ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុមហ្វ្រែល​គ្រោង​បញ្ជូន​​អ្នក​សង្កេត​ការណ៍​​៦.០០០​នាក់​​ចុះ​ពិនិត្យ​​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ និង​តាម​ដាន​​ការ​បោះ​ឆ្នោត​​២០១៣

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី និង​យុត្តិ​ធម៌​នៅ​កម្ពុជា (ខុ​ម​ហ្វ្រែល) ​បាន​​ឱ្យ​ដឹង​ថា អង្គ​ការ (ខុម​ហ្វ្រែល) ​គ្រោង​នឹង​​បញ្ចូល​ក្រុម​​អ្នក​សង្កេត​ការណ៍​របស់​​ខ្លួន​រយៈ​ពេល​វែង និង​​រយៈ​ពេល​ខ្លី​សរុប​​ប្រមាណ​៦.០០០​នាក់ ដើម្បី​​ធ្វើ​​ការ​សង្កេត​​ទៅ​លើ​ដំណើរ​​ការ​ចុះ ឈ្មោះ​ ​ពិនិត្យ​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត ​ធ្វើ​​សវន​កម្ម​​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​​ឆ្នាំ​២០១២ និង​ការ​​បោះ​ឆ្នោត​ជាតិ​អាណត្តិ​​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​២៨ កក្កដា ២០១៣ ។

បុគ្គ​លិក​អង្គ​ការ​ខុម​ហ្វ្រែល​ បាន​អះអាងថា អង្គ​ការ​ខុម​ហ្វ្រែល​​បាន​គ្រោង​បញ្ជូន​អ្នក​សង្កេត​ការណ៍​រយៈ​ពេល​​វែង​របស់​ខ្លួន​ចំនួន​២៥០​​នាក់ សម្រាប់​​ការ​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​ ​ពិនិត្យ​បញ្ជី​​​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ​និង​តាម​​ដាន​ដំណើរការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។ ​ចំណែក​អ្នក​សង្កេត​ការណ៍​​ចំនួន​៥.៧៥០​នាក់​ទៀត​នឹង​​ត្រូវ​បញ្ជី​​ចេញ​សម្រាប់​​សង្កេត​ការណ៍​​រយៈ​ពេល​ខ្លី​លើ​សកម្ម​ភាព​​ចុះឈ្មោះ​​បោះ​ឆ្នោត​ថ្មី​ និង​ការ​ពិនិត្យ​​បញ្ជី​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត​២០១២ ​ដែល​នឹង​ចាប់​ផ្តើមថ្ងៃ​​​ទី១ កញ្ញា ​ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១២ តុលា ឆ្នាំ​២០១២ ខាងមុខ ។

ខុម​ហ្វ្រែល​ នឹងធ្វើ​របាយ​ការណ៍​​រៀង​រាល់​ថ្ងៃ​ស្តីពិ​ភាព​​មិន​ប្រក្រតី​ និងស្ថាន​ភាព​នានា​ជុំវិញ​ការ​ចុះ​ឈ្មោះ និង​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​តាមរយៈ​វែប​សាយ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​សង្គម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕