រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ សីហា នៅវិមានសន្តិភាព មានបើកអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៤ដើម្បីឆ្លង ៖
១-សេចក្តីព្រាងរបាយការណ៍ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ។
៣-បញ្ហាផ្សេងៗ
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តនូវ ៖
១-សេចក្តីព្រាងរបាយការណ៍ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
ព្រះរាជាណាចក្រកម្ពុជាជាហត្ថលេខី និងជាភាគីនៃកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិជាមូលដ្ឋានរបស់មនុស្សរួមមាន «សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងសិទ្ធិពលរដ្ឋ និងនយោបាយ ព្រមទាំងអនុសញ្ញាផ្សេងៗទៀត» ។
ការដាក់ចេញនូវ «យុទ្ធសាស្ត្រចតុកោណ» ដំណាក់កាលទី២ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៤ នៃរដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លុះបញ្ចាំងនូវទស្សនវិជ្ជាដ៏ទូលំទូលាយក្នុងការលើកស្ទួយសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា ដោយផ្តោតទៅលើសិទ្ធិសេរីភាពទាំងផ្នែកនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ច ។ ទន្ទឹមនឹងការអនុវត្តកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធមនុស្សទៅតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយដែលមានជាធរមាន រាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចមួយទៀត គឺធ្វើរបាយការណ៍ស្តីពីការអនុវត្តនៃសិទ្ធិទាំងនោះជូនអង្គការសហប្រជាជាតិ ដែលក្នុងនោះមានរបាយការណ៍ចំនួន៧ត្រូវបានរាយការណ៍រួចហើយតាមការកំណត់រួមមាន ៖
១-របាយការណ៍ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ
២-របាយការណ៍ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
៣-របាយការណ៍ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍
៤-របាយការណ៍ ស្តីពីការប្រឆាំងអំពើទារុណកម្ម
៥-របាយការណ៍ ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ
៦-របាយការណ៍ ស្តីពីសិទ្ធិកុមារ
៧-របាយការណ៍ តាមពេលវេលាកំណត់ (UPR) ។
សេចក្តីព្រាងរបាយការណ៍ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជារបាយការណ៍លើកទី២ រៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លុះបញ្ចាំងឱ្យឃើញថា បើទោះបីជាត្រូវប្រឈមនឹងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ពិសេសវិបត្តិសេដ្ឋកិច្ចក្នុងបណ្តាប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូ ការការពារបូរណភាពទឹកដី អធិបតេយ្យភាពកម្ពុជាទលនឹងការប៉ុនប៉ងឈ្លានពានពីបរទេស គ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ក៏រាជរដ្ឋាភិបាលកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រា៧,១ភាគរយក្នុងឆ្នាំ២០១១ ។ អត្រានៃការកាត់បន្ថយភាពក្រីក្រ បើគិតតាមកាឡូរីម្ហូបអាហារមានត្រឹមជាង១៤ភាគរយ ។ រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីជូនដល់ប្រជាពលរដ្ឋគិតត្រឹមខែឧសភា ឆ្នាំ០២១២ បានចំនួនជាង២,៧លានក្បាលដីហើយ ជាពិសេសក្នុងយុទ្ធនាការកែទម្រង់ដីធ្លីដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រដែលហៅថា សកម្មភាពថ្មីក្នុងនយោបាយចាស់ ចាប់ពីខែឧសភា ឆ្នាំ២០១២ ប្រជាពលរដ្ឋជនបទយ៉ាងតិចចំនួន៣៥ម៉ឺនគ្រួសារនឹងទទួលបានសិទ្ធិកាន់កាប់ដីប្រភេទ គឺដីព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋដែលត្រូវដកហូតចំនួន១,២លានហិកតាទៀត ។ សកម្មភាពកែទម្រង់ដីធ្លីនេះនឹងត្រូវបន្តរហូតដល់គ្រប់ប្រជាពលរដ្ឋ ពិសេសដីសម្បទានសង្គមកិច្ចជូនដល់គ្រួសារអតីតយុទ្ធជន និងជនចូលនិវត្តន៍ ។
២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ
សត្វផ្សោតទន្លេមេគង្គ (Orcaellla brevirostris) គឺជាថនិកសត្វទឹកដ៏កម្រនៅក្នុងពិភពលោក ដែលមាននៅសល់តិចតួចណាស់នៅតាមឆ្នេរសមុទ្រចាប់តាំងពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃឡង់ដ៍ ។ ផ្សោតប្រភេទនេះ ក៏ឃើញមានរស់នៅក្នុងតំបន់ទឹកសាបមួយចំនួនក្នុងចំនួនដ៏តិចតួច ដូចជានៅក្នុងទន្លេតូចមួយក្បែរទន្លេ GANGE នៃប្រទេសឥណ្ឌា ទន្លេអីុរ៉ាវ៉ាឌី នៃប្រទេសមីយ៉ាន់ម៉ា ទន្លេមេគង្គនៃប្រទេសកម្ពុជា ទន្លេមហាខាម និងទន្លេមួយទៀតនៅតំបន់កាលីម៉ាន់តាន់ កោះប័រណេអូ នៃប្រទសឥណ្ឌូណេស៊ី ។ នៅក្នុងទន្លេមេគង្គប្រទេសម្ពុជាចំនួនសត្វផ្សោតនៅសេសសល់ប្រហែល១៥៥-១៧៥ក្បាល ដោយសារតែមានការយកចិត្តទុកដាក់ទុកដាក់អភិរក្សដ៏ខ្លាំងពីរាជរដ្ឋាភិបាលក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ។
សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្ន បានក្លាយទៅជារតនសម្បត្តិដ៏ពិសិដ្ឋរបស់ជាតិ ក៏ដូចជារបស់ប្រជាពលរដ្ឋកម្ពុជាដែរ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងៗ ដែលកាលពីឆ្នាំ២០០០ ភ្ញៀវទេសចរបរទេសមានចំនួនប្រហែល៥០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំហើយកើនឡើងដល់ជិត២០.០០០នាក់នៅឆ្នាំ២០១០ ចំណែកឯភ្ញៀវទេសចរជាតិកើនឡើងជាង៥ម៉ឺននាក់ក្នុង១ឆ្នាំដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចមានឱកាសរកចំណូលបានជាបង្គួរពីវិស័យអេកូទេសចរណ៍សត្វផ្សោតនេះ តាមរយៈសេវាកម្មនានា និងការលក់ដូរភេសជ្ជៈ ផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលផលិតក្នុងសហគមន៍ ។
អនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានគោលបំណងបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋ ជាពិសេសសម្រាប់បម្រើវិស័យអេកូទេសចរណ៍ និងអភិរក្សសត្វផ្សោតប្រកបដោយនិរន្តរភាព ។
តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលចែងនៅក្នុងអនុក្រឹត្យនេះ មានទីតាំងលាតសន្ធឹងតាមដងទន្លេមេគង្គភាគខាងជើង ក្នុងកំណាត់ខាងលើប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេ្យប្រជាមានិតឡាវ ចំណុចល្បាក់ខោន ទឹកធ្លាក់ព្រះនិមិ្មត អន្លង់ឈើទាល អន្លង់មរតក ក្នុងខេត្តស្ទឹងត្រែង មកទល់នឹងក្បាលកោះទ្រង់ក្នុងក្រុងក្រចេះ ខេត្តក្រចេះ មានទំហំ៧៧៦,៣០គីឡូម៉ែត្រការ៉េ ដោយមិនគិតបញ្ចូលតំបន់ដីសើមមានសារសំខាន់ជាអន្តរជាតិ ពិសេសជាទីជម្រកសត្វស្លាបទឹក ខេត្តស្ទឹងត្រែង ទំហំ១៤៦គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីនៃអនុសញ្ញារ៉ាំសា ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ ។
អនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ មាន៦ជំពូក និង១២មាត្រា ។
៣- បញ្ហាផ្សេងៗ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី ក្រុមយុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដែលបានចូលរួមនិងសម្រេចបានលទ្ធផលល្អក្នុងការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពថ្មីនៃនយោបាយចាស់របស់រាជរដ្ឋាភិបាល ។
ក្នុងគោលបំណងបង្កើនល្បឿននៃការវាស់វែងដីធ្លីបីប្រភេទ គឺ ដីព្រៃសម្បទាន ដីសម្បទានសេដ្ឋកិច្ច និងដីរដ្ឋដែលមានដីកាដកហូត ដែលត្រូវបានចាត់ទុកថា ជាការកែទម្រង់ដីធ្លីជាប្រវត្តិសាស្ត្រ មានលក្ខណៈជ្រាលជ្រៅ ក្រៅពីប្រកាសបង្កើនកម្លាំងវាស់វែងពី១៣៦ទៅ១៦៨ក្រុមវាស់វែង សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យអាជ្ញាធរខេត្តត្រូវរៀបចំផែនទីកំណត់ទីតាំងដី៣ប្រភេទខាងលើបន្ថែមទៀត ដោយផ្អែកតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីខ្លួនឯង ធ្វើការប៉ាន់ប្រមាណចំនួនដី និងចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានដី ពិសេសត្រូវរួមបញ្ចូលនូវដីបន្ថែមចំនួន១០% សម្រាប់ជាដីសហគមន៍ ដែលត្រូវកាត់ចេញជូនមកលេខាធិការដ្ឋានថ្នាក់កណ្តាលឱ្យបានឆាប់បំផុតនាដើមខែកញ្ញា ខាងមុខនេះ ។ អាជ្ញាធរខេត្ត ក៏ត្រូវតែទប់ស្កាត់ឱ្យបាននូវការចូលរុករានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ជាថ្មីទៀត ៕
ចែករំលែកព័តមាននេះ