ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរិត​​តាក់​​ទិច​​ពិស​ពុល តើ​​ជាបញ្ហា​បាត់​បង់​ ឬ​​ក៏​ជា​ការ​កេង​ចំណេញ​ផ្នែក​ន​យោ​បាយ​?

13 ឆ្នាំ មុន

កាល​ពីសម័យ​ប្រជុំនៅរដ្ឋសភា​ នា​ថ្ងៃទី៩​​សីហា​ ឆ្នាំ២០១២​ ដើម្បីធ្វើការ​ឆ្លើយ​តប​ទៅ​នឹង ការ​ចោទ​សួរ​ឥត​ឈប់​ឈរ​ពីសំណាក់​ក្រុម​តំណាង​រាស្រ្តមួយ​ចំនួន ដែល​ប្រឆាំង​នឹងរាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ​ ហ៊ុន​​ សែន​ បានថ្លែង​បញ្ជាក់​ច​្បាស់ថា​​ កម្ពុជា​មិន​បាន​បាត់បង់​ទឹក​ដី​សូម្បីតែមួយ​ចំអាម​​ទៅ​ឲ្យវៀតណាម​នោះទេ​ ។

​បក្ស​​ប្រឆាំង​បានថ្កោល​ទោស​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ថា បាន​អនុញ្ញាតឲ្យ​ប្រជាជន​វៀត​ណាម​ចូល​មក​កាន់​កាប់ដីខ្មែរ​ ធ្វើឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដីជា​ច្រើន។ ពួក​គេកំពុង​លើក​បដា​ ឯករាជ្យ​ភាព​ អធិ​បតេយ្យ​ភាព​ បូរណភាពទឹកដី​ គ្រប់ទីកន្លែង​ ដើម្បី​បញ្ជាក់​នូវ​ទឹក​ចិត្តស្នេហា​ជាតិ​របស់​ពួកគេដើម្បី​ទាញ​យក​សំឡេង​ឆ្នោត ។​ តាក់ទិកនេះ​ភាគ​ច្រើន​ ក៏គេ​សង្កេត​ឃើញកើតមាន​ឡើងនៅ​បណ្ដាប្រទេស​ដែលទើប​តែងើបចេញ​ពីអាណា​និគមនិយម​ផង​ដែរ ។
​តើរឿងពិតនោះវាយ៉ាងដូចម្ដេច?

​យើងគួរ​នាំគ្នារំឭក​ពីកិច្ចព្រម​ព្រៀង​នៅ​ទី​ក្រុង​ប៉ារីស​ កាលពីឆ្នាំ​១៩៩១​ ដែល​ញុំាង​ដល់​ការ​​បពា្ចប់សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃជាង​ពីរ​ទស​វត្ស​មក​ហើយនោះ​ ក្រោមការ​សម្រប​សម្រួល​របស់​អង្គ​ការសហ​ប្រជា​ជាតិ​ (អ.ស.ប.)​ ដែល​មាន​តំណាង​រដ្ឋាភិបាល​ចំនួន​១៨​ប្រទេស​ចុះ​ហត្ថ​លេខាធ្វើជាសាក្សីឲ្យកម្ពុជា​​ ក្នុងនោះ​មាន​មហា​អំណាច​ទាំង៥គឺ​ បារាំង​ ចិន​ រុស្ស៊ី​ អង់គ្លេស​ និង សហ​រដ្ឋ​អាមេរិក​ រួមទាំងវៀតណាម​ផងដែរ​​ ។ មាត្រាទី១​នៃកិច្ចព្រម​ព្រៀង​​ស្តីពី​អធិបតេយ្យ​ភាព​ ឯករាជ្យភាព​ បូរណ​ភាព​ទឹក​ដី​ និងមិន​ឈ្លាន​ពានគ្នា…​ចែងថា​«កម្ពុជាសូម​ប្រកាស​ជា​មហោឡារិក ​ថែរក្សា​ ការពារ អធិបតេយ្យ​ភាព ឯករាជ្យ​ភាព​ បូរណភាព​ទឹក​ដី និង​មិន​ឈ្លាន​ពាន​គ្នា…» ។
​ជាក់ស្តែង ​ហើយដែល​គេមិន​ត្រូវ​សង្ស័យ​នោះ​គឺ​ កម្ពុជាបាន​ខិត​ខំប្រឹង​ប្រែង​ដោយ​ឥត​រួញ​រា​ ដៃម្ខាងបំ​ពេញ​នូវភារ​កិច្ចដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​​ដែលក្នុង​នោះ​មាន ​​ការស្តារ​នីតិ​សម្ប​ទា​ និងការកសាង​កម្ពុជា​ឡើង​វិញ​ រីឯដៃ​ម្ខាង​ទៀត​ បាន​ខិតខំចរចា​​ជាមួយ​ប្រទេស​ជិត​ខាង​ ពិសេស​ជាមួយ​វៀត​ណាម​ ក្នុង​ការ​ពិនិត្យ​ឡើង​វិញនូវ​ខ្សែព្រំដែន​ឆ្នាំ១៩៣៣-១៩៥៣ ។​

នាឆ្នាំ២០០៥​ កម្ពុជា​ និងវៀតណាម​ បាន​ឯក​ភាព​គ្នាបង្កើត​គណៈ​កម្មការ​ចម្រុះព្រំដែន​ដើម្បី គូសខ្សែព្រំដែន​ និងបោះ​បង្គោល​ឲ្យបាន​ច្បាស់​លាស់ឡើង​វិញ​ ជាពិសេស​លើផ្ទៃដី​ណា​ដែល​កំពុង​មានបញ្ហា ។​​​

​គេមិន​ត្រូវបំភ្លេចនូវ​ទំព័រ​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា​ គឺនាឆ្នាំ១៩៦៤​ ព្រះមហាក្សត្រ​សម្តេច​ព្រះបាទ​​នរោត្តម ​សីហនុ​ បានយក​ផែន​ទី​កម្ពុជា​ខ្នាត​ ១/១០០.០០០​ តម្កល់នៅ​ អ.ស.ប.​ ដែល​ផែន​ទីនេះ​ត្រូវ​បាន​អន្តរ​ជាតិទទួល​ស្គាល់​ ក្នុង​នោះ​​មាន​ប្រទេសវៀត​ណាម​​ទាំងខាងជើង​ និង​ខាង​ត្បូង​ផង​ដែរ​ ។​ ផែនទីដែល​យើង​លើក​យក​មក​និយាយ​នេះ ​បានផលិត​ឡើង​នា​ឆ្នាំ១៩៣៣​ និង​១៩៥៣​ ដែលកាល​នោះ​កម្ពុជា​ និងវៀត​ណាម​ កំពុង​ស្ថិតនៅក្រោម​អាណា​និគម​និយម​បារាំង​នៅ​ឡើយ ។​ រីឯបង្គោល​ព្រំខណ្ឌ​សីមា​ ក៏ពុំ​ទាន់​​មាន​ច្បាស់លាស់​នៅឡើយ​ដែរ ។​ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ បើគេលើកពី​គោលការណ៍​ច្បាប់​​អន្តរ​ជាតិ​ភាសាឡាតាំង​ “ Uti​ Possidetis”​ គឺព្រំ​ដែន​​មួយ​ដែល​បានកំណត់រួច​ហើយ​កាល​ពី​សម័យ​​អាណានិគម​និយម​នោះ​ អន្តរ​ជាតិ​ត្រូវ​ទទួល​យក​បាន​នៅខណៈពេល​ដែល​ប្រទេស​នោះ​បាន​ទទួល​ឯក​រាជ្យ​ ឬក៏ទឹកដី​នោះ​នៅ​តែ​ជា​របស់​អ្នកកាន់កាប់ ​លើកលែងតែមាន​ការអនុញ្ញាត​កែប្រែ​ណាមួយពី​សន្ធិសញ្ញា ។​

ក្នុង​តួនាទីជា​ប្រទេស​ហត្ថលេខី​មួយ​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស​ វៀតណាម​ បានបន្តនូវ​ការ​ទទួលស្គាល់​យ៉ាង​ខ្ជាប់ខ្ជួន​នូវផែន​ទីកម្ពុជា ។​ ជាទូទៅ ​សម្តេចនាយ​ក​រដ្ឋមន្រ្តី​ បាន​សង្កត់​ធ្ងន់​ថា​ «យើងនឹងធ្វើការ​ដោះដូរ​ដីធ្លីគ្នា​ឱ្យមាន​សម​ភាព​​រវាងកម្ពុជា​ និងវៀតណាម ​មួយហិកតា​ទៅ​មួយ​ហិកតាមក​​ គឺភូមិណាដែល​មាន​ប្រជា​ជន​នៃប្រទេសទាំងពីរបាន​រស់នៅជាយូរ​មក​ហើយ»​។​ ហើយបញ្ហាផ្ទៃដីនេះទៀត ​សម្តេចតេជោ​ បាន​មាន​​ប្រសាសន៍ទៀត​ថា​ ប្រព័ន្ធស្ទង់ដទៃ​ទៀត​ដែល​ប្រើ​ប្រាស់​ខ្នាតផែនទីខុសៗ​គ្នាបាន​បង្ហាញ​ថា​ កម្ពុជាមានផ្ទៃដីពី​១៨១.៦០៦​ដល់ ១៨១.៣១២​ គីឡូម៉ែត្រក្រឡា ។​ ក្នុងន័យនេះ សម្តេចតេជោ​ បានបញ្ជាក់ទៀត​ថា​ «ការទទួល​ខុស​ត្រូវនេះ​ គឺទុកភារកិច្ចឱ្យក្រុម​បច្ចេក​ទេស គណៈ​កម្មការ​ចម្រុះកិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម​ បន្តការវាស់វែង​ និងបោះ​បង្គោល​ព្រំសីមាតទៅទៀត»។​

ក្នុងន័យនេះ ​យើង​ក៏គួរ​រំឭក​ខ្លួនយើងផង​ដែរ​ថា​ គឺយើងមាន​បញ្ហា​ឈឺ​ក្បាល​មួយ​ទៀត គឺការកំណត់ខ្សែ​បន្ទាត់ព្រំដែន​ភូមិភាគ​ខាងលិច ។​ សម្តេចតេជោ​ បាន​បន្ថែម​ថា «ទុកភារកិច្ចឱ្យគណៈ​កម្មាធិការ​ចម្រុះកំណត់​ព្រំដែនគោកខ្មែរ-ថៃ​ ជាអ្នកធ្វើការ​ងារ» ហើយ​លោក​សរុបថា «កម្ពុជាក្រោមការ​ដឹកនាំ​របស់ខ្ញុំ មិនឱ្យបាត់បង់​ទឹកដីឱ្យ​ប្រទេស​​ជិតខាង​សូម្បី​មួយ​មីលី្លម៉ែត្រឡើយ» ។​

ចាប់ពីបដិសន្ធិមកទល់បច្ចុប្បន្ន​ កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស​ មានអាយុ​២១ឆ្នាំ​ ហើយ​ ។ ជាការពិតណាស់​ ប្រទេសហត្ថលេខីទាំងអស់ បាន​ធ្វើជាសាក្សីលើស​មិទ្ធផល​កម្ពុជា​ទទួល​បាន​។​ ជាងនេះទៅទៀត​ គេសង្កេតឃើញថា​ កម្ពុជា និងវៀតណាម​ បានប្រតិបត្តិយ៉ាងហ្មត់ចត់​តាម​កិច្ច​ព្រមព្រៀងស្តីពី​ អធិតេយ្យភាព​ បូរណភាព​ទឹកដី និងការ​មិន​ឈ្លាន​ពានគ្នា ។​
បញ្ហាសំខាន់​នៅទីនេះ​គឺថា​ យើង​ត្រូវ​ការ​ខ្សែ​បន្ទាត់ព្រំដែន​មួយ​ដែលប្រទេស​ទាំងពីរ​ទទួល​ស្គាល់ទាំង​អស់​គ្នា​ ហើយប្រជាជន​ជិតខាង​នៃ​ប្រទេស​ទាំងពីរ​មានចេតនា​រម្មណ៍​ចង់​រស់​នៅ​ជិត​ខាង​សុខដុមជាមួយគ្នា​ គោរពអធិបតេយ្យភាព បូរណ​ភាព​ទឹកដី​ និចៀសវាងការរំលោភ​គ្នា​ទៅ​វិញ​ទៅ​មក ។​

​អ្នកដែល​ស្រឡាញ់​សន្តិភាព​ និង​ប្រជា​ធិ​ប​តេយ្យ​ពិតប្រាកដ ​មិនត្រូវដើរ​អុជ​អាល ​បញ្ឆេះ​ភ្លើង​កំហឹង​ឲ្យមានការស្អប់ខ្ពើមគ្នានោះ​ទេ​ ។ ចលនាណាមួយ​ដែលមានបំណង​ធ្វើឲ្យរដ្ឋាភិ​បាល​មួយដែលកើត​ចេញ​ពីឆន្ទៈប្រជាពលរដ្ឋ រង្គោះរង្គើនោះ​ ក៏ពុំមែនជាកីឡានយោបាយ  ប្រកប​​ដោយយុតិ្តធម៌​ និងត្រឹមត្រូវនោះដែរ ។ ដូចនេះ គួរ​យើង​ផ្តល់ពេលវេលា​ដល់រាជ​រដ្ឋាភិ​បាល​ដឹកនាំការងារប្រទេសជាតិ​ដើម្បីឈាន​ឆ្ពោះ​ទៅ​រកសន្តិភាព​ស្ថិតស្ថេរមួយ​ ក្នុងនោះ​គេចាំ​បាច់​ត្រូវមានបន្ទាត់ព្រំដែនមួយច្បាស់លាស់​ ដើម្បី​ប្រជា​ជនប្រទេសទាំងពីរ​រស់បានដោយ​សុខដុម និង​សុខ​សន្តិភាព ។​ យើងគួរអាណិតអាសូរ​ និង​ជួយ​ប្រជាជនដែលរស់នៅតាមទល់ដែន ពិសេស​ដែល​ជាប់​របង​គ្នា​នឹងវៀតណាម​ ឱ្យគ្នាមាន​ខ្សែ​បន្ទាត់ព្រំខណ្ឌសីមាមួយ​ដែលប្រទេស​ទាំងពីរ​ទទួលស្គាល់ទាំងអស់គ្នា ។ គួរតែយើងគ្រប់ៗគ្នា ជួយឲ្យពួកគេ​មានជីវភាព​លូត​លាស់​ ជាជាង​យើង​ចាក់ឆ្កឹះ​​​​​​ពួកគេឲ្យ​មានកំហឹង​ពុះ​កញ្ជ្រោល​ក្នុងជីវិត ។​

ដូចនេះ ឆាក​ល្ខោន​ដែលបាន​និងកំពុងបំភ្លៃ លាយឡំនឹងការភូតកុហកបោកប្រាស់​ និង​ប្រាស​​ចាក​​ពីការពិត​ពីសំណាក់ក្រុមប្រឆាំង​ទៅលើ សម្តេច​តេជោ​ ហ៊ុន​ សែន និងគណ​បក្ស​ប្រជា​ជន​កម្ពុជានោះ​ នឹងទទួលបរាជ័យ​ចំពោះមុខ​ប្រជា​ជន​កម្ពុជា​គ្រប់ស្រទាប់ជាន់​ថ្នាក់ ​ដោយសារការ​ពន្យល់ និងបកស្រាយដ៏ក្បោះក្បាយ​អស់​រយៈ​ពេល​ជាង​ប្រាំម៉ោង​របស់​សម្តេចតេជោ​ ហ៊ុន សែន នៅឯរដ្ឋសភា​ កាលពីថ្ងៃទី៩​ សីហា កន្លង​ទៅនេះ ។​

តាមរយៈនេះ ​ប្រជាជនកម្ពុជា​ ទាំងក្នុង​ប្រទេស​ ក៏ដូចជានៅក្រៅប្រទេស ​ច្បាស់ជា​នឹង​យល់​យ៉ាងប្រត្យក្សថា​ នេះគឺជាចរិតតាក់ទិក  លាយ​នឹងឧបាយកលដ៏ពិសពុល​ គឺជាមហិច្ឆតា​ស៊ីកេងផ្នែកនយោបាយដ៏សុទ្ធសាធ ៕