ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ដង្ខៅ​គោ​បាន​70​លា​នរៀល​ចាប់​ជន​សង្ស័យ​បាន​3​នាក់​សល់​3​នាក់​ទៀត​ជា​ជ​នដៃ​ដល់​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ​រហូតមកដល់ពេល​នេះ​មានរយៈពេល​ជាងកន្លះខែហើយ ដែល​ករណី​ចោរប្លន់ដង្ខៅទិញគោយកប្រាក់អស់ចំនួន៧០លានរៀល​​បានដោយសុវត្ថិភាព នៅ​​ជើង​ភ្នំ​កង្រី ក្នុង​ភូមិសាស្រ្តភូមិពោធិ៍ ឃុំពោធិ៍​ ស្រុកកំពង់​​​លែង​កន្លងទៅនេះ​នៅមិនទាន់បាន​ចាប់ជន​ដៃ​ដល់​ពិតប្រាកដនៅឡើយ ។ ​ទោះ​បីជា​បែប​ណា ជន​សង្ស័យ​​ជាបក្សពួករួមគំនិតចំនួន២​នាក់​ត្រូវ​បាន​មន្រ្តីប៉ូលិស​ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីក្រុម​ចោរ​​​ធ្វើសកម្មភាពបានមួយថ្ងៃ​ ហើយ​ពេល​ថ្មីៗ​នេះ ជនសង្ស័យម្នាក់​ទៀតដែល​ជា​អ្នកចម្លង​កាណូត​ឱ្យ​​ជនដៃដល់ក្រោយពី​ធ្វើសកម្ម​ភាព​ក៏ត្រូវ​ប៉ូលិស​​ចាប់ខ្លួនបញ្ជូន​ទៅ​សាលា​ដំបូង​​ដាក់​ឃុំ​ជា​​បណ្តោះ​អាសន្ន​ដែរ។ ទាំង​នេះ​គឺមាន​ន័យ​ថា ប៉ូលិស​បានខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ច​ការងារ​បង្ក្រាប​នេះ​យ៉ាងយកចិត្ត​ទុក​ដាក់​ជាទីបំផុត ។

មន្ត្រីប៉ូលិសដែលបានប្រឹងប្រែងក្នុង​​​ប្រតិបត្តិការ​នេះ​និយាយថា ឈ្មោះប៉ូច ខ្លឹម អាយុ​៣៤​​ឆ្នាំ មានទីលំនៅភូមិកំពង់បាចិន ឃុំ​ពោធិ៍ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ សីហា ​បន្ទាប់​ស្រាវជ្រាវដឹងថា ឈ្មោះនេះបានយក​កាណូត​ចម្លង​ជនដៃដល់ពីជើងភ្នំកង្រី មកក្រុង​កំពង់​ឆ្នាំង​ដាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រោយ​ពេល​ធ្វើ​សកម្មភាពប្លន់បានសម្រេច ។ ប្រភព​ដដែល​បានបន្តថា ក្រុមជន​ល្មើស​បាន​រៀបផែន​ការគិតទុកជាមុនជាច្រើនដងមុននឹង​ឈាន​ដល់​ធ្វើសកម្មភាពប្លន់បានសម្រេច ដោយ​សារផែន​ការ​​មុនៗនៅពេលដង្ខៅ​ទិញគោ​​វេច​ប្រាក់​ជា​ច្រើនទៅស្រុកកំពង់លែង នៅតាម​កំណាត់​ផ្លូវ​ដែលក្រុមចោរត្រៀមធ្វើសកម្មភាពបាន​ជួប​ឧប​សគ្គ​​​ដូច​ជា​ ជួបរ៉ឺម៉កម៉ូតូ ជួប​អ្នក​ភ្ជួរ​រាស់ ដក​ស្ទូងជាដើម ហើយ​គម្រោងផែនការ​ត្រូវ​​អាក់​ខាន ។ ប៉ុន្តែនៅថ្ងៃទី៨ សីហា ខណៈ​ដង្ខៅ​ទិញ​គោ​ឈ្មោះស៊ិន ឌូច អាយុ២៨ឆ្នាំ មានទី​លំនៅ​​នៅ​ខេត្ត​តាកែវ បានមក​បើកលុយ​ចំនួន៧០​លាន​រៀលពីផ្សារក្រោមខេត្តកំពង់ឆ្នាំង យក​ទៅ​ស្រុក​កំពង់លែង​ដើម្បីទិញ​គោដូច​សព្វ​ដង​ ក៏ត្រូវ​ក្រុម​ចោរ​ចំនួន២ពួន​ស្ទាក់វាយ​នៅ​តាម​ដង​ផ្លូវ​យក​លុយនោះ​​អស់ហើយគេចខ្លួនបាត់ ។   

សូមរំលឹកថា ឈ្មោះស ហេន អាយុ៣៤ឆ្នាំ និង​ឈ្មោះយិន ទីន អាយុ៤៤ឆ្នាំ ទាំងពីរ​នាក់​នេះ​ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ សីហា បន្ទាប់ពី​កើត​ហេតុនៃអំពើ​ប្លន់នេះ​បាន​មួយថ្ងៃ ។ ចំណែក​ឈ្មោះប៉ូច ខ្លឹម ចាប់ខ្លួននៅថ្ងៃទី១៦ សីហា ដែល​​ជននេះ​រួមគំនិតក្នុងអំពើប្លន់ ព្រោះ​បាន​យកកាណូតជួយចម្លងជនដៃដល់បន្ទាប់ពីប្លន់បាន​សម្រេច។ ជន​សង្ស័យក្នុង​អំពើប្លន់​ខាង​លើនេះ មានសរុបចំនួន៦នាក់ ដែលពេល​នេះ​ប៉ូលិស​ចាប់​បាន៣នាក់ជាបក្សពួក​សម​គំនិត និង​នៅ​សល់​៣នាក់ទៀត ដែល​ក្នុងនោះ២​នាក់​ជា​ជន​ដៃដល់ ហើយជនសង្ស័យទាំង៣នាក់​នេះកំពុង​គេចខ្លួនពីកន្លែងមួយ​ទៅកន្លែង​មួយ​ក្រោយ​ពី​ដឹងថា បក្ស​ពួកត្រូវប៉ូលិសចាប់ខ្លួន ។

តាមប្រភព​ក្រៅផ្លូវការដែលទទួលបានពីប្រជាពលរដ្ឋនៅក្នុងឃុំពោធិ៍​និយាយថា ក្រុម​ចោរ​ទាំងនោះ ជាបងប្អូន និង​បក្ស​ពួក​ដែល​ធ្លាប់ជាប់ពន្ធ​នាគារ​ ហើយ​ក្រោយ​ពេល​ប្លន់បាន គឺ​ចែកលុយគ្នាអស់ហើយ ដោយ​ម្នាក់ៗបាន​១៣​លានរៀល ចំណែកឯអ្នកចម្លងកាណូតបាន៣​លានរៀល ។ ​អ្នកដែល​បាន​ចាប់​ខ្លួន​កំពុង​នៅ​ក្នុង​ពន្ធនា​គារក៏មានចំណែកដែរ គឺគេ​​វេរ​​មក​ឱ្យ​ដោយ​ហេតុនេះហើយទើប​មាន​គេកំពុង​រត់​ការ​ដោះជនសង្ស័យទាំង៣នាក់ពីការឃុំឃាំង ប៉ុន្តែ​មិនអាចទៅរួចព្រោះ​សាលាដំបូង​​ខេត្តបាន​​ប្រកាន់​ច្បាប់​ជាធំជាងប្រាក់ ។ ប្រភពដដែល​បាន​បន្ត​ថា អ្នករត់ការដោះលែង​​មនុស្ស​ទាំងនោះ គឺជា​មន្រ្តីប៉ូលិស​ម្នាក់​​​ ។ ព័ត៌​មាន​ក្រៅ​ផ្លូវការ​នេះ​ទុក​ឱ្យ​ថ្នាក់​លើស្រាវជ្រាវចុះ ពិសេសអង្គភាព​ប្រឆាំង​​អ​ំពើពុករលួយ សូម​មេត្តា​ជួយវែកមុខផង ៕