រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ទោយោធាម្នាក់លោកចាន់ ឫទ្ធីឌី ជានាយរងកងទ័ពជើងគោកត្រូវបានសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ ព័ទ្ធចាប់ខ្លួននៅក្នុងបរិវេណភូមិ គ្រឹះដ៏ស្កឹមស្កៃមួយកន្លែង ស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ សីហា ឆ្នាំ២០១២ ។ វិមានស្កឹមស្កៃគ្មានពីរក្នុងតំបន់ព្រែកប្រា ដូចមានក្នុងរូបថតនេះ ជាកម្មសិទ្ធិ របស់លោក ចាន់ ឫទ្ធីឌី ជាឈ្មួញថ្នាំញៀនធំមួយ ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចចម្រុះក្នុងប្រតិបត្តិការខាងលើ បានឱ្យដឹងជាជំហានដំបូងថា មុនពេលឈានដល់ការឃាត់ខ្លួនឈ្មោះ ចាន់ ឫទ្ធីឌី គឺនគរបាលជំនាញបានធ្វើការស្រាវជ្រាវអស់រយៈពេលជាងមួយខែកន្លងមកហើយ ទើបកំណត់បានមុខសញ្ញាដ៏ធំម្នាក់នេះ ។
មុនការចាប់ខ្លួននារសៀលថ្ងៃទី២៤ សីហា នេះ គឺសមត្ថកិច្ចបានប្រើប្រាស់កម្លាំងជំនាញអន្ទងទិញថ្នាំញៀនពីឈ្មោះ ចាន់ ឫទ្ធីឌី ចំនួនពីរខាំ ។ ពេលនោះឈ្មោះ ចាន់ ឫទ្ធីឌី ក៏បានយកថ្នាំញៀនប្រភេទម្សៅមកលក់ឱ្យម៉ូយតាមទីតាំងដែលបានណាត់ជួបគ្នា ។ ពេលគាត់យកថ្នាំញៀនមកដល់ក៏ត្រូវក្រុមសមត្ថកិច្ចព័ទ្ធចាប់តាមដងផ្លូវ ប៉ុន្តែត្រូវឈ្មោះចាន់ ឫទ្ធីឌី ជិះរថយន្តម៉ាកធុនដ្រា មួយគ្រឿង បើករត់សំដៅទៅចូលភូមិគ្រឹះរបស់ខ្លួន ជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញបង្ខំចិត្តធ្វើការឡោមព័ទ្ធចាប់ខ្លួនឈ្មោះចាន់ ឫទ្ធីឌី បាននិងធ្វើការឆែកឆេរលំនៅឋានភ្លាមៗបានរកឃើញ ថ្នាំញៀនគ្រាប់ប្រមាណ២ម៉ឺនគ្រាប់ និងប្រភេទម្សៅប្រមាណជាង២០កញ្ចប់ធំ ។
ក្រោយពេលចូលឆែកឆេរដល់ក្នុងលំនៅឋានដ៏ស្កឹមស្កៃរបស់ឈ្មោះចាន់ ឫទ្ធីឌី សមត្ថកិច្ចក៏បានឱ្យដឹងថា ឈ្មោះចាន់ ឫទ្ធីឌី គឺជាមុខសញ្ញារកស៊ីជួញដូរថ្នាំញៀនដ៏ធំមួយអស់រយៈពេលជាយូរមកហើយ និងពុំធ្លាប់ត្រូវបានចាប់ខ្លួនឡើយ ដោយសារឈ្មោះចាន់ ឫទ្ធីឌី ប្រកបមុខរបររកស៊ីបើកហាងបៀរហ្គាឌិន ផឹកស៊ីមួយកន្លែងយីហោរស្មីបឹងកេងកង បន្លំភ្នែកអ្នកដទៃដើម្បីបិទបាំងមុខរបរជួញដូរថ្នាំញៀនរបស់ខ្លួន ។
ចំពោះហាងរស្មីបឹងកេងកងនៅវេលាល្ងាចថ្ងៃដដែល ក្រុមសមត្ថកិច្ចបានចុះឆែកឆេររុករកថ្នាំញៀនបន្ត ប៉ុន្តែពុំទាន់ដឹងលទ្ធផលនៅឡើយទេ ។ ដោយឡែកប្រតិបត្តិការឆែកឆេរក្នុងភូមិគ្រឹះខាងលើ សមត្ថកិច្ចសម្រេចដកហូតបានរថយន្តចំនួន៤គ្រឿង មានម៉ាកធុនដ្រា មួយគ្រឿង ឡិចស៊ីស៤៧០ មួយគ្រឿង មែរសឺដេស មួយគ្រឿង និងរថយន្តប្រភេទទួរីសមួយគ្រឿង។
នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃនេះមិនមែនជាភូមិគ្រឹះធម្មតាឡើយ ដែលខាងក្នុងភូមិគ្រឹះនេះបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងប្រណីតបំផុតដែលមានតម្លៃរាប់លានដុល្លារ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះចាន់ ឫទ្ធីឌី មិនបាននិយាយស្តីអ្វីមួយម៉ាត់ឡើយ ។ ទោះបីជាគាត់អត់និយាយស្តីអ្វីក៏ដោយ ក៏សមត្ថកិច្ចជំនាញបានសម្រេចនាំខ្លួនគាត់ និងថ្នាំញៀនរួមជាមួយរថយន្ត៤គ្រឿងទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ គេពុំទាន់ដឹងថា មេខ្លោងផ្សេងៗទៀតត្រូវសមត្ថកិច្ចបន្តស្រាវជ្រាវចាប់ខ្លួនបន្ថែម ឬយ៉ាងណានោះទេត្រឹមវេលាមោ៉ោង៦ល្ងាចថ្ងៃទី២៤ សីហា នេះ ៕





ចែករំលែកព័តមាននេះ