រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យសប្តាហ៍នេះ កីឡាករឱម សំរេច អ្នកប្រដាល់មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១ នឹងជួបសាកកណ្តាប់ដៃជាមួយកីឡាករ ភិរម្យ ភក្តី អ្នកប្រដាល់ក្លិបរកាខ្នុរបង្ក្រាបគ្រឿងញៀន នៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោ ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនធ្លាប់ប៉ះគ្នាពីមុនមកទេ ទើបអ្នកស្នេហាវិស័យកីឡាប្រដាល់ពិបាកទស្សន៍ទាយថា តើរវាងកីឡាករជើងខ្លាំងទាំងពីរនាក់នេះនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ។
បើទោះជាកីឡាករ ឱម សំរេច និងកីឡាករ ភិរម្យ ភក្តី សុទ្ធតែមានប្រវត្តិឡើងសង្វៀនប្រកួតរាប់ភ្លេច ប៉ុន្តែពួកគេមិនធ្លាប់ជួបគ្នាម្តងណាឡើយ ។ ដូច្នេះហើយ ទើបជំនួបលើកទី១រវាងជើងខ្លាំងវ័យក្មេងទាំងពីរនេះ កំពុងធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងរង្វង់អ្នកស្នេហាកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ នាល្ងាចថ្ងៃអាទិត្យនេះ ។ កីឡាករភិរម្យ ភក្តី គឺជាអ្នកប្រដាល់ស្រករមុន ដែលធ្លាប់ឡើងរេញមានឈ្មោះបោះសំឡេងតាងពីអំឡុងឆ្នាំ២០០២-២០០៣ ចំណែកកីឡាករ ឱម សំរេច ទើបតែចាប់ផ្តើមឡើងរេញនៅឆ្នាំ២០០៩ ប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីបច្ចេកទេស និងស្នាដៃប្រកួតវិញ គឺកីឡាករទាំងពីរហាក់មិនមានចំណុចចាញ់ឈ្នះគ្នានោះឡើយ បើទោះជាកីឡាករ ភិរម្យ ភក្តី មានបទពិសោធន៍ច្រើងជាងដល់ទៅ៦-៧ឆ្នាំ ហើយអាចថា មានទិចនិកប្រកួតល្អជាងកីឡាករ ឱម សំរេច ក្តី ។ ទោះយ៉ាងណា បើនិយាយពីកម្លាំងស៊ុហ្វវិញ គឺអាចថា ឱម សំរេច ខ្លាំងជាងដោយសារតែគេក្មេងជាង ហើយត្រូវគេចាត់ទុកថាជាកីឡាករដែលមានកម្លាំងស្ទុះល្អជាង ។
ភិរម្យ ភក្តី មានកណ្តាប់ដៃខ្លាំង និងមានស្នៀតជង្គង់ល្អតែវាយចេញរាងយឺត ដោយសារគេសន្សំសំចៃកម្លាំងទុកវាយនៅទឹកចុង
ក្រោយ ។ ប្រកួតចុងក្រោយគេឈ្នះកីឡាករ ខុម ពិសិដ្ឋ អ្នកប្រដាល់មកពីក្លិបអូដឹមកីឡាដោយពិន្ទុ ។ ដោយឡែក ឱម សំរេច មានជំនាញក្នុងការប្រើជើងទាត់ និងកណ្តាប់ដៃ តែជង្គង់នៅស្ទើរជាង ភិរម្យ ភក្តី បន្តិច ។ ប្រកួតចុងក្រោយគេចាញ់កីឡាករ អ៊ុំ ចំរើន អ្នកប្រដាល់មកពីក្លិបតាឡីដំរីមានប្ញទ្ធិដោយពិន្ទុ ។ ទោះជាយ៉ាងណាសម្រាប់ការជួបគ្នារវាង ភិរម្យ ភក្តី និង ឱម សំរេច នាពេលនេះ គេនៅតែពុំហ៊ានទស្សន៍ទាយថា នរណាជាអ្នកឈ្នះនៅឡើយទេ ដូច្នេះមានតែចាំមើលទាំងអស់គ្នា ។
ដោយឡែកចំពោះការប្រកួតកីឡាប្រដាល់នៅសង្វៀនកោះពេជ្រដែលរៀបចំឡើងដោយទូរទស្សន៍បាយ័នព័ត៌មាននាថ្ងៃអាទិត្យនោះដែរ កីឡាករ នុត នីសសាន់ មកពីក្លិបចាក់អង្រែ ប្រកួតជាមួយកីឡាករ ចាន់ ឡហាន មកពីក្លិបយុវជនកីឡាខេត្តកណ្តាល ។ កីឡាករ ពេជ្រ សំពៅ មកពីក្លិបបុរីរាជសីហ៍មានប្ញទ្ធិ ប្រកួតជាមួយកីឡាករ ផាន់ ពិសិដ្ឋ មកពីក្លិបគជសារកីឡា ។ កីឡាករ ថៃ ប៊ុនហាន មកពីក្លិបបុរីនាគរាជ ប្រកួតជាមួយកីឡាករ សីុថា សារ៉ាន់ មកពីក្លិបសីុម៉ាក់ ។ កីឡាករ នួន ភិរក្ស មកពីក្លិបក្រសួងមហាផ្ទៃ ប្រកួតជាមួយកីឡាករ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ និងគូចុងក្រោយកីឡាករសុខ វីរៈ មកពីក្លិបកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រកួតជាមួយកីឡាករ ឌួង សុវណ្ណឌឿង មកពីក្លិបមោងប្ញស្សី ៕
ចែករំលែកព័តមាននេះ