ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ ហ៊ុន សែន ​នឹងអញ្ជើញ​​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​រដ្ឋ​មន្ត្រី​​ពាណិជ្ជកម្ម​អាស៊ាន ​និង​ធុរកិច្ច​កំពូល​អាស៊ាន-​អាមេរិក

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅថ្ងៃទី២៧ សីហា ២០១២ ស្អែកនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង​ពិធី​បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ានលើកទី៤៤ នៅក្រុងសៀមរាប ។

កិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តី​ពា​ណិជ្ជ​កម្មអា​ស៊ាន​លើក​ទី៤៤ ដែលមានប្រទេស​ទំាង១០ក្នុងតំបន់​អាស៊ីអាគ្នេយ៍ចូលរួមនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​ឧត្តមមន្រ្តីនៃក្រុមប្រឹក្សាសេដ្ឋកិច្ចអា​ស៊ាន​កាល​ពីថ្ងៃទី​២៥ សីហា ២០១២ បានធ្វើការពិភាក្សារួមគ្នាអំពីតំបន់វិនិយោគ និង​ធ្វើការពិនិត្យ​​ទៅលើ​របាយ​ការណ៍មួយ​ចំនួនស្ដីពី​តំបន់សេរីអាស៊ាន និងស្វែងរក​ផល​ចំណេញ​ខាងផ្នែកពាណិជ្ជ​កម្មក្នុងតំបន់ និង​ពិភព​លោក មុននឹងដាក់ជូន​រដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ានពិនិត្យសម្រេចបន្ត ។

គួរ​បញ្ជាក់​ថា ក្រៅពីដំណើរការនៃកិច្ចប្រជុំក្រុមរដ្ឋ​មន្ត្រី​ពាណិជ្ជកម្មអាស៊ាន​ដែលមានរយៈពេល៧ថ្ងៃ នៅក្នុងខេត្តសៀមរាប ក៏នឹង​មានការជួបពិភាក្សារវាងក្រុមរដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានជាមួយនឹងបណ្តាប្រទេសនៅក្រៅតំបន់ចំនួន៨ផ្សេងទៀតចូលរួមផងដែរ រួមមាន​សហ​រដ្ឋ​អា​មេរិក អូស្ត្រាលី កាណាដា ឥណ្ឌា នូវែលហ្សេឡង់ រុស្ស៊ី ចិន និងជប៉ុន ។

ជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា សហរដ្ឋអាមេរិកមាន​គម្រោង នឹង​បញ្ជូនលោករ៉ន ខឺក ដែលជាទីប្រឹក្សាពាណិជ្ជកម្មជាន់ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មក​កាន់​កម្ពុជា ចាប់ពីថ្ងៃទី៣០-៣១ ខែសីហា ដើម្បីចូលរួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី​ពាណិជ្ជ​កម្មអាស៊ាន និងជួប​ប្រជុំផ្នែកធុរ​កិច្ចកំពូល​រវាងសហរដ្ឋអាមេរិក អាស៊ាន ផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕