ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ ​មានប្រតិកម្ម​​​ និងបដិសេធ​ចំពោះ​​​ការ​ចោទប្រកាន់​​របស់​មន្ត្រីថៃ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ ​​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​ងារ ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​​ និង​ជាប្រធានមូល​លិធិ​​អភិវឌ្ឍន៍​​មូស្លីម ​កម្ពុជាបានមានប្រតិកម្ម​ និងបដិសេធជុំវិញមន្ត្រី​​​ជាន់ខ្ពស់​​​ថៃ ដែល​បានចោទប្រកាន់ថា ​ខ្មែរអ៊ិស្លាម​​​កម្ពុជា ត្រូវ​បាន​​គេ​ជួល​ឱ្យ​ទៅ​ធ្វើ​សង្គ្រាម​​​នៅ​ភាគ​ខាង​ត្បូង​​នៃ​ប្រទេសថៃ ហើយ​ត្រូវបានកាសែតបាងកក​ប៉ុស្តិ៍​​ផ្សាយ​នៅពេលថ្មីៗ​កន្លងមក ។ ការ​ចោទប្រកាន់​នេះ ជា​មការ​មួលបង្កាច់ និង​មាន​ចេតនា​​មិន​ល្អ ។

​ការបដិសេធ​ចំពោះ​ការ​ចោទប្រកាន់​​នេះ បានធ្វើឡើងកាលពីវេលាម៉ោង​១១ ​និង​៥០នាទី​​​ថ្ងៃត្រង់ ​ថ្ងៃទី២៤ សីហា ២០១២ ​នៅវហារ​គីឡូម៉ែត្រ​លេខ​៩ ​ក្នុងសង្កាត់​​ច្រាំង​​ចំរេះ​ទី១ ​ខណ្ឌប្ញស្សីកែវ ក្នុង​ឱកាស​ដែល​​លោកអញ្ជើញ​​​ទៅថ្វាយបង្គំ​​​ហើយ​ជួប​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​​ ។ នៅ​ខណៈ​នោះ លោក​ឧកញ៉ា​អូ​ស្មាន ហាស្សាន់ ​​ក៏បានអំពាវនាវ​​ដល់ថ្នាក់​ដឹកនាំ​អ៊ិស្លាម​​ទាំងអស់​​​ឱ្យជួយផ្សព្វ​ផ្សាយ​ឱ្យបងប្អូន​អ៊ិស្លាម​​បានយល់ ដែលគេ​មានបំណង​​​អាក្រក់បែបនេះ ។

​លោកឧកញ៉ា​អូស្មាន ហាស្សាន់ ​​បានឱ្យ​ដឹង​ថា ខ្មែរអ៊ិស្លាម​​​ស្លូតបូត​​​ស្រឡាញ់​សន្តិភាព​មិន​អាក្រក់​ដូច​គេចោទប្រកាន់ថា ​ត្រូវ​បាន​​គេ​ជួល​ឱ្យ​ទៅ​ធ្វើ​សង្គ្រាម​នោះទេ ។ គ្មានអ្វី​​មួយដែលអាចបញ្ជាក់​​​ថា ខ្មែរអ៊ិស្លាម​​ធ្វើដំណើរ​ទៅ​​ប្រទេស​ថៃ បង្ក​ការ​​អុកឡុក​ឡើយ ។​ការ​ធ្វើដំណើរ​​​ទៅ​ប្រទេសថៃ របស់​បងប្អូន​ខ្មែរអ៊ិស្លាម​​​ គឺឆ្លង​ទៅ​​រកស៊ី និង​ធ្វើ​អាជីវកម្ម​​​ផ្សេងៗ​​នៅ​​ប្រទេសម៉ាឡេស៊ី ​តាម​ផ្លូវគោក​ដោយ​ស្របច្បាប់​ ដែល​ចំណាយ​​​អស់ថវិកា​​តិច ។ ​​​ការ​ធ្វើ​​​​ដំណើរ​សុទ្ធ​តែមានលិខិត​ត្រឹមត្រូវ និង​ស្របច្បាប់ ។ ខ្មែរអ៊ិស្លាម​​​គ្មានអំពើ​​ណាមួយរួមគំនិត​ក្នុង​ការបង្កើត​​​ចលាចល​នោះទេ ។

​​លោកឧកញ៉ា​​អូស្មាន ហាស្សាន់ ​​បាន​ឱ្យ​ដឹងទៀត​ថា ​ថ្នាក់ដឹកនាំ​​​ថៃគួរ​តែយល់​ ហេតុអ្វី​​បានជាអ៊ិស្លាម​​​កម្ពុជា​រស់នៅ​មានសេចក្តីសុខ ហើយហេតុអ្វី​បានជាអ៊ិស្លាម​​​ថៃរស់នៅ​​ជាមួយគ្នា​គ្មាន​សេចក្តី​សុខ​​នោះ ។ លោក​ឧកញ៉ា​​​​ក៏បាន​​ណែនាំ​​ដល់​ថ្នាក់ដឹកនាំ​​​អ៊ិស្លាម​​ត្រូវ​​បំភ្លឺថា ​អ៊ិស្លាម​​កម្ពុជាល្អមិន​បង្ក​ការ​អុកឡុក​ ឬស៊ីឈ្នួល​ធ្វើ​សង្គ្រាម​​​ដូចការចោទប្រកាន់​​នោះទេ ។ ​​ដូចនេះ​សូមធ្វើ​ការ​​ផ្សព្វ​ផ្សាយ​ដល់បងប្អូន​ខ្មែរអ៊ិស្លាម​​យើង​បាន​​យល់​កាន់តែ​ច្បាស់ចំពោះ​​បំណង​ប្រាថ្នានេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕