ខេត្តបាត់ដំបង ៖ រថយន្តកុងតឺន័រដែលផ្ទុកអង្កររាប់សិបតោនត្រូវកម្លាំងនគរបាលផ្នែកបង្ការបង្ក្រាប និងកម្លាំងនគរបាលចរាចរខេត្តដេញស្ទាក់ចាប់ផ្អើលពេញថ្នល់ជាតិលេខ៥ បន្ទាប់ពីមានគេរាយការណ៍ថា រថយន្តនេះបានបើកបុកអ្នកជិះកង់ម្នាក់ឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ សីហា ២០១២ នៅចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ដោយបានអូសទាំងកង់មកដល់ខេត្តបាត់ដំបង ។
រថយន្តនេះត្រូវកម្លាំងនគរបាលបង្ការបង្ក្រាបរបស់ស្នងការខេត្តបាត់ដំបង ស្ទាក់ចាប់បានម៉ោង៩និង២៥នាទីយប់ថ្ងៃដដែលត្រង់ចំណុចរង្វង់មូលព្រាប.សលើផ្លូវជាតិលេខ៥ ព្រំប្រទល់ក្រុងបាត់ដំបង និងស្រុកសង្កែ ក្នុងគ្រាដែលព្យាយាមបើករត់ដោយកម្លាំងនគរបាលចរាចរខេត្តដេញស្ទាក់រាប់សិបគីឡូម៉ែត្រមិនព្រមឈប់ ។ សមត្ថកិច្ចនិយាយថា រថយន្តកុងតឺន័រនេះបើកដោយបុរសប្រមឹកឈ្មោះនឹង ឡាយ ហៅកែវ ឡាយ អាយុ៣៤ឆ្នាំ និងមានព្រូម្នាក់ស្រវឹងជោកដូចគ្នាឈ្មោះស៊ុន នួន អាយុ៥៦ឆ្នាំ ។ រថយន្តកុងតឺន័រនេះមានផ្ទុកអង្កររាប់សិបតោនដឹកពីប្រទេសវៀតណាមធ្វើដំណើរទៅប្រទេសថៃ។
មន្ត្រីនគរបាលចរាចរខេត្តលោកម៉ែន បូរី និយាយថា លោកបានប្រទះឃើញរថយន្តនេះអូសកង់១គ្រឿងនៅខាងក្រោមបែកផ្កាភ្លើងពេញថ្នល់ ខណៈដែលក្រុមរបស់លោកចុះទៅពិនិត្យកន្លែងគ្រោះថ្នាក់ចរាចរណ៍មួយករណីផ្សេងទៀតនៅឃុំកំពង់ព្រះ ស្រុកសង្កែ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ