ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​សាច់​សត្វ​ព្រៃ​7​កន្លែង​ត្រូវ​បាន​សមត្ថ​កិច្ច​បង្ក្រាប​ដក​ហូតយក​ទៅ​កាប់​ចោល​

13 ឆ្នាំ មុន

ខេត្ត​រតន​គិរី​​​ ៖​ ​អង្គ​ការ​​សម្ព័ន្ធ​​មិត្ត​សត្វ​ព្រៃ​​បាន​សហការ​​ជាមួយ​​កម្លាំង​​ប៉េ​អឹម​​លើ​ផ្ទៃ​ប្រទេស​​ និង​កម្លាំង​​ចម្រុះ​របស់​​ខេត្ត​ ចុះ​បង្ក្រាប​​តាម​​ភោជនីយ​ដ្ឋាន​​​ចំនួន​​៧​កន្លែង​​ ដោយ​រឹប​អូស​​បាន​សាច់​​សត្វ​ព្រៃ​​គ្រប់​​ប្រភេទ​​ចំនួន​​៣០​​គី​ឡូ​ក្រាម​ ។​​​​ការ​ចុះ​បង្ក្រាបនេះ​​បាន​ធ្វើ​​ឡើង​​កាល​ពី​​រសៀល​​ថ្ងៃ​ទី​​២៣ ​សីហា ​​​តាម​ហាង​​ធំ​ៗ​​ ក្នុង​ក្រុង​​បាន​លុង​ដែល​សម្បូរ​​ដោយ​មុខ​​ម្ហូប​​សាច់​សត្វ​​ព្រៃ​​គ្រប់​ប្រភេទ​ ។

​ទាក់​ទិន​​នឹង​​ប្រតិ​បត្តិ​​ការ​ខាង​លើ​​​ត្រូវ​បាន​​​​​មន្ត្រី​រដ្ឋ​បាល​​​ព្រៃ​ឈើ​​ឱ្យ​ដឹង​​ថា ការ​ចុះ​​បង្ក្រាបនេះ​បាន​​​រឹប​អូស​​សាច់​​សត្វ​ព្រៃ​​​​៨​​មុខ​ ​គឺ​១- ​អណ្តើក​​ភ្នំ​​រឹប​អូស​​បាន​៧​គីឡូ​ក្រាម​ ២- ក​ន្ធាយ​​​១១,៥០​​គីឡូ​ក្រាម​ ​៣-​ ប្រមា​ចំនួន​​១,៥០​​​គី​ឡូ​ក្រាម​ ៤- ​ឈ្លូ​ស​ចំនួន​​៨,៥០​គី​ឡូ​ក្រាម​ ៥- ​ប្រើស​​៣,៥០​គីឡូ​​ក្រាម​ ៦- ត្រកួត​ចំនួន​​២គីឡូ​ក្រាម​ ​៧- ជ្រូក​​ព្រៃ​​ចំនួន​​២,២០​គីឡូ​ក្រាម​ ៨-​ ​ទន្សាយ​គល់​​១,៥០គី​ឡូ​ក្រាម​ ។​

​ក្រុម​មន្ត្រី​​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ឱ្យ​​ដឹង​​ទៀត​ថា ​មុន​នឹង​ចុះ​​បង្ក្រាប​​​ គឺ​​បាន​ដាក់​កម្លាំង​​ស៊ើប​​​អង្កេត​​ជា​​យូរ​​ថ្ងៃ​មក​ហើយ ​ចំណែក​​​​សាច់​សត្វ​ព្រៃ​​ដែល​រឹប​អូស​​បាន​តាម​​ភោជនីយ​ដ្ឋាន​​ចំនួន​​​៧​កន្លែង​​នេះ​ ​​អង្គ​ការ​​សម្ព័ន្ធ​​មិត្ត​សត្វ​ព្រៃ​​បាន​​​យកទៅ​​​កប់​ចោល​​នៅបរិវេណ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​​ ​។ នៅ​ល្ងាច​​ថ្ងៃ​​ដដែល​​នោះ​​ដែរ​ លោក​​​វង្ស​ ​សុក​​សិរី​​​ នាយ​​ខណ្ឌ​​​រដ្ឋ​បាល​​​ព្រៃ​ឈើ​​ខេត្ត​​ ​បាន​ធ្វើ​ការ​​​ណែ​នាំ​​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​​​ថា ​គ្មាន​ការ​​ជួញ​ដូរ​​សត្វ​ព្រៃ​ គ្មាន​ការ​​​សម្លាប់​​សត្វ​ព្រៃ​​​ទេ​​ ។ ​បើ​បង​ប្អូន​​ប្រជា​ពលរ​ដ្ឋ​​ដាក់​អន្ទាក់​​ ឬ​បរ​បាញ់​​សត្វ​ព្រៃ​​ត្រូវ​បញ្ឈប់​​សកម្ម​ភាព​​បែប​នេះ​​ត​​ទៅ​ទៀត​ ពី​ព្រោះ​​សត្វ​ព្រៃ​​គ្រប់​ប្រភេទ​​ជា​របស់​​ពួក​យើង​​ទាំង​អស់​គ្នា​​ សូម​​ចូល​រួម​ជួយ​ការ​ពារ​​សត្វ​ព្រៃ​​​​ជា​ទ្រព្យ​ស​ម្បត្តិ​​រួម៕​