ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​បូក​សរុប​លទ្ធ​ផល​​ការ​អនុវត្ត​​ស្តី​ពី​ភាព​ជា​ដៃ​គូ​សហគមន៍​ដើម្បី​សុវត្ថិ​ភាព​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ​​​​ ៖ ​នៅ​សាល​ប្រជុំ​​នៃ​ស្នង​ការ​​ដ្ឋាន​នគរ​បាល​ខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ សីហា ​មាន​រៀប​ចំ​​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ស្តី​ពី​ភាព​​ជា​ដៃ​គូ​សហគមន៍​​ដើម្បី​សុវត្ថិ​ភាព ក្នុង​ការ​ឆ្លើយ​តប​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍​​ និង​ជំងឺ​អេដស៍ ការ​ប្រើ​បំពាន​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស​​ និង​ការ​ពារ​អនី​តិ​ជន ។ កម្ម​វិធី​នេះ​រៀប​ចំ​​ឡើង​ដោយ​លេ​ខា​ធិការ​ដ្ឋាន​​អេដស៍​​ក្រសួង​មហា​ផ្ទៃ ឧបត្ថម្ភ​ដោយ USAID​​/​ប្រសិទ្ធិ ​ក្រោម​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ​ស៊ុម ​ស្នង​ការ​នគរ​បាល​ខេត្ត​ ដោយ​​មាន​ការ​ចូល​រួម​ពី​តំណាង​​អង្គ​ភាព និង​អង្គ​ការ​​សង្គម​ស៊ី​វិល​ជា​ដៃ​គូ​ពាក់​ព័ន្ធ​​ជា​ច្រើន​ទៀត​ ។

លោក​ស្រី​និត សុ​ផា តំណាង​អង្គការ FHI 360 បាន​​លើក​ឡើងពី​​​ការ​ចូល​រួម​របស់​​បណ្តា​អង្គភាព​ពាក់​ព័ន្ធ​ ក្នុង​ការ​រួម​គ្នា​ផ្សព្វ​ផ្សាយ​​ទប់​ស្កាត់​​ពី​បញ្ហា​​​​រីក​រាល​ដាល​នៃ​មេ​រោគ​អេដស៍ ​ជំងឺ​​អេដស៍​ ការ​ប្រើ​បំពាន​គ្រឿង​​​ញៀន ការ​ជួញ​​ដូរ​មនុស្ស​ និង​ការ​ពារ​អនី​តិ​ជន​​នា​ពេល​កន្លង​​មក ហើយមក​​ដល់​បច្ចុប្បន្ន​​​បញ្ហា​ទាំង​នោះ​បាន​ថយ​ចុះ ។
លោក​វេជ្ជ​បណ្ឌិត​ ឡេ ច័ន្ទ​សង្វាត អនុ​ប្រធាន​មន្ទីរ​​សុខា​ភិបាល​ខេត្ត​​ និង​​លោក​វេជ្ជ​បណ្ឌិត​​​ ហ៊ី សុមេធ ប្រធាន​ការិយាល័យ​អេដស៍​ក្រសួង​មហា​ផ្ទៃ​ថ្លែង​ថា ​មន្ទីរ​​សុខា​ភិបាល​គឺ​ជា​សេ​នា​ធិការ​ឱ្យ​​គណៈ​បញ្ជា​ការ​ឯក​ភាព​រដ្ឋបាល​ខេត្ត​ ហើយ​កន្លង​មក​​មន្ទីរ​បាន​សហការ​ជា​មួយ​ដៃ​គូ​សហគមន៍ អង្គការ​នានា ធ្វើ​កិច្ច​ការ​ងារ​​​ខាង​ផ្សព្វ​ផ្សាយ​​ អប់​រំ​​ពី​បញ្ហា​មេ​រោគ​អេដស៍​ ជំងឺ​អេដស៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍ និង​ព្យាបាល​​អ្នក​ផ្ទុក​មេ​រោគ​អេដស៍ ​ជំងឺ​អេដស៍ ។ ជា​ពិសេស ​ធ្វើ​ការ​អំ​ពាវ​នាវ​​ដល់​ប្រជា​ពលរដ្ឋ​​ក្នុង​សហគមន៍ មិន​ត្រូវ​រើស​​អើង​​អ្នក​​ផ្ទុក​មេ​រោគ​អេដស៍ ជំងឺ​អេដស៍ គឺធ្វើ​យ៉ាង​ណា​​ត្រូវ​រួម​គ្នា​ផ្តល់​កម្លាំ​ង​​ចិត្ត​ដល់​ពួក​គាត់ ។ ជា​មួយ​នេះ​ ចំពោះ​​អ្នក​ប្រើ​បំពាន​គ្រឿង​ញៀន​​ មន្ត្រី​មន្ទីរ​​សុខា​ភិបាល​​ក៏​ធ្វើ​​ការ​ព្យាបាល​​នៅ​តាម​មណ្ឌល​ក្នុង​ខេត្ត​ និង​​នៅ​តាម​សហគមន៍​​ផង​ដែរ ។

លោក​វេជ្ជ​បណ្ឌិត​ ហ៊ី សុ​មេធ ​បញ្ជាក់​ថា​ លេខា​​ធ​ិការ​ដ្ឋាន​អេដស៍​ក្រសួង​មហា​ផ្ទៃ គឺ​ជា​សេ​នា​ធិការ​ឱ្យ​ក្រសួង​​មហា​ផ្ទៃ ហើយ​ភាព​ជា​​ដៃ​គូ​សហគមន៍​នេះ បាន​ចាប់​ផ្តើម​អនុវត្ត​​សាក​ល្បង​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​តាំង​ពី​ឆ្នាំ​២០១១ និង​​កំពុង​បន្ត​​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ​គម្រោង​​​នេះ​ដឹក​នាំ​​អនុវត្ត​​ដោយ​លេ​ខា​ធិការ​ដ្ឋាន​​អេដស៍​ក្រសួង​មហា​ផ្ទៃ​​ សហការ​ជា​​មួយអង្គ​ការ​ FHI 360 ក្រោម​ជំនួយ​ថវិកា​ដោយ USAID តាម​រយៈ​​​គម្រោង​​ប្រសិទ្ធិ​ ។ ​ការ​អនុវត្ត​​គម្រោង​​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​រលូន ក៏​ដោយ​សារ​មាន​ការ​គាំ​ទ្រ​​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង​​មហា​ផ្ទៃ​ និង​ថ្នាក់​ដឹក​នាំ​ខេត្ត​ ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត មន្ទីរ​​សុខា​ភិបាល​ខេត្ត​ អាជ្ញា​ធរ​ដែន​ដី ​ព្រម​ទាំង​ការ​ចូល​រួម​​របស់​សង្គម​​ស៊ី​វិល ម្ចាស់​គ្រឹះ​ស្ថាន និង​ក្រុម​គោល​ដៅ​យ៉ាង​សកម្ម​ផង​ដែរ ។ ​គម្រោង​នេះ​មាន​គោល​បំណង​​ដើម្បី​បង្កើន​បរិយាកាស​​គាំ​ទ្រ​​ទៅ​ដល់​ក្រុម​ប្រជា​​​ជន​ដែល​ប្រឈម​មុខ​​ខ្ពស់​​​​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​​ពី​មេ​រោគ​អេដស៍ ជំងឺ​អេដស៍ ការ​ប្រើ​​បំពាន​គ្រឿង​​ញៀន សុខ​ភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​ ស្រោម​អនាម័យ ការ​ទទួល​​បាន​នូវ​សេ​វា​សុខ​ភាព​សង្គម និង​អាច​រស់​នៅ​ក្នុង​បរិយា​កាស​​ដែ​ល​មិន​​មាន​ការ​បៀត​បៀន​ពី​​អំពើ​ផ្លូវ​ភេទ ។

មាន​ប្រសាសន៍​​បើក​កិច្ច​ប្រជុំ​​ លោក​ឧត្តម​សេនីយ៍​ត្រី ខេង​ ស៊ុម​ ស្នង​ការ​​នគរ​បាល​ខេត្ត​​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​យក​ចិត្ត​ទុក​​ដាក់​របស់​ភាព​ជា​ដៃ​គូ​សហគមន៍​ រួម​គ្នា​ទប់​ស្កាត់​ការ​​រីក​រាល​ដាល​មេ​រោគ​អេដស៍ ជំងឺ​អេដស៍ ការ​ប្រើ​បំពាន​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ពារ​អនីតិ​ជន ។ ទន្ទឹម​នោះ​យើង​​ទាំង​អស់​គ្នា​​ក៏​ត្រូវ​រួម​គ្នា​ទប់​ស​្កាត់​​ជំងឺ​គ្រុន​ចាញ់​ផង​ដែរ ​ពិសេស​កម្លាំង​​​នគរ​បាល​​ដែល​ឈរ​ជើង​​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន ។ លោក​ស្នង​ការ​បាន​បញ្ជាក់​ថា រាល់​​កិច្ច​ការ​អ្វីៗ​​សម្រេច​​ទៅ​បាន​គឺ​អាស្រ័យ​​ទៅ​លើ​​សុខ​ភាព បើ​សុខ​ភាពយើង​ទ្រុឌ​ទ្រោម​ហើយ​នោះ ទោះ​បី​ជា​​កិច្ច​​ការ​នោះ​​​ស្រាល​ក៏​មិន​អាច​សម្រេច​​បាន​ឡើយ ៕