រាជធានីភ្នំពេញ ៖ នៅវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ កាលពីថ្ងៃទី២១ សីហា មាន បើកកិច្ចប្រជុំលើកទី១នៃគណៈកម្មការបច្ចេកទេសការអង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាដោយបានការអញ្ជើញចូលរួមពីលោកអ៊ិន សារឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានគណៈកម្មការបច្ចេកទេសនៃការអង្កេតចន្លោះជំរឿន សហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ មានសមាជិកគណៈកម្មការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងឧស្សាហកម្មរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងស្ថាប័នជំនាញរបស់អង្គការ JICA ។
លោកអ៊ិន សារឿន មានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងចាប់ដំណើរការជាបន្តបន្ទាប់នូវសកម្មភាពរបស់ខ្លួន ដើម្បីអនុវត្តការងារអង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៤ ដែលនឹងគ្រោងធ្វើអង្កេតជាក់ស្តែងក្នុងខែមីនា ឆ្នាំ២០១៥ និងអនុក្រឹត្យស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំងហើយដែលបានអនុម័តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការអង្កេតចន្លោះជំរឿនសហគ្រាសនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៤គឹជាការអង្កេតមួយដែលធ្វើឡើងនៅចន្លោះជំរឿន២ មានន័យថា រវាងចន្លោះជំរឿនសហគ្រាស ឆ្នាំ២០១១និងជំរឿនសហគ្រាស ឆ្នាំ២០២១ ។
ដោយសារតែរយៈពេលចន្លោះពីជំរឿនមួយទៅជំរឿនមួយមានរយៈពេលវែងរហូតដល់១០ឆ្នាំ ដូច្នេះហើយទើបវាមានសារសំខាន់ណាស់ ក្នុងការធ្វើអង្កេតចន្លោះជំរឿននេះ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពប្រែប្រួលជាប្រចាំរបស់សហគ្រាស នៅក្នុងប្រទេសកម្ពុជា និងដើម្បីផ្សព្វផ្សាយលទ្ធផលនៃការអង្កេតដល់សាធារណជន ៕
ចែករំលែកព័តមាននេះ