ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លួច​ម៉ូតូ​​មិត្តភក្តិ​ពីភ្នំពេញ ជាប់​អន្ទាក់​​ប៉ូលិស​នៅ​កំពង់​ធំ​

13 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​ឃាត់ខ្លួន ខណៈ​​យុវជន​រូប​នេះ​ជិះ​​ម៉ូតូ​ដើរ​រក​កន្លែង​បញ្ចាំ បន្ទាប់​​ពី​លួច​មិត្ត​ភក្តិ​ពីភ្នំពេញ កាលពី​វេលា​ម៉ោង​៦​​និង​០៥​នាទី​ល្ងាច​​ថ្ងៃ​ទី​២៤ សីហា ២០១២ នៅ​ចំណុច​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន។

តាម​ប្រភព​ព័​ត៌​មាន​ពីលោក​វរ​​សេនី​យ៍ត្រី ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​បានឱ្យ​ដឹង​ថា ​កាលពី​ល្ងាច​ថ្ងៃ​ខាងលើ​កម្លាំង​របស់​លោក​បាន​ឃើញ​​ជនសង្ស័យ​ជិះ​​ម៉ូតូ​ម៉ាកឌ្រីមសេ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ដើរ​សួរ​រក​កន្លែង​បញ្ចាំ គាប់​ជួន​ពេល​នោះ​​ហាង​លក់​និង​បញ្ចាំ​គេ​បិទទ្វារ​អស់​ហើយ​​ ដោយ​មានការ​សង្ស័យ​ ក៏​ឃាត់​សួរនាំ​​រក​លិខិត​ស្នាម។ ប៉ុន្តែ​ត្រូវ​ជនសង្ស័យ​ឆ្លើយ​ថា ​គ្មាន ​​ម៉ូតូ​នេះ​ម្ដាយ​ទើបតែ​ទិញ​ឱ្យ​ពុំ​បាន​យក​មក​ជាមួយ​ទេ​ ។ ពេល​នោះ​កម្លាំង​ក៏​​ធ្វើការ​ត្រួតពិនិត្យ​ចាក់សោ​កែបម៉ូតូ​​ឃើញ​មាន សៀវភៅ​កាត់​តឡុក និង​ប័​ណ្ណទិញ​លក់​ម៉ូតូ​ដែល​មាន​លេខ​ទូរស័ព្ទ​នៅ​ក្នុង​នោះ​ និង​បាន​ទូរស័ព្ទ​តាម​លេខ​ក្នុង​វិ​ក័យ​ប័ត្រ​ជួប​នឹង​ម្ចាស់​ម៉ូតូ​ផ្ទាល់ ដឹ​ង​ថា​ជា​ចោរ​ ទើប​សុំ​បញ្ជា​ពី​លោក​ប៉ែន សារ៉ាត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​មានឈ្មោះជុំ សេង​ឆវី ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​​​ម្ចាស់​ម៉ូតូ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​ ពិតជា​បាន​លួច​ម៉ូតូ​​មិត្តភក្តិ​មែន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕