សភាទាំង២របស់ឥណ្ឌាត្រូវបង្ខំឱ្យលើកពេលប្រជុំជាថ្មីទៀត កាលពីថ្ងៃទី២៣ សីហា ដែលនេះជាការលើកពេលថ្ងៃទី៣ជាប់ៗគ្នា ។
ពួកប្រឆាំងបានអនុវត្តការគំរាមរបស់ពួកគេរារាំងសម័យប្រជុំសភារហូតដល់ការលាលែងរបស់នាយករដ្ឋមន្ត្រីលោកម៉ាន់ ម៉ូហាន់ស៊ិញ ដែលពួកគេយល់ថា ជាអ្នកទទួលខុសត្រូវចំពោះការខាតបង់ហិរញ្ញវត្ថុដ៏ធំធេងសម្រាប់រដ្ឋ ដែលលាតត្រដាងនាពេលថ្មីៗនេះ តាមរយៈរបាយការណ៍មួយរបស់អគ្គសនវនាករ ។
ពេលបើកសម័យប្រជុំសភានាវេលាម៉ោង១១ បណ្តាសមាជិកសភានៃគណបក្សប្រឆាំង គឺគណបក្សប្រជាជនឥណ្ឌាBJP បានបដិសេធមិនឱ្យការងារប្រព្រឹត្តទៅដោយរលូន ។ ពួកគេឡើងអុកឡុកលើវេទិការបស់ប្រធានសភា ដើម្បីធ្វើការតវ៉ាដែលញ៉ាំងឱ្យមានការលើកពេលប្រជុំ រហូតដល់ថ្ងៃត្រង់ ។ នៅសភាជាន់ខ្ពស់(ព្រឹទ្ធសភា) ក៏មានឆាកដូចគ្នានេះដែរ ដែលបង្ខំប្រធានព្រឹទ្ធសភា លោកហាម៉ាដ អានសារី ផ្អាកសម័យប្រជុំរហូតដល់ថ្ងៃត្រង់ ។
ក្នុងរបាយការណ៍មួយចេញផ្សាយកាលពីសបា្តហ៍មុនអគ្គសវនាករគណនីលាតត្រដាងថា រដ្ឋរងការខាតបង់ប្រាក់ដល់ទៅ៣៧ពាន់លានដុល្លារ ដោយសារការបែងចែកទីតាំងរ៉ែឱ្យដល់ក្រុមហ៊ុនឯកជនមួយចំនួន ៕
ចែករំលែកព័តមាននេះ