ទីភ្នាក់ងារព័ត៌មានបរទេសកាលពីថ្ងៃទី២៥ សីហា កន្លងមក ផ្សាយឱ្យដឹងថា កីឡាករវេន រូនី ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបបិសាចក្រហម Man Utd អាចត្រូវសម្រាករយៈពេលប្រហែល៤សប្តាហ៍ ក្រោយពីរងរបួសត្រង់ភ្លៅ ក្នុងការប្រកួតក្របខណ្ឌអង់គ្លេសប្រឺមីញេលីកយកឈ្នះក្លិប Fulham 3-2 កាលពីយប់ថ្ងៃទី២៥ សីហា កន្លងទៅ ។
វេន រូនី អាយុ២៦ឆ្នាំ ត្រូវប្តូរឱ្យចូលលេងនៅតង់ទី២ ក្នុងទីលានអូលត្រេហ្វហ្វត ខណៈពេលមានរបួសភ្លៅខាងស្តាំ ក្រោយពីព្យាយាមដណ្តើមបាល់ជាមួយកីឡាករហ៊ូហ្គោ រូ៉ដាលឡេហ្គា របស់ក្លិប Fulham បណ្តាលឱ្យរបួសកាន់តែធ្ងន់ និងលេងបន្តមិនបានត្រូវប្តូរចេញពីការប្រកួត ។
បន្ទាប់ពីទទួលបាន៣ពិន្ទុដំបូងក្នុងក្របខណ្ឌប្រឺមីញេលីករដូវកាលថ្មីយ៉ាងត្រដាបត្រដួសខាងលើ លោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្លិប Man Utd បានទទួលស្គាល់ថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសវេន រូនី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធ្វើការព្យាបាលរបួសជាបន្ទាន់ និងអាចខកខានមិនបានចូលជួយក្លិបរយៈពេល១ខែ ។ ប្រសិនបើស្របតាមការរំពឹងទុកខាងលើ វេន រូនី អាចនឹងមិនបានចូលប្រកួតសំខាន់ជួបជាមួយក្លិបហង្សក្រហម Liverpool នៅថ្ងៃទី២៣ កញ្ញា ខាងមុខ រួមទាំងជួបជាមួយក្លិប Southampton និង Wigan ។
ក្រៅពីនេះ វេន រូនី អាចខកខានមិនបានលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតបាល់ទាត់ពិភពលោក២០១៤ វគ្គជម្រុះតំបន់អឺរ៉ុប ជួបជាមួយក្រុមជម្រើសជាតិម៉ុលដាវី និងអ៊ុយក្រែនផងដែរ ៕
ចែករំលែកព័តមាននេះ