ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិ​ភូ​​ថៃ​ជួយ​ឧបត្ថម្ភ​ភួយ100​ដល់​មន្ទីរ​ពេទ្យ​កុមា​រ​ជាតិ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ដោយ​​មាន​បំណង​ចង់​បង្កើត​​កិច្ច​​សហប្រតិបត្តិ​ការ​លើ​វិស័យ​សុខា​​ភិបាល​ជា​​​មួយ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ គណៈ​ប្រតិ​ភូ​មន្ទីរ​ពេទ្យ​ PHYA THAIទី​២ ​នៅ​ទី​ក្រុង​បាង​កក​​​ ប្រទេស​ថៃ​ បាន​អញ្ជើញ​​មក​បំពេញ​ទស្សន​កិច្ច​​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ដោយ​​នាំ​មក​ជា​មួយ​​នូវ​អំណោយ​​ជា​ភួយ​ចំនួន​១០០ ​ផង​ដែរ ​ដើម្បី​ប្រគល់​ជូន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ក្រោម​អធិបតី​ភាព​​លោក​សាស្ត្រា​ចារ្យ​ ម៉ម វិទ្យា​រិទ្ធ​ ប្រធាន​ការិយាល័យ​បច្ចេក​​ទេស និង​ជា​គ្រូ​ពេទ្យ​​​វះ​កាត់​​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​ គណៈ​ប្រតិ​ភូ​ថៃ​បាន​ថ្លែង​​ឱ្យ​ថា ​ជា​រៀង​រាល់​ឆ្នាំ​គណៈ​ប្រតិ​ភូមន្ទីរ​ពេទ្យ​ PHYA THAI ទី​២ ​តែង​តែ​មក​បំពេញ​ទស្សន​កិច្ច​​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​ចុះ​​សាក​សួរ​​សុខ​ទុក្ខ​​​អ្នក​ជំងឺ​កម្ពុជា​ដែល​បាន​អញ្ជើញ​​​ទៅ​ព្យាបាល​​ជំងឺ​នៅ​មន្ទីរ​ពេទ្យ PHYA THAI ​ថា ​តើ​ពួក​គេ​មាន​សេចក្តី​សុខ​​ទុក្ខ​​​យ៉ាង​ណា​​ ហើយ​ជា​សះ​ស្បើយ​ហើយ​ឬ​នៅ ។ ម៉្យាង​ទៀត​នៅ​ក្នុង​​ដំណើរ​​​បំពេញ​ទស្សនកិច្ច​​នោះ​ គណៈ​ប្រតិ​ភូ​មន្ទីរ​ពេទ្យPHYA THAI តែង​តែ​នាំ​​មក​ជា​មួយ​នូវ​អំណោយ​ជា​ភួយ​ដើម្បី​ផ្តល់​ជូន​ដល់​ស្ថាប័ន​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ដូច​ជា ​​ខុទ្ទកាល័យ​​ព្រះ​បរម​រាជ​វាំង​ រាជ​បណ្ឌិត​​្យ​សភា​កម្ពុជា ​កាក​បាទ​ក្រហម​កម្ពុជា​​ ហើយ​ពេល​នេះ គឺ​នាំ​យក​មក​ជូន​មន្ទីរ​​ពេទ្យ​កុមារ​ជាតិ​ ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​របស់​មន្ទីរ​​ពេទ្យ​​​កុមារ​ជាតិ​ថា​តើ​មាន​បញ្ហា​អ្វី​ខ្លះ ដែល​មន្ទីរ​​ពេទ្យ PHYA THAI ទី​២អាច​​ជួយ​បាន​នៅ​ពេល​អនាគត ។ ​មន្ទីរ​ពេទ្យ PHYA THAI ទី​២​ ជា​មន្ទីរ​ពេទ្យ​ដ៏​​ធំ​មួយ​នៅ​ក្នុង​ទី​ក្រុង​​បាង​កក មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​ការ​មើល​ថែ​ទាំ​​ស្ត្រី និង​ទារក ​ដោយ​ក្នុង​មួយ​ខែៗ​មាន​ស្ត្រី​ចំនួន​ជាង​១០០​​នាក់ បាន​សម្រាល​កូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ ក្នុង​នោះ​ក៏​មាន​ស្រ្តី​ទៅ​ពី​ប្រទេស​​កម្ពុជា​មួយ​ចំនួន​​​ដែរ ។

លោក​សាស្ត្រា​ចារ្យ​​ ម៉ម វិទ្យារិទ្ធ​ បាន​​​​ជម្រាប​ជូន​​គណៈ​ប្រតិ​ភូ​អំពី​ស្ថាន​ភាព​ព្យាបាល​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ថា ​មន្ទីរ​ពេទ្យ​​​កុមារ​ជាតិ​ទទួល​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​ទាំង​ធ្ងន់ ទាំង​ស្រាល និង​មាន​​វះ​កាត់​​ផង​ដែរ ជា​ពិសេស​​គឺ​បញ្ហា​មិន​​​លូត​លាស់ ។ ការ​ពិត​​ មន្ទីរ​ពេទ្យ​​កុមារ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧៤-១៩៧៥ ​តែ​មិន​ទាន់​បាន​ដំណើរ​​ការ​ផង​ ស្រុក​ទេស​ក៏​ត្រូវ​ខ្មែរ​ក្រហម​កាន់​ក​ាប់​ ហើយ​ក្រោយ​ថ្ងៃ​​រំដោះ​​​ឆ្នាំ​១៩៧៩ មន្ទីរ​ពេទ្យ​នេះ ក៏​​បាន​​ដាក់​ឱ្យ​ដំណើរ​​ការ​ដែល​ពេល​នោះ​មាន​គ្រូ​ពេទ្យ​តែ​ម្នាក់​គត់​សម្រាប់​​ធ្វើ​ការ​​ជា​​ក្រុម​ជា​មួយ​ក្រុម​បេសកកម្ម​របស់​អង្គ​ការ​​ទស្សនៈ​​ពិភព​លោក​​៤​រូប ។ ​បច្ចុប្បន្ន​ មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ទទួល​​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល​ឱ្យ​ប្រែ​ក្លាយ​ជា​គ្រឹះ​ស្ថាន​សាធារណៈ​រដ្ឋ​បាល ៕