ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី២៤ សីហា ថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នាសប្តាហ៍នេះបានចុះទៅពិនិត្យកងឯកភាពកាំភ្លើងធំនារីមួយស្ថិតនៅរណសិរ្សភាគខាងកើត ។ ការចុះទៅកាន់កងឯកភាពកាំភ្លើងធំនារីនោះធ្វើឡើង១សប្តាហ៍ក្រោយពីលោកគីម ជុងអ៊ុន ចុះទៅពិនិត្យកងឯកភាពយោធាមួយនៅខ្សែរណសិរ្សជិតព្រំដែនជាមួយកូរ៉េខាងត្បូង ។
KCNA អះអាងថា មេបញ្ជាការជាន់ខ្ពស់របស់កងទ័ពប្រជាជនកូរ៉េលោកគីម ជុងអ៊ុន បានចុះទៅពិនិត្យកងអនុសេនាតូច KAMNA- MU ជាកងកាំភ្លើងធំរបស់យុទ្ធនារីមួយ ។ ពីមុនមក លោកគីម អុីលស៊ុង និងលោកគីម ជុងអីុល តែងទៅកាន់បណ្តាកងឯកភាពយោធាដែលមានសុទ្ធតែនារីនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ។
លោកគីម ជុងអ៊ុន ថ្លែងទៅកាន់បណ្តាយុទ្ធនារីថា លោកមានទំនុកចិត្តខ្លាំងចំពោះចំនួនកងទ័ពនៅរណសិរ្សខាងកើត និងបណ្តានារីបដិវត្តន៍ដែលប្រចាំការនៅរណសិរ្សនោះ ។ មេដឹកនាំកូរ៉េខាងជើងបានស្នើឱ្យរក្សាការប្រកាសអាសន្នខ្ពស់តាមដានសមយុទ្ធយោធារួមរបស់ពួកសត្រូវត្រៀមសម្រាប់ទប់ទល់នឹងសង្គ្រាមឈ្លានពានមួយ ។ ដោយចង់សំដៅលើសមយុទ្ធយោធារួមប្រចាំឆ្នាំរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក លោកគីម ជុងអ៊ុន ក៏បានចេញបញ្ចាផងដែរថា «ចូរបញ្ជូនពួកសត្រូវទៅបាតសមុទ្រក្នុងករណីមានការលុកលុយ» ។
ការចុះត្រួតពិនិត្យកងឯកភាពយោធានៅលើរណសិរ្សលើកទី២នេះរបស់លោកគីម ជុងអ៊ុន ក្នុងអំឡុងពេលតែ១សប្តាហ៍ត្រូវបានគេចាត់ទុកថា ជាចម្លើយតបមួយចំពោះសមយុទ្ធរួមរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានឈ្មោះថាULCHI FREEDOM GUARDIAN ដែលចាប់ផ្តើមក្នុងដែនទឹកកូរ៉េខាងត្បូង កាលពីថ្ងៃទី២០ សីហា ។ សមយុទ្ធនេះដែលបញ្ចប់រហូតដល់ថ្ងៃទី៣១ សីហា ចូលរួមដោយទាហានកូរ៉េខាងត្បូង៥៦.០០០នាក់ និងទាហានអាមេរិក៣០.០០០នាក់ ៕
ចែករំលែកព័តមាននេះ