ខេត្តតាកែវ ៖ សត្វតុកកែចំនួន៣១គីឡូក្រាមស្មើនឹងជាង៣០០ក្បាលដែលបម្រុងចុះទូកយកទៅលក់នៅវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបកាលពីថ្ងៃទី២១ សីហាវេលាម៉ោង៨និង១៥នាទីយប់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកគិរីវង់បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពីបណ្តាញថា មានឈ្មួញលួចនាំសត្វតុកកែដោយដឹកតាមរថយន្តយកទៅលក់នៅវៀតណាមនោះ ទើបយើងសុំបទបញ្ជាពីលោកមេបញ្ជាការខេត្តរួចលោកមេបញ្ជាការបានបញ្ជាឱ្យធ្វើយ៉ាងណាត្រូវតែចាប់រថយន្តល្មើសនោះឱ្យខាងតែបាន ។ ក្រោយពីទទួលបានបទបញ្ជានេះ លោកមេបញ្ជាការស្រុកក៏ដាក់កម្លាំងចាំពួនស្ទាក់នៅចំណុចខាងលើហើយបានជួបពិតប្រាកដមែន ខណៈឈ្មួញបម្រុងលើកចុះពីរថយន្តដាក់ទៅក្នុងទូកក៏បង្ក្រាបជាក់ស្តែងតែម្តង ។ មន្ត្រីដដែលបានបន្តទៀតថា ក្រោយការចាប់នេះក៏មានទាហានការពារព្រំដែនគោកចំនួន៣ទៅ៤នាក់បានមកសុំសម្របសម្រួល តែលោកមេបញ្ជាការខេត្តអត់យល់ព្រមរួចក៏បានបញ្ជូនមកខេត្តដើម្បីពិនិត្យបន្ថែម ។
លោកវរសេនីយ៍ត្រី ចាន់ ជៀប នាយការិយាល័យស្រាវជ្រាវនៃកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា រថយន្តដឹកតុកកែនេះម៉ាកកូរ៉ូឡាពណ៌ប្រផេះ បើកបរដោយឈ្មោះគឹម នី ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តុរស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយសត្វតុកកែជាង៣០០ក្បាល នៅពេលពិនិត្យចប់សព្វគ្រប់បានប្រគល់ទៅឱ្យមន្ត្រីរដ្ឋបាលព្រៃឈើយកទៅលែងនៅភ្នំតាម៉ៅ ។ លោកគឹម នី ដែលជាម្ចាស់សត្វតុកកែនិយាយប្រាប់ថា គាត់ដើរប្រមូលទិញសត្វតុកកែនេះពីខេត្តពោធិ៍សាត់យកទៅលក់នៅវៀតណាមតាមច្រកស្រុកគិរីវង់ និងបានបង់លុយទៅឱ្យមន្ត្រីប៉េអឹមខេត្តមួយរូបក្នុង១ខែ១៥០ដុល្លារ ។ មុនពេលចាប់នេះ ខណៈរថយន្តមកដល់ស្រុកទ្រាំងត្រូវប៉េអឹមនៅទីនោះចាប់ឃាត់រួចទារលុយគាត់ចំនួន១.០០០ដុល្លារ តែគាត់មានតែ២០០ដុល្លារ ក៏ឱ្យទៅ ។ ពេលទទួលលុយហើយនោះនិយាយប្រាប់គាត់កុំឱ្យថា ប៉េអឹមស្រុកទ្រាំងយកអីត្រូវនិយាយថា ប៉េអឹមលើផ្ទៃប្រទេសជាអ្នកចាប់ លុះពេលប៉េអឹមលែងស្រាប់តែទាហានដឺបេខេត្តចាប់ទៀតទាល់តែបង់លុយឱ្យទើបលែងវិញ ។ លុះដល់កន្លែងចុះទូកទៅហើយស្រាប់តែប៉េអឹមស្រុកគិរីវង់ចាប់តែម្តង ៕


ចែករំលែកព័តមាននេះ