ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដាល់​​ដណ្តើម​​ខ្សែ​​ក្រវាត់​ K-cement​ ជុំ​​ទី​2​​​ពូល​​ ​B ​សារឹម ​ង៉ា ​ជួប​ចេង​ រិទ្ធី នៅ​​រេញ​ CTN ​ថ្ងៃ​អាទិត្យ

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅថ្ងៃ​អាទិត្យ​ ទី​២៦ សីហា​ នេះ ការ​ប្រកួត​​​​ប្រដាល់​​ដណ្តើម​ខ្សែ​ក្រវាត់​ K-cement​ ប្រភេទទម្ងន់​​​​៥៤​គីឡូក្រាម ពូល​B ​នៅ​លើ​សង្វៀន​​ស្ថានីយទូរទស្សន៍​ CTN ​គឺឈាន​ចូល​​​​ជុំទី២ហើយ ដោយ​កីឡាករ សារឹម ង៉ា ​មក​ពី​សមា​គម​កីឡាប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ ជួប​ប្រកួត​​ជាមួយ​​ចេង រិទ្ធី​ មក​ពី​​ក្លិប​​សាលវ័ន្ត​កីឡា។​

កាលពី​ជុំ​ទី១ កីឡាករ​​ អាំង សំអាត ​មក​ពី​ក្លិប​​តាព្រហ្ម​​​មានជ័យ​ ​ជា​អ្នក​​រក​បាន៣​ពិន្ទុ​​មុន​គេ​ នៅ​ក្នុង​ពូល ​ប៉ុន្តែ​​សម្រាប់​​លើក​នេះ​​ គេ​មិន​​ទាន់​ដឹង​ថា រវាង​កីឡាករ សារឹម ង៉ា និងចេង រិទ្ធី​ តើ​​​នរណា​ជា​អ្នក​រក​បាន​​​៣​ពិន្ទុ​​​មុន​គេ​​ទៀត​នោះ​​ទេ ​​។ សារឹម ង៉ា ​និង​​ចេង រិទ្ធី​ បើ​ពិនិត្យ​​ទៅ​លើ​សមត្ថ​ភាព​​បច្ចេក​ទេស​​ប្រកួត​​នៅ​លើ​សង្វៀន​​​​គឺ​ខុស​គ្នា​បន្តិច​បន្តួច​​ប៉ុណ្ណោះ ​។ សារឹម ​ង៉ា ​​ល្អ​ស្នៀត​​កែង​ និង​ជង្គង់​ ឯ​ស្នៀត​​​ជើង​និង​ស្នៀត​​កណ្តាប់​ដៃ​​ក៏កាន់​តែ​អស្ចារ្យ​​ថែម​ទៀត ។ ទោះ​​បី​ចលនា​វាយ​​ចេញ​របស់គេមិន​សូវ​រហ័សរហួន​​ប៉ុន្មាន​ តែ​កម្រ​ខុស​ទិស​ដៅ​ណាស់​ ។ សារឹម​ ងា៉ា ​ចេះ​រក្សា​​កម្លាំង​​បាន​ល្អ​​ អាច​ប្រកួត​​បាន​៥​ទឹក​​ពេញ​មិន​ងាយ​​ហត់​ទេ ។

​ចំណែក ​ចេង រិទ្ធី​​ វិញ​​​បច្ចេកទេស​​ប្រកួត​​​​របស់​​គេមិន​ចាញ់​ សារឹម ង៉ា ​ប៉ុន្មាន​​ឡើយ ​ទាំង​ស្នៀត​​កណ្តាប់​​ដៃ​​​ និង​ស្នៀត​​ជើង ​គឺ​​អាច​ទាត់​​ចេញ​បាន​​​យ៉ាង​រហ័ស​ ​។ ចលនា​​​​វាយ​លុក​​មិន​​រហ័ស​​ពេក​ ​ហើយ​​ក៏​មិន​យឺត​​ពេក ​រីឯ​ចិត្ត​​របស់​គេ​​វិញក៏សឿង​​ខ្លាំង​​ណាស់​​ដែរ ។ ​គូ​នេះ​​ មិន​​ធ្លាប់​​ប៉ះ​គ្នា​​ពី​មុន​​មក​ឡើយ ​​​ដូច្នេះ​​មាន​តែ​រង់​ចាំ​មើល​ ​តើ​អ្នក​ណា​​គ្រាន់​​បើ​ជាង​​អ្នក​ណា ។

រី​ឯ​គូប្រកួត​​ប្រចាំ​សប្តាហ៍​នេះ​ដែរ​ ​វ៉ាន់ ​ចាន់​វេត​ មក​ពី​ក្លិប​សិង្ហ​កីឡា ជួប​​ប្រកួត​​ជាមួយ​ រឿម ​វណ្ណៈ ​មក​ពី​​សមាគម​​កីឡា​ប្រដាល់​​ក្រសួង​​ការ​​ពារ​ជាតិ​ ។​ ក​ីឡាករ​​ ​​ធា រិទ្ធី​ ​មក​ពីក្លិប​​​អេ​ភូ​ថង​កីឡា​ ជួប​ប្រកួត​ជាមួយ​កីឡាករ​ លាភ សំណាង​ ​មកពី​ក្លិប​​កង​ពល​តូច​​លេខ​៧០ ។ ​កីឡាករ​​​ វែ៉ន ជីវ៉ុង មក​ពីក្លិបកង​​​កេង​​​កីឡា​ខេត្ត​បាត់​ដំបង ​​​ជួប​​ប្រកួត​​ជាមួយ​កីឡាករ​ អុី ប៊ុន​ថា មកពីក្លិប​​​​​អេភូ​ថង​កីឡា ។​​

កីឡាករ​ សុខ វាសនា ​មក​ពី​ក្លិប​​ឃ្លាំង​​​មឿង​កីឡា​ ប្រកួត​ជា​មួយកីឡា​ករ​ ​ឆាន់ ជឿន ​មក​ពី​ក្លិប​​រស្មីកុមារ​កំព្រា​ ។ ​ កីឡាករ​ ​ហង្ស រស្មី ​មក​ពីក្លិប​​ខ្លារ​ខិន​គុន​ខ្មែរ ជួប​​ប្រកួត​​ជាមួយ​​កីឡាករ​ ធារ៉ា សារ៉ាក់ ​មក​ពីក្លិប​និទាន​​សែន​​ជ័យ​ និង​កីឡា​ករ​ ម៉ៃ ថៃ​ប៊ិប មកពី​ក្លិប​​សមាគមកីឡា​ប្រដាល់​​ក្រសួង​​កសិកម្ម​​ ប្រកួត​​ជា​​លក្ខណៈ​​សាកល​​ជាមួយ​កីឡាករ យឹម សាវុធ ​មក​ពីក្លិប​​​ភ្នំ​ពេជ្រ​កីឡា ៕