ខេត្តប៉ៃលិន ៖ បុរសខ្មែរ-អ៊ិស្លាមម្នាក់បើករថយន្តសាំងយ៉ុង ពណ៌ស មួយគ្រឿង រួមដំណើរដោយប្រពន្ធកូនបងប្អូនប្រុសស្រីជាង១០នាក់បានក្រឡាប់ បណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់ចំនួន៨នាក់រងរបួសធ្ងន់ និង១០នាក់ទៀតរងរបួសស្រាល ខណៈដែលពួកគេធ្វើដំណើរពីទីរួមខេត្តបាត់ដំបងឆ្លងកាត់ខេត្តប៉ៃលិន ដើម្បីទៅចូលរួមពិធីមង្គលការបងប្អូននៅស្រុកសំពៅលូន ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុឃើញមនុស្សមាឌធំដឹកក្របី១នឹមកាត់មុខព្យាយាមគេចក៏ក្រឡាប់តែម្តង។ អ្នករងរបួសធ្ងន់ទាំង៨នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Emergency ខេត្តបាត់ដំបង និងអ្នករបួសស្រាលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។
ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៥ សីហា ២០១២ តាមបណ្តោយផ្លូវជាតិលេខ៥៩ ត្រង់ចំណុចផ្លូវកោងទល់មុខទីបញ្ជាការកងវរសេនាតូចលេខ៥៣៥ (បន្ទាយទាហានស្រែម្អម) ស្ថិតក្នុងភូមិស្រែម្អម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសាលាក្រៅឱ្យដឹងថា រថយន្តម៉ាកសាំងយ៉ុង ពណ៌ស មួយគ្រឿង បើកក្នុងទិសដៅពីត្បូងទៅជើង ដោយមានអ្នករួមដំណើរក្នុងរថយន្តក្មេងចាស់ប្រុសស្រីជាង១០នាក់ ។ ខណៈមកដល់កន្លែងកើតហេតុមិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតម្តងទៅស្តាំម្តងទៅឆ្វេងក្រឡាប់នៅលើចិញ្ចើមផ្លូវតែម្តង ។ ម្ចាស់រថយន្តនេះឈ្មោះតាន់ តុងយ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិបាសែត ឃុំតាពុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ