ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​តាំង​ពិព័រណ៍ផ្សារណាត់ទំនិញ​​វៀត​ណាម​​នៅ​មជ្ឈ​មណ្ឌល​​ម៉ុង​ឌី​យ៉ាល់​​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​​ ៖​ ​​​ចាប់​តាំង​​ពី​ថ្ងៃ​ទី​​២៣ ​ដល់​ថ្ងៃ​ទី​​២៧ សីហា ​ផលិត​ផល​​របស់​វៀត​ណាម​​ដែល​មាន​ជាង​​២.០០០​មុខ​ ​មកពី​ក្រុម​​ហ៊ុន​​ជាង​​​១២០​ ត្រូវ​បាន​​ដាក់​តាំង​​បង្ហាញ​​​និង​​លក់​​នៅ​  មជ្ឈ​មណ្ឌល​​ម៉ុង​​ឌី​យ៉ាល់​​​ រា​​ជ​ធានី​ភ្នំ​ពេញ​ ។ នៅ  ល្ងាច​​ថ្ងៃ​ទី​​​២៣ សីហា ​​ពិធី​បើក​​សម្ពោធ​​ពិ​ព័រណ៍​​ពាណិ​​​ជ្ជកម្ម​​នេះ​មាន​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ចូល​រួម​​​យ៉ាង​ច្រើ​ន​កុះ​ករ​ ដោយ​​​មាន​​ការ​អញ្ជើញ​​ចូល​រួ​ម​​ជា​គណៈ​​​អធិប​តី​​ពី​សំណាក់​លោក​ម៉ៅ ​ថូរ៉ា​​ រដ្ឋ​លេខា​ធិ​ការ​​ក្រសួង​​ពា​ណិ​ជ្ជ​កម្ម​ ​លោក​​​ត្រាន់ ​អាញ់​​ទួន​​ អភិបាល​​រង​ខេត្ត​​បែន​​ជែ ប្រទេស​​វៀត​ណាម ​លោក​ស្រី​​​វូ ​គីម​ហាញ់​ ប្រធាន​សមា​​គម​​ធុរ​កិច្ច​​នៃ​​ទំនិញ​​វៀត​ណាម​ដែល​មាន​​គុណ​​​​ភាពខ្ពស់​​ ។

​លោក​ម៉ៅ ថូរ៉ា​ រដ្ឋ​លេខា​ធិការ​​ក្រសួងពា​ណិជ្ជ​កម្ម​ និង​ជា​តំណាង​​លោក​ទេស​​រដ្ឋ​មន្ត្រី​​ចម​ ប្រសិទ្ធ​ រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​​បាន​មាន​ប្រសាសន៍​​ថា កម្ពុជា​​គឺ​​ជា​ប្រទេស​មួយ​​ក្នុង​ចំណោម​​ប្រទេស​ដែល​​មាន​​ការ​រីក​ចម្រើន​​ឆាប់​រហ័ស​​​​បំ​ផុត​នៅ​​ក្នុង​ពិ​​ភពលោក​​ ក្នុង​រយៈ​​ពេល​​​១​​ទសវត្ស​ចុង​ក្រោយ​នេះ ​។ សេដ្ឋ​កិច្ច​​កម្ពុជា​បាន​​បន្ត​​​រីក​លូត​លាស់​​ទៅ​​​ទៀត​ ​​​ហើយ​​ត្រូវ​​គេ​រំពឹង​​ថា​នឹង​មាន​​កំណើន​​៦,៦%​​នៅ​ក្នុង​​ឆ្នាំ​​​២០១២​នេះ​ ​។ លោក​បន្ត​​ទៀត​ថា ​ពិ​ព័រណ៍​​ពាណិ​ជ្ជកម្ម​​វៀត​ណាម​​​កន្ល​ង​មក​​បាន​ទទួល​​ជោគ​ជ័យ​​ជាផ្លែ​ផ្កា​​សម្រាប់​កម្ពុជា​​​ និង​វៀ​ត​ណាម​ ដែល​ត្រូវ​​បាន​បង្ហាញ​​ជា​សក្ខី​​ភាព​តាម​រយ​ៈ​​ការ​កើន​ឡើង​​នូវ​ការ​វិនិយោគ​ទុន​ផ្នែក​​ពាណិ​ជ្ជកម្ម​ និង​បណ្តា​ទំនាក់​ទំនង​​សេដ្ឋ​កិច្ច​​ផ្សេង​​ទៀត​រវាង​ប្រទេស​​ទាំង​​២​កម្ពុជា​-វៀត​ណាម ។

​លោក​​ស្រី វូ ​​គីម​ហាញ់ ប្រធាន​​សមា​​គម​​ធុរ​កិច្ច​​នៃ​ទំនិញ​​វៀត​ណាម​​ដែល​មាន​គុណ​​ភាព​ខ្ពស់​​ក៏​បាន​​មាន​ប្រសាសន៍​​ដែរ​ថា ​​ពិព័រណ៍​​នេះ​ត្រូវ​​បាន​ប្រា​រព្ធ​​ធ្វើ​ឡើង​​ក្នុង​​​​កាល​វេលា​​ដ៏​សំខាន់​​រវាង​​ប្រទេស​ទាំង​​២​ ហើយ​នេះ​​ជា​ពិ​ព័រណ៍​ពាណិ​ជ្ជកម្ម​​អន្ត​រជាតិ​​ដែល​​មាន​ទ្រង់​​ទ្រាយ​ធំ​ ​ផ្តុំ​​ដោយ​ទំនិញ​ គុណ​ភាព​ខ្ពស់​ និង​​​មាន​​កិត្តិស័ព្ទ​របស់​​វៀត​ណាម​​ប្រចាំ​​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។ លោក​​ស្រី​​រំពឹង​​ថា ​តាម​រយ​ៈ​​​ពិព័រណ៍​​លើក​នេះ​ សហ​គ្រាស​វៀត​ណាម​​ នឹង​ទទួល​បាន​​យោ​បល់​​​ជា​ច្រើន​​ពី​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ ដើម្បី​ផលិត​ផល​​វៀត​ណាម​អាច​បំពេញ​​តម្រូវ​​ការ​ល្អ​ជាង​​មុន ។ ជា​ចុង​ក្រោយ​​លោក​​ស្រី​​ក៏​បាន​ថ្លែង​​អំណរ​គុណ​​ដល់​ក្រសួង​​ពាណិ​ជ្ជកម្ម​​នៃ​​​ព្រះ​រាជា​ណាចក្រ​កម្ពុជានាយក​ដ្ឋា​ន​​ ជំរុញ​ពាណិ​ជ្ជ​​កម្ម​ដែល​​តែង​តែ​​គាំ​ទ្រ​​​ និង​ជួយ​​ជ្រោ​ម​ជ្រែង​​ដល់​ការ​រៀប​ចំ​​ពិព័រណ៍​​ផ្សារ​ណាត់​​ទំនិញ​​វៀត​ណាម​​គុណ​ភាព​​ខ្ពស់​​យ៉ាង​ស្មោះ​​អស់​ពី​ចិត្ត​ ។​

​គួរ​បញ្ជាក់​​ដែរ​ថា ​នេះ​ជា​ព្រឹត្តិ​ការណ៍​​លើក​ទី​​​១០ ​ដែល​វៀត​ណាម​​បាន​រៀប​ចំ​​ពិ​ព័រណ៍​​នេះ​ឡើង​ ​ហើយ​​ពិ​ព័រណ៍​​​នេះ​មាន​ស្តង់​​ចំនួន​​២២​០ ​ដាក់​តាំង​​បង្ហាញ​​នូវ​ផលិត​​ផល​ជា​ច្រើន​ ដូ​ច​ជា​​ម្ហូប​អា​ហារ​ សម្ភារ​​ប្រើ​ប្រាស់ ​គ្រឿង​ក្រអូប ​សម្ភារ​​​ការិយា​ល័យ ​គ្រឿង​​សិប្ប​កម្ម ​វិចិត្រ​​សិល្បៈ​ ​សម្ភារ​​កសិ​កម្ម​ គ្រឿង​​អេឡិច​ត្រូ​​​និក​និង​សម្ភារ​​សំណង់​ជា​ដើម ។ល។ ​ហើយ​នឹង​មាន​​ការ​ចូល​រួម​​ពី​ភ្ញៀវ​​អតិ​​ថិជន​​ខ្មែរ​​និង​​​​អន្តរ​ជាតិ​​ជា​​ច្រើន​នាក់ ៕​​