ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡង់គ្រីស្ស័រ​​ចង្កូត​ស្តាំ​​ម្ចាស់​ស្រវឹង​បត់​ច្រឡំ​ផ្លូវ​បុក​របង ​និង​ជញ្ជាំង​ផ្ទះ​ខ្ទេច​មុខ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក​ឡង់គ្រីស្ស័រ​​ចង្កូត​ស្តាំ​​ ពណ៌ស ​មួយ​គ្រឿង​​ដែល​អ្នក​​បើក​​ស្រវឹង​ជោក​ជាំ​បាន​បើក​បោះ​ពួយ​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ចូល​ច្រក​កាំជណ្តើរ​ឡើង​ក្រោយ​ផ្ទះ បណ្តាល​​ឱ្យ​​បាក់​របង​មួយ​ផ្ទាំង និង​ជញ្ជាំង​​ផ្ទះ​ប្រេះ​បែក​។ ​អ្វីដែល​​ចាប់​អារម្មណ៍​​​នឹង​ការ​កើត​មាន​គ្រោះ​ថ្នាក់​​នេះ​អ្នក​បើក​​បរ​បាន​ឱ្យ​​ដឹង​ថា ដោយ​​សារ​តែ​បត់​ច្រឡំ​​ផ្លូវ ។

​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២៦ សីហា ​២០១២ ​នៅផ្ទះ​​លេខ​៧១ ​តាម​ផ្លូវ​លេខ​២២៣ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ​ដែល​ជា​ផ្ទះ​​របស់​លោក​មេ​ភូមិ​​ទី​៤ ​​បាន​ជួល​ឱ្យ​ជន​ជាតិ​វៀត​ណាម​ បើក​លក់​កាហ្វេ​យីហោ​សៃហ្គន ។ ទោះ​បី​​ជា​យ៉ាង​ណា​នៅ​ក្នុង​គ្រោះ​​ថ្នាក់​នេះ​ពុំ​​បណ្តាល​ឱ្យ​​មនុស្ស​រ​ង​របួស​ឡើយ គឺ​គ្រាន់តែ​បាក់​របង​​ច្រក​​ចូល​កាំជណ្តើរ​​​១​ផ្ទាំង​​ប្រមាណ​១​ម៉ែត្រ​​ ហើយ​ជញ្ជាំង​​ប្រេះ​ប្រមាណ​៥​ម៉ែត្រ ចំណែក​រថយន្ត​​ស្រុញ​ក្បាល​ចំហៀង​​ខាងឆ្វេង​ ​និង​បែក​ស្តុប​ខាង​ក្រោយ ។

តាម​សាក្សី​​និយាយ​ថា បន្ទាប់​ពី​បុក​ជញ្ជាំង​​ ហើយ​នោះ​ផ្នែក​​ខាង​ក្រោយ​រថយន្ត​​បាន​រេ​ទៅ​បោក​នឹង​​ជញ្ជាំង​ផ្ទះ​ជាប់​បណ្តាល​ឱ្យ​ប្រេះ​ទាំង​ផ្ទាំង ហើយ​ផ្នែក​​ខាង​មុខ​​បាន​ទៅ​​ប៉ះ​របង​​​បណ្តាល​ឱ្យ​បាក់​មួយ​ផ្ទាំង ។ ​នៅ​យប់​នោះ​​អ្នក​​បើកបរ​រួមទាំង​មិត្ត​​ភក្តិ​​បាន​ចុះ​​ពី​ក្នុង​រថយន្តទាំង​​ស្រវឹង​ជោក​ជាំ ហើយ​​នាំ​គ្នា​រុញ​រថយន្ត​ចេញ​ពី​​​ជញ្ជាំង​ប្រុង​បើក​ចេញ​តែ​រថយន្ត​​ពុំ​ឆេះ ។ តាម​អ្នក​​​បើក​បរ​​ឱ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​កើត​មាន​គ្រោះ​ថ្នាក់​​ដោយ​សារ​តែ​បត់​ច្រឡំ​ផ្លូវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕