រាជធានីភ្នំពេញ ៖ ផ្ទះមួយខ្នងទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើពីថ្មក្រោមដែកលើ បានបាក់ស្រុតរលំចូលក្នុងទឹកបឹង ដែលមានជម្រៅជាង៣ម៉ែត្រ កាលពីម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ថ្ងៃទី២៦ សីហា ស្ថិតនៅក្រុម២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ េហតុការណ៍ខាងលើនេះ មិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។ ម្ចាស់ផ្ទះខាងលើឈ្មោះរឿន សុវណ្ណ អាយុ៣១ឆ្នាំ ជាអ្នករត់ឌុប និងប្រពន្ធឈ្មោះសុខ ចិន្តា អាយុ៣៤ឆ្នាំ លក់បន្លែ នៅផ្សារដើមគ ។
បើតាមសម្ដីសាក្សីបានប្រាប់ថា មុនពេលកើតហេតុគេឮសូរប្រិបៗពេលនោះម្ចាស់ផ្ទះខាងលើ បាននាំកូនរត់ចេញមកផ្ទះអ្នកជិតខាង មួយសន្ទុះក្រោយក៏បានបាក់ស្រុតចូលក្នុងទឹកតែម្តង ។ ផ្ទះខាងលើ ទើបសាងសង់រួចរាល់បានរយៈពេល៧ខែប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕


ចែករំលែកព័តមាននេះ