ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​លីប៊ីកោល​ទោស​​ការ​កម្ទេច​​កន្លែង​តម្កល់​សព​អ៊ិស្លាម​នានា

13 ឆ្នាំ មុន

អាជ្ញា​ធរ​​លីប៊ី​កាលពីថ្ងៃទី​២៥ សីហា បាន​​បរិហារ​ចំពោះ​ការ​បំផ្លាញ​​វិមាន​តម្កល់​​សព​អ៊ិស្លាម​នានា ដោយពួក​អ៊ិស្លាម​​និយម​ជ្រុល​​ដោយ​សន្យា​តាម​រក​ចាប់ខ្លួន​ពួកអ្នក​ទទួល​ខុស​ត្រូវរឿង​នេះ​ ចំណែក​​ក្រសួង​មហា​ផ្ទៃ​​ និងក្រសួង​​ការពារ​ប្រទេស​​​ ត្រូវ​បាន​ចោទ ប្រកាន់ថា ​មាន​សមត្ថ​ភាព​ខ្សោយ ។

​​ប្រធាន​សមាជ​ជាតិទូទៅ ​ CGN ​​ជា​អាជ្ញា​​ធរ​​ជាន់ខ្ពស់បំផុត​របស់​ប្រទេស​ចាប់​តាំងពី​​ការ​បោះ​ឆ្នោត​ កាល​ពីថ្ងៃទី៧ ​កក្កដា ​​មកបាន​បរិហារ​​ថា នោះ​ជា​ការ​បំផ្លិច​បំផ្លាញ​​ និង​ការ​ចូល​ប្លន់​អគារ ​និង​​បំផ្លាញ​​ស្នា​ដៃ​ទាំងឡាយ​ដែល​តំណាង​ឱ្យ​​សម័យ​កាល​នៃ​​ប្រវត្តិ​​​សាស្ត្រ​មួយ​​របស់​​ប្រទេសយើង ​ហើយ​ដែលស្នា​ដៃ​ទាំងនេះ​​មាន​លក្ខណៈ​​វិទ្យា​​សាស្ត្រ  អរិយ​ធម៌ ​និង​ប្រវត្តិ​សាស្ត្រ ។

​​ប្រធាន​ស្ថាប័ន​​នោះ​លោក​មូ៉ហា ម៉េដ អាល់ មេហ្គារី យ៉េវ ក្នុងសុន្ទរកថា​មួយ​តាមទូរ​ទស្សន៍​​ជាតិ​ថ្លែងថា ​អំពើ​ទាំងនេះ​ត្រូវបដិ​សេធ​​ និង​ហាម​ឃាត់​​​ ដោយ​ច្បាប់​រដ្ឋ ​និងច្បាប់​អ៊ិស្លាម​​ ហើយពួកអ្នក​ទទួល​ខុសត្រូវ​​ដាច់ខាត​ត្រូវ​​ទទួល​​ទោស​តាមច្បាប់ ។ កាលពីព្រឹក ថ្ងៃទី២៥ សីហា ពួក​អ៊ិស្លាម​​និយមជ្រុលបានកម្ទេច​វិមាន​តម្កល់​សព​ អាល់​​ចា អាបអាល់ដាម៉ានី ​ ជិត​ភាគកណ្តាល​ក្រុងទ្រីប៉ូលី​ ហើយ​ប្រមាថ​ផ្នូរ​របស់​អតីត​មេដ​ឹកនាំ​អ៊ិស្លាម​​រូបនោះ ។ ​មុននេះ​ពួកជ្រុល​និយម​ជាច្រើន​សិ​ប​នាក់​បាន​ធ្វើ​ឱ្យ​ផ្ទុះ​កម្ទេច​វិមាន​តម្កល់​​សព​លោកស៊ិក អាប់​ដេស​សា​ឡេម អាល់​អាស្មារ ជា​ប្រមុខ​អ៊ិស្លាម​មួយរូប កាល​ពីសតវត្ស​ទី១៥ នៅ​ក្រុង ZLITEN ចម្ងាយ ១៦០គ.ម ខាង​កើត​ក្រុង​ទ្រីប៉ូលី ជាទីលាន​នៃ​ការប៉ះ​ទង្គិចគ្នា​ចាប់​តាំង​ពី​យប់​ថ្ងៃទី២៣ សីហា ​មក ។ ​

បណ្ណាគារ​មួយ​ និងសាកល​វិទ្យាល័យ​មានឈ្មោះ​លោក​ស៊ិក អាល់អាស្មា គឺជា​គោល​ដៅ​នៃអំពើ​​បំផ្លិច​បំផ្លាញ​​ និងការប្លន់ ។ ​​សាក្សី​ទាំង​ឡាយគូ​ស បញ្ជាក់​ថា វិមាន​តម្កល់​សព​មួយទៀត​ ក៏​រង​ការ​​បំផ្លាញ​ដែរ នៅក្រុង​មីស្ត្រាតា ចម្ងាយ​២០០​គ.ម ​ខាង​លិច​ក្រុង​ទ្រីប៉ូលី ៕