ក្នុងរយៈពេល៦ខែកន្លងមកនេះ ការនាំចេញរបស់ជប៉ុនទៅកាន់អឺរ៉ុប និងចិនមានការធ្លាក់ចុះខ្លាំង ជាហេតុបង្កឱ្យមានក្តីបារម្ភចំពោះការរើបឡើងវិញនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣លើពិភពលោកមួយនេះ ។ បណ្តាក្រុមសេដ្ឋកិច្ចវិទូមានការស្រងាកចិត្តជាខ្លាំងចំពោះការធ្លាក់ចុះសេដ្ឋកិច្ចប្រចាំឆ្នាំដល់ទៅ៨,១%ស្មើនឹង៥,៣១លានលានយ៉េនវាខុសពីអ្វីដែលគេរំពឹងទុក ។
ការនាំចេញទៅអឺរ៉ុបបានធ្លាក់ចុះដល់២៥,១% ដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតចាប់ពីខែតុលា ឆ្នាំ២០០៩ មក ដែលជាហេតុធ្វើឱ្យមានឱនភាពពាណិជ្ជកម្មនៅក្នុងតំបន់។ តាមទិន្នន័យដែលបានបង្ហាញកាលពីថ្ងៃពុធឱ្យដឹងថា គេកំពុងមានក្តីបារម្ភជាខ្លាំងចំពោះតម្រូវការក្រៅប្រទេសសម្រាប់ទំនិញជប៉ុន ប្រហែលជាមិនមានការរើបឡើងវិញទេ ។ បន្ទាប់ពីជប៉ុនក៏មានសូចនាករនាំចេញធ្លាក់ចុះពីប្រទេសកូរ៉េខាងត្បូង និងតៃវ៉ាន់ផងដែរ ដែលប្រទេសទាំងពីរនេះ ពឹងផ្អែកទាំងស្រុងលើការនាំចេញ ។
សេដ្ឋវិទូប្រចាំធនាគារ Bank of American Merill Lynch លោក Masayuki Kichikawa និយាយថា វិបត្តិបំណុលនៅអឺរ៉ុប គឺជាកត្តាចម្បងដែលអូសទាញការនាំចេញឱ្យធ្លាក់ចុះ ហើយល្បឿននៃការធ្លាក់ចុះកំពុងមានផលប៉ះពាល់យ៉ាងខ្លាំង ។ នេះអាចនិយាយបានថាវាដូចនឹងស្ថានភាពវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ដែលកាលណោះធនាគារ Lemahn Brother បានដួលរលំ ។ យើងសង្ឃឹមថា តម្រូវការក្នុងស្រុកនៅចិននឹងជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ជប៉ុន ប៉ុន្តែរឿងរ៉ាវវាខុសគ្នា ។ ការនាំចេញប្រចាំឆ្នាំទៅចិនធ្លាក់ចុះ១១,៩%កាលពីខែកក្កដា ។
គេសង្កេតឃើញថា សន្ទុះតម្រូវការក្នុងស្រុករបស់ជប៉ុនបានរឡេះបន្តិចម្តងៗរហូតដល់ដំណាច់ឆ្នាំនេះ ហើយបណ្តាក្រុមអ្នករៀបចំគោលនយោបាយកំពុងរំពឹងលើការនាំចេញទៅកាន់ទីផ្សារធំៗដូចជា ប្រទេសចិនជាដើម ដើម្បីរក្សាសេដ្ឋកិច្ចស្ថិតនៅលើគោលដៅមួយរើបឡើងវិញ ។ បើតាមការស្ទាបស្ទង់មួយបានឱ្យដឹងថា សេដ្ឋកិច្ចជប៉ុនត្រូវបានគេរំពឹងថា នឹងវ៉ាដាច់បណ្តាប្រទេស G-7 ដោយទទួលបានកំណើន២,២%សម្រាប់ឆ្នាំសារពើពន្ធ ៕
ចែករំលែកព័តមាននេះ