់​មកលើ​ឌីម៉ា​​ផ្ទួន​ៗ​ ។ ឌីម៉ាមិន​ហ៊ាន​​​វាយ​សម្រុក​​​ឡើយ​នៅ​ចុង​ទឹក​ទី​​៤ និង​ទី​​៥ ​ព្រោះ​​​កម្លាំង​​​របស់​គេ​​​មាន​ការ​ថយ​ចុះ​យ៉ាង​​​​ខ្លាំង​ ទោះ​បីជា​​យ៉ាង​ណា​​​​គេ​បានប្រើ​​កណ្តាប់​ដៃ​​​វាយ​ទប់​​​ទល់​ចំពោះ​​​​​ការ​វាយ​បក​របស់​​CHHATH CHHAY NOY SITPHANTOU ។

នួន​ វិចិត្រ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​​​ថៃ​ SUPER LEK SITPHANTOU ។ វិចិត្រ​ ធ្វើ​បាន​ល្អ​​នៅ​ត្រឹម​​​ទឹក​ទី​​​១​ និង​ទី​​២ប៉ុណ្ណោះ លុះ​​ចាប់​ពី​ទឹក​ទី​​​៣​រហូត​ទៅ​ត្រូវ​SUPER LEK SITPHANTOU បង្ខំ​ឱ្យ​ស្ថិត​​នៅ​​អែប​ខ្សែ​រេញ​រហូត​​ ។ ស្នៀត​ដៃ​ និង​ជង្គង់​​របស់​​​វិចិត្រ​ ដែល​ល្បី​ថា​ល្អ​បំផុត​នោះ​មិនអាច​​​ធ្វើអ្វី​​​SUPER LEK SITPHANTOU ​​បាន​ឡើយ​ ហើយ​ការ​បរាជ័យ​​​​លើក​នេះ​បាន​ធ្វើឱ្យ​អ្នក​មើល​មិន​សូវ​​​សប្បាយ​ចិត្ត​ប៉ុន្មាន​​ឡើយ​ ។

ក្រៅ​​ពី​គូប្រកួត​​​លក្ខណៈ​​មិត្ត​ភាព​​​អន្តរជាតិ​​​នេះ​ទៅ​​​នៅមាន​​​គូ​ប្រកួត​​​ពិសេស​ៗ​​​ជាច្រើន​​ទៀត​​​ដូចជា ​​កីឡា​ករ​ សេវ សំណាង​ មក​ពី​ក្លិប​​​សមា​គម​កីឡា​​ប្រដាល់​​ក្រសួង​​កសិកម្ម​​ ប្រកួត​ឈ្នះ​ពិន្ទុ​​កីឡា​ករ​​​​មង្គល សុភ័ក្រ មក​ពី​សមាគម​​កីឡា​ប្រដាល់​​​ខេត្ត​កោះ​កុង​ ។ កីឡាករ​​ពុទ្ធ​​ ហ៊ុច​ មក​ពី​ក្លិប​​​ពុទ្ធ​សេរី​វង្ស​កីឡា​​ ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ លួន​ សុខ​ខេង មកពី​ក្លិប​​សិង្ហ​កីឡា ​និង​កីឡាករ​​​ផុន ផាន់​ណា​ ​មក​ពី​ក្លិប​​​អប្សរា​​ក្បាច់​គុន​ខ្មែរ​ ប្រកួត​​ឈ្នះ​ពិន្ទុ​​​កីឡាករ​​​ពុទ្ធ ឆាយ​រិទ្ធី​ មក​ពី​ក្លិប​​​ពុទ្ធ​សេរី​វង្ស​​កីឡា ៕