ខេត្តរតនគិរី ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានសហការជាមួយកម្លាំងប៉េអឹមលើផ្ទៃប្រទេស និងកម្លាំងចម្រុះរបស់ខេត្ត ចុះបង្ក្រាបតាមភោជនីយដ្ឋានចំនួន៧កន្លែង ដោយរឹបអូសបានសាច់សត្វព្រៃគ្រប់ប្រភេទចំនួន៣០គីឡូក្រាម ។ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ សីហា តាមហាងធំៗ ក្នុងក្រុងបានលុងដែលសម្បូរដោយមុខម្ហូបសាច់សត្វព្រៃគ្រប់ប្រភេទ ។
ទាក់ទិននឹងប្រតិបត្តិការខាងលើត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើឱ្យដឹងថា ការចុះបង្ក្រាបនេះបានរឹបអូសសាច់សត្វព្រៃ៨មុខ គឺ១- អណ្តើកភ្នំរឹបអូសបាន៧គីឡូក្រាម ២- កន្ធាយ១១,៥០គីឡូក្រាម ៣- ប្រមាចំនួន១,៥០គីឡូក្រាម ៤- ឈ្លូសចំនួន៨,៥០គីឡូក្រាម ៥- ប្រើស៣,៥០គីឡូក្រាម ៦- ត្រកួតចំនួន២គីឡូក្រាម ៧- ជ្រូកព្រៃចំនួន២,២០គីឡូក្រាម ៨- ទន្សាយគល់១,៥០គីឡូក្រាម ។
ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើឱ្យដឹងទៀតថា មុននឹងចុះបង្ក្រាប គឺបានដាក់កម្លាំងស៊ើបអង្កេតជាយូរថ្ងៃមកហើយ ចំណែកសាច់សត្វព្រៃដែលរឹបអូសបានតាមភោជនីយដ្ឋានចំនួន៧កន្លែងនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានយកទៅកប់ចោលនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ នៅល្ងាចថ្ងៃដដែលនោះដែរ លោកវង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋថា គ្មានការជួញដូរសត្វព្រៃ គ្មានការសម្លាប់សត្វព្រៃទេ ។ បើបងប្អូនប្រជាពលរដ្ឋដាក់អន្ទាក់ ឬបរបាញ់សត្វព្រៃត្រូវបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ពីព្រោះសត្វព្រៃគ្រប់ប្រភេទជារបស់ពួកយើងទាំងអស់គ្នា សូមចូលរួមជួយការពារសត្វព្រៃជាទ្រព្យសម្បត្តិរួម ៕



ចែករំលែកព័តមាននេះ