ខេត្តកំពង់ឆ្នាំង ៖ រថយន្តម៉ាកកាមរីគូទហើមពណ៌សមួយគ្រឿង ម្ចាស់បើកក្នុងល្បឿនលឿនបានចងកំហឹងនឹងដើមស្វាយមុខសាលាខេត្តបណ្តាលឱ្យខ្ទេចមួយកំណាត់មុខទាំងស្រុង និងផ្ទុះពោងការពារសុវត្ថិភាពទាំងពីរ ដែលធ្វើឱ្យអ្នកបើកបររងរបួសស្រាល គ្រាន់តែបែកក្បាលបន្តិច ។ ហេតុ ការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីរសៀលថ្ងៃទី២៥សីហា នៅចំណុចមុខសាលាខេត្តកំពង់ឆ្នាំង គឺចម្ងាយប្រមាណ៥ម៉ែត្រតែប៉ុណ្ណោះ ។
សាក្សីបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីគូទហើម ពណ៌ស បើកចេញពីហាងស៊ុបប្រជាប្រិយ មានល្បឿនយ៉ាងលឿន ហើយបើកជែងរថយន្ត២-៣គ្រឿង ធ្វើឱ្យអ្នកជិះម៉ូតូតាមដងផ្លូវគេចចូលអែបខាង និងឡើងចិញ្ចើមផ្លូវគេចពីរថយន្តដែលមានល្បឿនលឿននេះ ហើយភ្លាមនោះបុកដើមស្វាយមុខសាលាខេត្តតែម្តង ។ ម្ចាស់រថយន្តដែលគេស្គាល់ថា ឈ្មោះប៉ន ដែលទើបនឹងទិញរថយន្តថ្មីនេះ និយាយថា ដោយសារគាត់ព្យាយាមគេចនឹងម៉ូតូចំនួនពីរគ្រឿង ទើបបុកដើមស្វាយបែបនេះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ